កម្ពុជា​ចង់​ឲ្យ​អ្នក​វិនិយោគទុន​សហរដ្ឋអាមេរិក​បណ្ដាក់​ទុន​ឲ្យ​បាន​ច្រើន

សហរដ្ឋអាមេរិក បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ចូល​រួម​ប្រជុំ​ធុរកិច្ច​កំពូល​លើក​ដំបូង​របស់​ខ្លួន នៅ​ស្រប​ពេល​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤ នេះ គឺ​សហរដ្ឋអាមេរិក បាន​ចូល​រួម​ពាក់ព័ន្ធ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​តំបន់ ដែល​ជា​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​អាស៊ាន​ទាំង​១០។

0:00 / 0:00

ក្រុម​ពាណិជ្ជករ​កម្ពុជា ដែល​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​មើល​ឃើញ​ថា វា​ជា​ឱកាស​មាស​មួយ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​និយតកម្ម ឬ​ក៏​ច្បាប់​ឱ្យ​ប្រសើរ ក្នុង​ការ​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​អាមេរិក ឱ្យ​ចូល​មក​រកស៊ី​ក្នុង​ស្រុក​ខ្មែរ​ឱ្យ​បាន​ឆាប់​រហ័ស​នោះ។

ពាណិជ្ជករ​ខ្មែរ​ខ្លះ បាន​ឱ្យ​ដឹង​ថា គេ​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង ដោយ​សារ​កម្ពុជា​បច្ចុប្បន្ន កំពុង​តែ​មាន​សក្ដានុពល​អាច​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​សហរដ្ឋអាមេរិក ឱ្យ​ចូល​មក​បណ្ដាក់​​ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​បាន​កាន់​តែ​ច្រើន​ឡើងៗ។ សក្ដានុពល​ទាំង​នោះ គឺ​មាន​កត្តា​៣​ធំៗ ដូច​ជា​ស្ថិរភាព​ខាង​សេដ្ឋកិច្ច​លូត​លាស់ នយោបាយ និង​សង្គមកិច្ច​ជាដើម។

លោក អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​អេស៊ីលីដា (Acleda Bank) នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បាន​មាន​ប្រសាសន៍​ថា កាល​ពី​អំឡុង​ខែ​កក្កដា កន្លង​ទៅ គឺ​ក្រុម​ពាណិជ្ជករ​របស់​សហរដ្ឋអាមេរិក​ជាច្រើន បាន​មក​ឃើញ​ប្រទេស​កម្ពុជា ដោយ​បាន​ទាំង​ឃើញ​​​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីផ្សារ​របស់​ប្រទេស​កម្ពុជា ផង។ ដូច្នេះ ផ្នែក​ឯកជន​ចង់​ឱ្យ​ពាណិជ្ជករ​សហរដ្ឋអាមេរិក ទាំង​នោះ មាន​ការ​ចាប់​អារម្មណ៍ និង​ចូល​មក​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ខ្ញុំ​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ ហើយ​គេ​បាន​មក​ពិភាក្សា​គ្នា ហើយ​ស្រុក​យើង​មាន​កត្តា​ធំៗ​៣ ដែល​ផ្ដល់​ឱ្យ​គេ គឺ​កត្តា​ស្ថិរភាព​សេដ្ឋកិច្ច​លូត​លាស់ នយោបាយ និង​សង្គមកិច្ច។ អា​បី​ហ្នឹង​សំខាន់ ដែល​ជំរុញ​ឱ្យ​គេ​មក​រកស៊ី​នៅ​ក្នុង​ស្រុក​យើង ធ្វើ​ឱ្យ​ឱកាស​អាជីវកម្ម​យើង​មាន​លក្ខណៈ​ទូលំទូលាយ។ ពីព្រោះ​អី តាម​ធម្មតា កាល​ណា​មាន​ទីផ្សារ​ធំ ធ្វើ​ឱ្យ​យើង​មាន​ភាព​ងាយ​ស្រួល​ដោះដូរ​ទំនិញ ដោះដូរ​សេវាកម្ម​ផ្សេងៗ ហើយ​ជា​ឱកាស​មួយ​ដែល​ក្រុមហ៊ុន​មាន​ទីផ្សារ​ទូលាយ ធនាគារ​មាន​ទីផ្សារ​ទូលាយ»

ការ​វិភាគ​សេដ្ឋកិច្ច​មួយ បាន​មើល​ឃើញ​ថា បើ​ទោះ​បី​ជា​សហរដ្ឋអាមេរិក បាន​សម្លឹង​ឃើញ​តំបន់​អាស៊ាន គឺ​ជា​កូន​សោ និង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក៏ដោយ ក៏​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​ខ្លះ ដែល​កំពុង​អភិវឌ្ឍ ហើយ​នៅ​មាន​គម្លាត​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ឆ្ងាយ​ពី​ប្រទេស​មួយ​ចំនួន​ទៀត ដូច​ជា​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា (ភូមា) ជាដើម​នោះ នឹង​មិន​អាច​ធ្វើ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​របស់​សហរដ្ឋអាមេរិក ឱ្យ​ចូល​ទៅ​រកស៊ី​នៅ​ក្នុង​ប្រទេស​របស់​គេ ដើម្បី​ទទួល​ផល​ចំណេញ​តាម​រយៈ​តំបន់​អាស៊ាន​បាន​ឡើយ។

អគ្គលេខាធិការ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អគ្នេយ៍ (ASEAN=អាស៊ាន) យល់​ឃើញ​ថា ការ​ទាក់ទាញ​អ្នក​វិនិយោគទុន​ឱ្យ​ចូល​ទៅ​រកស៊ី​នៅ​ក្នុង​បណ្ដា​ប្រទេស​ណា​មួយ​របស់​សមាជិក​អាស៊ាន វា​គឺ​ជា​ទេពកោសល្យ​រៀងៗ​ខ្លួន។

លោក សុរិន្ទ ពិតសុវណ្ណ (Surin Pitsuwan) គឺ​ជា​អគ្គលេខាធិការ​របស់​សមាគម​អាស៊ាន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​ជួប​ប្រជុំ​ធុរកិច្ច​កំពូល​រវាង​សហរដ្ឋអាមេរិក ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន គឺ​បាន​ជជែក​អំពី​ផលិតផល​កសិកម្ម ការ​ផលិត​ស្បៀង​អាហារ ដែល​កិច្ច​ពិភាក្សា​ទាំង​នេះ គឺ​ជា​ចំណុច​ល្អ​សម្រាប់​ប្រទេស​កសិកម្ម នៅ​ក្នុង​តំបន់​អាស៊ាន ដូច​ជា​ប្រទេស​ឡាវ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា (ភូមា) និង​ថៃ ផង ដែល​អាច​ទាញ​យក​ផល​ចំណេញ​បាន។ ប៉ុន្តែ​ផល​ចំណេញ​ទាំង​នោះ​អាច​ទាក់ទាញ​មក​បាន ដោយ​ការ​ប៉ិនប្រសព្វ​ផ្នែក​ពាណិជ្ជកម្ម។

លោក សុរិន្ទ ពិតសុវណ្ណ៖ «អ្នក​មិន​អាច​ជំរុញ​ទៅ​លើ​ការ​វិនិយោគទុន​ណា​មួយ​បាន​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន គឺ​រៀបចំ​បរិយាកាស និង​មាន​ការ​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសព្វ​មួយ ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ឃើញ​ពី​សក្ដានុពល ដែល​គេ​ចង់​វិនិយោគ។ ជា​មូលហេតុ​មួយ ខ្ញុំ​តែង​តែ​និយាយ​ថា អ្នក​ទាំង​អស់​គ្នា ត្រូវ​តែ​រៀន​និយាយ​ភាសា​របស់​ទីផ្សារ។ ទីផ្សារ គឺ​ចង់​បាន​ចំណេញ​ទីផ្សារ គឺ​ចង់​បាន​អ្នក​វិនិយោគទុន។ តើ​អ្នក​ណា គឺ​ជា​អ្នក​វិនិយោគទុន? អ្នក​វិនិយោគទុន មិន​ចាំបាច់​សំដៅ​លើ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អូស្ត្រាលី សហគមន៍​អឺរ៉ុប ជប៉ុន កូរ៉េ ឬ​ក៏​ប្រទេស​ចិន នោះ​ទេ គឺ​អ្នក​វិនិយោគ​ណា​ក៏​បាន ឱ្យ​តែ​ចង់​រកស៊ី​ជាមួយ​យើង»

សហរដ្ឋអាមេរិក បាន​សន្យា​ធ្វើ​ការ​ពង្រីក​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា ផង​ដែរ។

លោក រ៉ន ខឺក (Ron Kirk) ជា​តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា ទ្វេភាគី​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយ​សន្យា​ជំរុញ​នូវ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់​តែ​ប្រសើរ។ លោក រ៉ន ខឺក បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក ក៏​បាន​ពិភាក្សា​ទៅ​លើ​ការ​បង្កើន​ការ​នាំ​ចេញ​ផ្នែក​សម្លៀកបំពាក់​ពី​កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក ដែរ។

លោក រ៉ន ខឺក៖ «ពេល​បច្ចុប្បន្ន​នេះ ការ​ទាក់ទាញ​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក មក​កម្ពុជា គឺ​មាន​នៅ​ក្នុង​ដៃ​រួច​ជា​ស្រេច​ហើយ ក៏ប៉ុន្តែ អ្វី​ដែល​អ្នក​វិនិយោគទុន​អាមេរិក ចង់​បាន គឺ​ប្រព័ន្ធ​ច្បាប់​ល្អ មាន​តម្លាភាព ប្រព័ន្ធ​ការងារ​ល្អ ជាដើម។ សហរដ្ឋអាមេរិក មិន​បាន​រើសអើង​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​ណា​មួយ ដែល​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ»

ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ចាត់​ទុក​ថា អាស៊ាន គឺ​ជា​តំបន់​ដែល​មាន​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ហើយ​សហរដ្ឋអាមេរិក នឹង​ចូល​រួម​ពាក់ព័ន្ធ​សេដ្ឋកិច្ច​របស់​អាស៊ាន បន្ត នៅ​ក្នុង​រយៈពេល​២០​ទៅ​៣០​ឆ្នាំ​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។