លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីខ្មែរ និងជាអ្នកធ្វើកិច្ចការទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ខ្ញុំក៏អរគុណទៅដល់ប្រជាពលរដ្ឋទាំងអស់គ្នាដែរ យើងទាំងអស់គ្នាដឹងថា ប្រាសាទព្រះវិហារជារបស់យើង ហើយថៃខ្លួនឯងជារាជរដ្ឋាភិបាលក៏លោកដឹងថា ប្រាសាទព្រះវិហារតាមរយៈការកាត់ក្ដី នៅឡាអេ គឺជារបស់យើង ។ ដូច្នេះយើងគ្មានអ្វីដែលភ្ញាក់ផ្អើលទេ អានេះជាសិទ្ធិរបស់មិត្តជិតខាងរបស់យើងតើ!» ។
សេចក្តីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្រ្តីប្រទេសថៃ បានសម្រេចពន្យារក្នុងការយល់ព្រមគាំទ្រការដាក់ប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោក បន្ទាប់ពីមានការតវ៉ារបស់អ្នកប្រឆាំងនិងការសម្រេចរបស់តុលាការរដ្ឋបាលថៃ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។
គួរបញ្ជាក់ថា ក្រោយពីមានការសម្រេចរបស់កម្ពុជាក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនោះ ពីដំបូងមានការជំទាស់ពីប្រទេសថៃដោយបានអះអាងថា មានការជាប់ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ប៉ុន្តែនៅពេលក្រោយមក រដ្ឋាភិបាលខ្មែរក៏បានសម្រេចគូរផែនទីថ្មីនៃប្រាសាទដែលមានការព្រមព្រៀងជាមួយនឹងប្រទេសថៃ និងមន្ត្រីជាន់ខ្ពស់នៃអង្គការ យូណេស្កូ ផងដែរ ដោយមិនមានការទាក់ទងទៅនឹងបញ្ហាព្រំដែនឡើយ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការសម្រេចនោះត្រូវបានទទួលការរិះគន់ពីមន្រ្តីអ្នកប្រឆាំងខ្មែរ ដោយយល់ថា ការគូសផែនទីថ្មីនោះនឹងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យជាតិ ហើយនៅប្រទេសថៃឯណោះវិញ មានបាតុកម្មផ្ទុះឡើងប្រឆាំងនឹងរដ្ឋាភិបាលក្រុងបាងកកដោយចោទថា បានធ្វើឲ្យប៉ះពាល់ដល់បញ្ហាទឹកដីនិងរហូតដល់ការទាមទារយកប្រាសាទវិញផង ទោះបីជាមានការសម្រេចផ្លូវច្បាប់ជាអន្តរជាតិថា ជារបស់ខ្មែរនោះក៏ដោយ ។
ដោយសារតែមានបាតុកម្មនៅខាងប្រទេសថៃជាប់នឹងព្រំដែនប្រាសាទព្រះវិហារនោះ បានធ្វើឲ្យអាជ្ញាធរខ្មែរសម្រេចបិទច្រកព្រំដែនប្រាសាទកាលពីល្ងាចថ្ងៃទី២២ មិថុនាកន្លងទៅ រហូតមកទល់នឹងបច្ចុប្បន្ននេះ ដោយសារតែហេតុផលសុវត្ថិភាពដល់អ្នកទេសចរ ។
តាមសាក្សីដែលកំពុងរស់នៅឯប្រាសាទព្រះវិហារនាកំពូលភ្នំដងរែកបានឲ្យដឹងនៅថ្ងៃនេះថា ស្ថានភាពមានការស្ងប់ស្ងាត់នៅខាងប្រទេសថៃ ប៉ុន្តែច្រកព្រំដែននៅមិនទាន់បើកវិញនៅឡើយទេ ។
រមណីយដ្ឋានប្រាសាទព្រះវិហារត្រូវបានតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីកាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ថាជារបស់ខ្មែរ ។
នៅពេលនេះក៏មានលេចឮព័ត៌មានថា មានចលនាក្នុងប្រទេសកម្ពុជាក៏គ្រោងនឹងធ្វើបាតុកម្មផងដែរ ទាក់ទងនឹងការសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងការប្រឆាំងរបស់ថៃនោះ ៕