ខ្មែរ​ម្នាក់​លី​ឈើ​ឆ្លង​ដែន​ត្រូវ​ទាហាន​ថៃ​ចាប់​បញ្ជូន​ទៅ​កាត់​ទោស

បុរស​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​ចាប់​បញ្ជូន​ទៅ​កាត់​ទោស ខណៈ​លី​ឈើ​កែច្នៃ​លួច​ឆ្លង​ដែន​យក​ទៅ​លក់​ក្នុង​ទឹក​ដី​ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ។

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ​នៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ ចាប់​ខ្លួន​បញ្ជូន​ទៅ​កាត់​ទោស ខណៈ​ដែល​បុរស​ខ្មែរ​ម្នាក់​នោះ​និង​អ្នកភូមិ​មួយចំនួន​ទៀត​បាន​នាំ​គ្នា​ស៊ីឈ្នួល​លី​ឈើ​កែច្នៃ​ជា​កូន​ឈើ​ក្រឡឹង លួច​ឆ្លង​ដែន​ពេល​យប់​យក​ទៅ​លក់​ក្នុង​ទឹក​ដី​ថៃ​កាល​ពី​ពេល​ថ្មីៗ។

ស្ត្រី​ឈ្មោះ ចាយ ហូយ រស់​នៅ​ភូមិ​អភិវឌ្ឍន៍ ក្នុង​សង្កាត់​អូរស្មាច់​ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​ធ្នូ ថា ប្តី​របស់​គាត់​ឈ្មោះ អៀង ធា អាយុ ៤៩​ឆ្នាំ ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១២ ខណៈ​ដែល​គាត់​និង​អ្នកភូមិ ៩​នាក់​ផ្សេង​ទៀត បាន​ស៊ីឈ្នួល​លី​ឈើ​ក្រឡឹង​លួច​ចូល​ទៅ​ក្នុង​លក់​ក្នុង​ទឹក​ដី​ថៃ ហើយ​បាន​ពើប​ប្រទះ​នឹង​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​ក្រុម​របស់​ស្រុក​កាប់ជើង​ដែល​ពួនស្ទាក់​​នោះ។

អ្នកស្រី ចាយ ហូយ បាន​ឲ្យ​ដឹង​ថា ៖ «អា​ឈើ​ក្រឡឹង​តូចៗ​នោះ ឈើ​សុក្រម​និង​ឈើ​ធ្នង់ ១០​ដើម ស៊ីឈ្នួល​លី​ឲ្យ​គេ គេ​ឲ្យ ៣០០​(បាត) ក៏​លី​ទៅ! ឃើញ​គេ​ទៅ ក៏​ទៅ​នឹង​គេ​ទៅ! អត់​លុយ​ទិញ​​អង្ករ​ទិញ​អី​ហូប​ ក៏​មាន​រឿង​បណ្តោយ។ ខ្ញុំ​ទៅ​ជួប​កន្លែង​ហ្នឹង កាប់ជើង ម្សិលមិញ គេ​ថា គេ​បញ្ជូន​ទៅ​សុរិន្ទ»

ទោះ​យ៉ាង​ណា​មន្ត្រី​សាលា​ខេត្ត​ឧត្តរមានជ័យ​បាន​ឆ្លើយ​តប​ថា គេ​ពុំ​ទាន់​បាន​ទទួល​ព័ត៌​មាន​ស្តីពី​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ខ្លួន​នោះ​ទេ។

ជំនួយការ​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ឈឹម ស៊ីវុធ បាន​មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​គឺ​អាជ្ញាធរ​នឹង​ធ្វើ​ការ​ទាក់ទង​មន្ត្រី​ថៃ​ដើម្បី​សុំ​ឲ្យ​ដោះលែង​ត្រឡប់​មក​វិញ ក៏​ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​នោះ​នៅ​ឡើយ​ទេ ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​រាយ​ការណ៍​មក​ទេ។

លោក ឈឹម ស៊ីវុធ បាន​បញ្ជាក់​ថា ៖ «បើ​ចាប់ អា​ហ្នឹង​ត្រូវតែ​ធ្វើ​ការ​សុំ​មក​វិញ​ហើយ​ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បាន​ព័ត៌មាន​ខាង​ហ្នឹង​ទេ!»

ប្រធាន​ប៉ុស្តិ៏​នគរបាល​សង្កាត់​អូរស្មាច់ លោក ម៉ាក បូរិន បាន​មាន​ប្រសាសន៍​ថា ទាហាន​ថៃ​ស្រុក​កាប់ជើង​ពិត​ជា​មាន​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១០​នាក់​បាន​ស៊ីឈ្នួល​លី​ឈើ​កែច្នៃ​ក្រឡឹង​លួច​ចូល​ទៅ​លក់​ក្នុង​ទឹក​ដី​ថៃ។

មន្ត្រី​ប៉ូលិស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​ច្រក​ព្រំដែន​ខ្មែរ អូរស្មាច់ បាន​ព្យាយាម​ទាក់ទង​ថៃ​ឲ្យ​ដោះលែង​ដែរ ប៉ុន្តែ​ភាគី​ថៃ​បាន​ឆ្លើយ​តប​ថា ត្រូវ​យក​ទៅ​កាត់​ទោស​សិន។

លោក ម៉ាក បូរិន បាន​មាន​ប្រសាសន៍​ថា ៖ «ថា​ចាប់ ២​នាក់ ប៉ុន្តែ​រត់​រួច​ម្នាក់​វិញ​ហើយ។ លី​អា​ឈើ​កូន​ក្រឡឹង​យក​ទៅ​លក់​នៅ​ផ្សារ​ថៃ ហើយ​ច្បាប់​ស្រុក​គេ​ហ្នឹង​គឺ​ថា ពាក់ព័ន្ធ​អនុផល​ព្រៃ​ឈើ​ហ្នឹង​គេ​ចាប់​ហើយ កូន​ក្រឡឹង​ដូច​ជា​តុ ទូ កូន​ក្រឡឹង​ដូច​ជា​ក្បាល​ជណ្តើរ ក្បាល​អី!»

មន្ត្រី​នគរបាល​អូរស្មាច់​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៩ រហូត​មក​ដល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជាង ១០​នាក់​ហើយ​ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាត់​ទោស​ឯ​តុលាការ ពាក់ព័ន្ធ​នឹង​ការ​លី​ឈើ​ក្រឡឹង​លួច​ឆ្លង​ដែន​ចូល​ទៅ​លក់​ក្នុង​ទឹក​ដី​ថៃ៕