មន្ត្រី​យោធា​ខ្មែរ​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការផ្ទុះ​មីន​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ឡើយ

មន្រ្តី​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ​នៃ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ណា​មួយ​ចំពោះ​ការផ្ទុះ​គ្រាប់​មីន​ដែល​បណ្តាល​ឲ្យ​ទាហាន​ថៃ​ពីរ​នាក់​រង​របួស​ដាច់​ជើង កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ​ទេ ផ្ទុយ​ទៅ​វិញ ទាហាន​ថៃ​បាន​លប​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​បាន​ជាន់​គ្រាប់​មីន​ដែល​នៅ​សេស​សល់​តាំង​ពី​សម័យ​សង្រ្គាម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដែល​កម្ពុជា​បោស​សំអាត​មិន​ទាន់​អស់​នៅ​ទ្បើយ។

0:00 / 0:00

លោក​ឧត្តមសេនីយ៍​ឯក សែម សុវណ្ណនី មន្រ្តី​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​មីន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការបំភ្លឺ​មួយ ដែល​ត្រូវ​បាន​ទូរទស្សន៍​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​កម្ពុជា​បាន​ចាក់​ផ្សាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា គ្រាប់​មីន​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ និង​នៅ​តាម​ជណ្តើរ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​បោស​សំអាត​រួចរាល់​អស់​ហើយ ប៉ុនែ្ត​គ្រាប់​មីន​នៅ​តំបន់​ខ្លះ​មិន​ទាន់​ត្រូវ​បាន​បោស​សំអាត​នៅ​ទើ្បយ​បន្សល់​ទុក​តាំង​ពី​សម័យ​សង្រ្គាម​នា​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក​ម្ល៉េះ។

លោក​ឧត្ដមសេនីយ៍​ឯក សែម សុវណ្ណនី ថ្លែង​យ៉ាង​ដូច្នេះ ៖ «ថៃ​ក៏​ដឹង​ថា នៅ​ព្រំដែន​កម្ពុជា​មាន​មីន កម្ពុជា​ខ្លួន​ឯង​ក៏​ដឹង​ថា មាន​មីន​ដែរ ហើយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​គ្នា​រួច​មក​ហើយ តែ​ភាគី​ថៃ​មិន​អនុវត្ត​កិច្ច​ព្រមព្រៀង បែរ​ជា​ដោះ​មីន​ដោយ​ឯកតោ​ភាគី នេះ​ជា​កំហុស​របស់​ថៃ។ ខ្ញុំ​សូម​ជម្រាប​ថា មីន​បើ​នៅ​ស្ងៀម​គ្មាន​នរណា​ប៉ះ គ្មាន​នរណា​ជាន់ មីន​នោះ​មិន​ផ្ទុះ​ទេ»

ការបំភ្លឺ​របស់​មន្រ្តី​យោធា​ជាន់​ខ្ពស់​របស់​កម្ពុជា​ខាង​លើ​នេះ បាន​ធ្វើ​ទ្បើង​មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​ចុះ​ផ្សាយ​កាល​ពី​ថៃ្ង​ទី​១៥ ខែ​តុលា ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​មន្រ្តី​ការបរទេស​ថៃ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ថា គ្រាន់​មីន​នោះ​ត្រូវ​បាន​ភាគី​កម្ពុជា​កប់ នៅ​ក្រោយ​ឧប្បត្តិហេតុ​កាល​ពី​ថៃ្ង​ទី​៣ ខែ​តុលា កន្លង​ទៅ នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។ វា​ជា​ប្រភេទ​គ្រាប់​មីន​ផលិត​ក្នុង​ប្រទេស​រុស្ស៊ី អតីត​សហភាព​សូវៀត ដែល​ប្រទេស​ថៃ​មិន​ធ្លាប់​ប្រើប្រាស់។

ទាក់ទង​នឹង​ការចុះ​ផ្សាយ​ចោទ​ប្រកាន់​ខាង​លើ​នេះ ទាំង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទាំង​ក្រសួង​ការបរទេស​កម្ពុជា ព្រមទាំង​ទីស្តីការ​គណៈរដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ជា​ផ្លូវការ​ភ្លាម​ៗ​និង​ព្រមៗ​គ្នា​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ ជា​មួយ​នឹង​ការអះអាង​ថា កម្ពុជា​គ្មាន​ការ​ស្តុក​ទុក​គ្រាប់​មីន​ទៀត​ទេ។

លោក ផៃ ស៊ីផាន មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ការបំភ្លឺ​នោះ​មក គ្មាន​ការចោទ​ប្រកាន់​ជា​ថ្មី​ទៀត​ទេ ជុំវិញ​រឿង​នេះ ៖ «ការ​ដែល​គេ​[ថៃ]​ចល័ត​ទ័ព​មក​ជាន់​មីន បាន​សេចក្ដី​ថា នៅ​លើ​ដី​ខ្មែរ ពីព្រោះ​នៅ​លើ​ដី​ថៃ​មិន​ដែល​មាន​មីន​ណា​ផ្ទុះ​ទេ។ ទ័ព​ថៃ​ដែល​ចល័ត​ជាន់​មីន បាន​ន័យ​ថា នៅ​លើ​ដី​ខ្មែរ»

សូម​រំឭក​ថា កាល​ពី​ថៃ្ង​ទី​៦ ខែ​តុលា កន្លង​ទៅ​នេះ មាន​កង​យោធា​ថៃ​ចំនួន​ប្រមាណ ១០០​នាក់ បាន​ចល័ត​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ បណ្ដាល​ឲ្យ​មាន​ការផ្ទុះ​មីន។

ផ្អែក​តាម​ឯកសារ​កំណត់​ហេតុ​របស់​រដ្ឋាភិបាល​កម្ពុជា​អំពី​ការចល័ត​នៃ​កង​ទ័ព​ថៃ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​នោះ បាន​និយាយ​ថា ទាហាន​ថៃ​ពីរ​នាក់​បាន​ជាន់​គ្រាប់​មីន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ដោយ​ទាហាន​ថៃ​ម្នាក់​របួស​ដាច់​ជើង​ម្ខាង និង​ទាហាន​ថៃ​ម្នាក់​ទៀត​បាន​ដាច់​ជើង​ទាំង​សង​ខាង៕