សម្ព័ន្ធ​សហជីព​កម្ពុជា​បើក​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​បន្ថែម​ជូន​កម្មករ

សម្ព័ន្ធ​សហជីព​កម្ពុជា បើក​យុទ្ធនាការ​​ទាមទារ​ប្រាក់​បៀវត្ស​ជូន​កម្មករ​ឲ្យ​បាន​ចន្លោះ​ពី​៦១ ដុល្លារ​ទៅ ១២០​​ដុល្លារ​ក្នុង​១ខែ​។ យុទ្ធនា​ការ​នេះ​ទាមទារ​ឲ្យ​ក្រុម​កម្មករ​ចូល​រួម​ឲ្យ​បាន​ទាំង​អស់​គ្នា។

0:00 / 0:00

លោកស្រី យ៉ាង សុភ័ណ្ឌ ជា​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា។ លោកស្រី​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ថា នឹង​ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​នា​ពេល​ខាង​មុខ បើ​ក្រសួង​ការងារ និង​រដ្ឋាភិបាល ​​មិន​បាន​ឆ្លើយ​​តប​ចំពោះ​សំណើ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​កម្មករ​ឲ្យ​បាន​សមរម្យ​នោះ​ទេ។

​​លោកស្រី​បន្ត​ថា មាន​លក្ខខណ្ឌ ៥​ចំណុច ដែល​មេដឹកនាំ​សហជីព​រូប​នេះ​កំពុង​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដល់​កម្មករ មាន​ដូច​ជា ទាម​ទារ​ប្រាក់​ធ្វើ​ដំណើរ ឬ​ថ្លៃ​ជួល​ផ្ទះ​ចំនួន ១៥​ដុល្លារ​ក្នុង​១​ខែ។ ដំឡើង​ប្រាក់​រង្វាន់​​​ទៀង​ទាត់​ចំនួន ១២​ដុល្លារ​ក្នុង​១​ខែ​។ ប្រាក់​អាហារ​ថ្ងៃ​ត្រង់​ចំនួន ៤​ពាន់​រៀល​ក្នុង​១​ពេល។ ដំឡើង​ប្រាក់​ឈ្នួល​​​ឲ្យ​បាន​​ពី ៦១​ដុល្លារ ទៅ ១២០​ដុល្លារ ក្នុង​១​ខែ និង​ជំរុញ​ឲ្យ​ថៅកែ​ក្រុមហ៊ុន រោងចក្រ ឬ​សហគ្រាស ត្រូវ​គោរព​ច្បាប់ និង​សិទ្ធិ​កម្មករ។

លោកស្រី​បាន​ស្នើ​ឲ្យ​កម្មករ​ចូល​រួម​ជាមួយ​សម្ព័ន្ធ​ឲ្យ​បាន​ច្រើន ទើប​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទទួល​បាន​ជោគជ័យ។ ​យុទ្ធនាការ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​កម្មករ​កំពុង​បម្រើ​ការងារ​តាម​រោងចក្រ​មួយ​ចំនួន ដោយ​ពួក​គេ​បាន​សន្យា​ថា នឹង​ចូល​រួម​ជំរុញ​សម្ព័ន្ធ​ឲ្យ​បាន​ទាំង​អស់​គ្នា។

លោកស្រី រ័ត្ន ចាន់ឌី ជា​កម្មការិនី​បម្រើ​ការ​នៅ​រោងចក្រ ហែនសាំ ៣ (Handsome III) បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ក្រុម​កម្មករ​កំពុង​ប្រឈម​ការ​ខ្វះខាត​ធ្ងន់ធ្ងរ ដោយសារ​តម្លៃ​ទំនិញ​កើន​ខ្ពស់ ប៉ុន្តែ​ប្រាក់​បៀវត្ស​របស់​ពួក​គេ​មិន​ទាន់​អាច​ឆ្លើយ​តប​ចំពោះ​តម្លៃ​ទំនិញ​នោះ​ទេ។

​លោក រ៉ុង ឈុន ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា។ លោក​បាន​ចាត់​ទុក​យុទ្ធនាការ​របស់​សម្ព័ន្ធ​សហជីព​​កម្ពុជា​ ថា​ជា​ការ​ឆ្លើយ​តប​បាន​ទាន់​ពេល​ក្នុង​គ្រា​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់។

លោក​ថ្លែង​បន្ត​ថា លោក​នឹង​ចូល​រួម​ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម បើ​រដ្ឋាភិបាល​មិន​បាន​ឆ្លើយ​​តប​ចំពោះ​ការ​ទាម​ទារ​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​​ឲ្យ​បាន​សមរម្យ​​ទេ​។

លោក អ៊ុំ មាន ​​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​លោក​ថ្លែង​ថា រដ្ឋាភិបាល ឬ​ក្រសួង​ការងារ តែង​បាន​ឆ្លើយ​តប​រាល់​កង្វល់​របស់​កម្មករ​​ជាប់​ជានិច្ច។

​ទោះ​យ៉ាង​ណា ​មេដឹកនាំ​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​អំពាវនាវ​ទៅ​ក្រុម-​កម្មការិនី កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្ដា​​​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​ចូល​រួម​ធ្វើ​យុទ្ធនាការ​ជាមួយ​សម្ព័ន្ធ​សហជីព​ឲ្យ​​​បាន​ទាំង​អស់​គ្នា ទើប​ការ​ទាមទារ​ទទួល​ជោគជ័យ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។