មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី១៩ ខែធ្នូ បានសម្ដែងក្ដីបារម្ភអំពីសេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកយកព័ត៌មាន ហើយបានអំពាវសុំឲ្យរដ្ឋាភិបាលចាត់វិធានការការពារជាបន្ទាន់។
កញ្ញា សន រ៉ាមណា មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថា ការចាប់អ្នកកាសែតដាក់គុក និងឃាតកម្មលើអ្នកកាសែតនៅពេលថ្មីនេះ គឺជាការរំលោភសិទ្ធិមនុស្ស រំលោភសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
កញ្ញាបន្តដូច្នេះ៖ «ខ្ញុំគិតថា វាប៉ះពាល់សិទ្ធិសេរីភាពសារព័ត៌មាន ព្រោះថា អ្នកសារព័ត៌មានដើរតួសំខាន់ណាស់ ព្រោះអ្នកសារព័ត៌មានគាត់ដើរតួសំខាន់ណាស់ក្នុងសង្គម។ ព្រោះគាត់ជាប្រភពព័ត៌មាន គាត់ជាអ្នកស្វែងរកព័ត៌មាន ហើយផ្ដល់ទៅប្រជាពលរដ្ឋ។ បើសិនសុវត្ថិភាពអត់សូវបានការពារ ឬក៏គាត់រងការគាបសង្កត់ក្នុងការសរសេរក្នុងការបញ្ចេញមតិរបស់ពួកគាត់ អ៊ីចឹងសេរីភាពសារព័ត៌មានយើងនឹងកាន់តែធ្ងន់ធ្ងរទៅហើយ»។
រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានអ្នកកាសែតខ្លះត្រូវគេលួចសម្លាប់ ខ្លះជាប់គុក។ ជាអាទិ៍ អ្នកយកព័ត៌មានឲ្យកាសែតវរជនខ្មែរ ឈ្មោះ ហង្ស សិរីឧត្តម ត្រូវបានគេសម្លាប់ដាក់ក្នុងគូថឡានរបស់ខ្លួន នៅដើមខែកញ្ញា ឆ្នាំ២០១២ នៅខេត្តរតនគិរី ពាក់ព័ន្ធរឿងរាយការណ៍អំពីការជួញដូរឈើមានតម្លៃខុសច្បាប់។ បន្ទាប់មក នៅខេត្តក្រចេះ ដែលជាខេត្តក្បែរគ្នានោះដែរ អ្នកសារព័ត៌មានឲ្យកាសែតទសវត្សរ៍ថ្មីឈ្មោះ តាំង ទ្រី ត្រូវបានចាប់ខ្លួនតាមដីកាព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ ពីបទចាប់ជំរិតទារប្រាក់ពីអ្នកជួញឈើ ក្រោយពេលអ្នកកាសែតរូបនោះ រាយការណ៍អំពីរឿងជួញឈើខុសច្បាប់ដូចគ្នា។
មួយថ្ងៃក្រោយមក អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក វិជ័យ អានន្ទ ដែលបានរាយការណ៍ពីការចាប់ខ្លួនអ្នកកាសែតឈ្មោះ តាំង ទ្រី នោះ ត្រូវបានគេឃើញដេកដួលសន្លប់នៅលើដងផ្លូវពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង។ មន្ត្រីប៉ូលិសខេត្តក្រចេះ បានអះអាងថា លោក វិជ័យ អានន្ទ រងរបួសធ្ងន់សន្លប់នោះ ដោយគ្រោះថ្នាក់ចរាចរណ៍។ មកទល់ពេលនេះ លោក វិជ័យ អានន្ទ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ដោយសាររបួសធ្ងន់ធ្ងរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ប៉ែន សមិទ្ធិ ប្រធានសមាគមក្លឹបអ្នកកាសែតកម្ពុជា បានទេ នៅថ្ងៃទី១៩ ធ្នូ ដើម្បីសុំការបញ្ជាក់បន្ថែមលើគ្រោះថ្នាក់របស់អ្នកកាសែត និងស្ថានភាពសិទ្ធិសេរីភាពសារព័ត៌មានបច្ចុប្បន្ន។
ក៏ប៉ុន្តែ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ប្រាប់អ្នកកាសែតកាលពីថ្ងៃទី១ ធ្នូ ថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា ពេលនេះ មានកម្រិតជិតដល់កំពូល។ លោកបានប្រៀបធៀបទៅសេរីភាពសារព័ត៌មានប្រទេសនានាក្នុងតំបន់ ដោយលើកជាឧទាហរណ៍ថា បើសេរីភាពសារព័ត៌មានប្រទេសដែលមាននិយាមខ្ពស់ផុតលេខដល់លេខ ១០ គឺសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា មានកម្រិតលេខ ៨ ហើយ។
លើសពីនេះទៅទៀត លោកបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា សម្បូររហូតហួសព្រំដែនធ្វើឲ្យអ្នកសារព័ត៌មានចំនួនជាង ១ពាន់នាក់ យកស្លាកកាសែតទៅរកស៊ីខុសច្បាប់ គំរាមកំហែងអាជ្ញាធរមូលដ្ឋានដែលបង្កឲ្យមានបញ្ហាដល់សង្គមថែមទៀត។ លោករដ្ឋមន្ត្រីឲ្យដឹងថា សព្វថ្ងៃប្រទេសកម្ពុជា មានអ្នកសារព័ត៌មានពី ៤ពាន់ ទៅ ៦ពាន់នាក់ បានចុះបញ្ជីផ្លូវការ និងអ្នកសារព័ត៌មានចំនួនប្រហែលជាង ១ពាន់នាក់មិនបានចុះបញ្ជី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។