រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ បានស្នើសុំជាផ្លូវការឲ្យភាគីថៃ ទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ចំនួន ១៥នាក់ ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតំបន់ប្រាសាទព្រះវិហារ និងសុំឲ្យភាគីថៃ ទៅចូលរួមនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការព្រំដែនកម្ពុជា និងថៃ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្រោមការឃ្លាំមើលដោយភាគីទី៣នោះ។
ការលើកសំណើជាថ្មីនេះ បានធ្វើទ្បើងនៅក្នុងជំនួបនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ រវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាមួយឯកអគ្គរាជទូតថៃ លោក ប្រាសាស ប្រាសា វីនិតឆៃ (Prasas Prasas Vinitchai) ដែលត្រូវចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៥ ខែមីនាថា ៖ «ភាគីទាំងពីរបានពិភាក្សាគ្នាដោយបានឯកភាពថា យើងខិតខំដោះស្រាយបញ្ហាព្រំដែនរវាងគ្នា និងគ្នានេះដោយសន្តិវិធី ដោយការយោគយល់គ្នាទៅវិញទៅមក មានន័យថា ដោះស្រាយនេះ ទោះបីជាដោះស្រាយតាមរបៀបណាក៏ដោយ របៀបទ្វេភាគីក៏ដោយ របៀបជាមិនទ្វេភាគីក៏ដោយ គឺធ្វើយ៉ាងណា គឺដោះស្រាយតាមរយៈសន្តិវិធី និងមានការយោគយល់គ្នា។ ភាគីទាំងពីរបានបញ្ជាក់ផងដែរថា យើងធ្វើយ៉ាងណា មិនធ្វើឲ្យបញ្ហានេះរាលដាលដល់វិស័យផ្សេងៗទៀតទេ»។
ប្រទេសកម្ពុជា បានប្រកាសទទួលយកអ្នកសង្កេតការណ៍ ១៥នាក់ លើបទឈប់បាញ់ពីប្រទេសឥណ្ឌូណេស៊ី រួចហើយ និងកំពុងតែត្រៀមបញ្ជូនប្រតិភូកម្ពុជា ទៅចូលរួមនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែមីនា និងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១១ ខាងមុខ នៅក្នុងទីក្រុងប៊ូហ្គួរ (Bogor) ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែភាគីថៃ មិនទាន់បានយល់ព្រមនៅទ្បើយ។
ឯកអគ្គរាជទូតថៃ លោក ប្រាសាស ប្រាសា វិនីតឆៃ ដែលត្រូវចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា ត្រូវបានដកស្រង់សម្ដីដោយលោក កុយ គួង បានមានប្រសាសន៍ថា ៖ "នៅថៃ្ងទី១៦ ខែមីនា ឆ្នាំ២០១១ ភាគីថៃ នឹងបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីពិភាក្សាលើបញ្ហានេះ ដើម្បីសម្រេចថា តើថៃយល់ព្រម ឬយ៉ាងណា?"។
ប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ភាគីកម្ពុជា នៅតែទៅចូលរួមក្នុងកិច្ចប្រជុំខាងមុខនេះ បើទោះបីជាភាគីថៃ បង្ហាញពីភាពស្ទាក់ស្ទើរក៏ដោយ ៖ «យើងនៅតែទទួលសំណើ និងការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីដដែល។ តាមព័ត៌មានគាត់ប្រាប់ខ្ញុំថា ថៃប្រជុំអ៊ីចឹងមែន គាត់នឹងទទួលយកសំណើឥណ្ឌូណេស៊ី ទៅចូលរួមដែរ»។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានឲ្យដឹងថា កម្ពុជាបានត្រៀមបញ្ជូនប្រតិភូទៅចូលរួមនៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេសឥណ្ឌូណេស៊ី ខាងមុខនេះ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ជាប្រធានគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ និងប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ លោក វ៉ា គឹមហុង៕
