មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ

សិស្ស​និស្សិត​ក្រីក្រ​ភាគច្រើន​មិន​សូវ​បាន​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​ទេ ព្រោះ​តែ​ភាព​ក្រីក្រ។ សព្វ​ថ្ងៃ គេ​ឃើញ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​ឲ្យ​មាន​លទ្ធភាព​បន្ត​ការសិក្សា​ថ្នាក់​ឧត្តម​សិក្សា។
ដោយ កែវពេជ្រ មេត្តា
2008.09.18
សិស្សceef និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ពី​អង្គការ​ មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា កំពុង​រៀន​នៅ​ក្នុង​សកល​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ។
Photo courtesy CEE Foundation

មន្រ្តី​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា (CEE Foundation) នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០០៨​នេះ​ថា មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា​បាន​ធ្វើការ​ផ្ដល់​អាហារូបករណ៍​ឲ្យ​ដល់​សិស្ស និស្សិត​ដែល​មាន​ស្ថានភាព​រស់​នៅ​ក្រីក្រ ហើយ​រៀន​ពូកែ​ឲ្យ​បាន​បន្ត​ការសិក្សា​កម្រិត​ថ្នាក់​ឧត្តមសិក្សា​ដើម្បី​ជួយ​បណ្តុះ​ធនធាន​មនុស្ស​សម្រាប់​កសាង​សង្គម​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

មន្រ្តី​ស្ម័គ្រ​ចិត្ដ​មួយ​រូប​របស់​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា លោក សេង រដ្ឋា បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា តាម​ធម្មតា សិស្ស​និស្សិត​ក្រីក្រ​ភាគច្រើន​គេ​មិន​អាច​មាន​លទ្ធភាព​រៀន​ឲ្យ​បាន​ពូកែ​ប៉ុន្មាន​ទេ ដោយសារ​តែ​កត្តា​ជីវភាព​ទន់​ខ្សោយ​នោះ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ គេ​ឃើញ​មាន​កូន​អ្នក​ក្រីក្រ​មួយ​ចំនួន ជា​ពិសេស អ្នក​នៅ​តាម​ខេត្ត​នានា​បាន​តស៊ូ​សិក្សា​រៀន​សូត្រ​រហូត​ដល់​បញ្ចប់​ថ្នាក់​ទី​១២ ក៏​មាន​ដែរ។

លោក​បន្ត​ថា សិស្ស​ទាំង​នោះ​ក្រោយ​ពី​បាន​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ហើយ គឺ​គេ​ចង់​រៀន​បន្ត​ទៀត​នៅ​កម្រិត​ថ្នាក់​ឧត្តមសិក្សា​ក៏​ប៉ុន្តែ​គេ​មិន​អាច​ធ្វើ​ទៅ​បាន ហេតុ​នេះ​ហើយ មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា ដែល​មាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​សប្បុរសជន​ខ្មែរ​មួយ​ចំនួន​នៅ​សហេដ្ឋ​អាមេរិក​នោះ បាន​ផ្ដួចផ្តើម​ឲ្យ​មាន​កម្មវិធី​ផ្ដល់​អាហារូបករណ៍​នេះ​សម្រាប់​ជួយ​ដល់​និស្សិត​ក្រីក្រ​និង​រៀន​ពូកែ។

រីឯ​ចំពោះ​ការផ្ដល់​នេះ មុន​នឹង​គេ​ផ្ដល់​ឲ្យ គឺ​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា​បាន​ធ្វើការ​ចុះ​ស្រាវជ្រាវ​អំពី​ស្ថានភាព​ការសិក្សា​ជាក់​ស្តែង​និង​ស្ថានភាព​រស់នៅ​របស់​និស្សិត​ដើម្បី​ឲ្យ​ដឹង​ថា តើ​គេ​ពិត​ជា​ចង់​បន្ត​ការសិក្សា​ដែរ​ឬ​ទេ? ហើយ​ថា តើ​គេ​ជា​សិស្ស​រៀន​បាន​ពូកែ​នៅ​ក្នុង​ថ្នាក់​មែន​ឬ​អត់។

លោក សេង រដ្ឋា មាន​ប្រសាសន៍​ថា ៖ «អ្នក​ខ្លះ​គាត់​ក្រីក្រ​មែន តែ​ដោយសារ​គាត់​អត់​មាន​ការប្ដេជ្ញា​ចិត្ត​គាត់​អត់​មាន​អី អ៊ីចឹង​យើង​ផ្ដល់​អាហារូបករណ៍​ទៅ ដូចជា​អត់​មាន​ធ្វើ​ឲ្យ​មាន​ការប្រែប្រួល​ក្នុង​ការសិក្សា​របស់​គាត់​ទេ។ អ៊ីចឹង យើង​ជ្រើសរើស​អ្នក​ក្រីក្រ ហើយ​ពូកែ។ ជួនកាល​យើង​ពិបាក​ជ្រើសរើស​ថា បាន ១០០% តែ​ថា ល្អ​ក្នុង​ចំណោម​សិស្ស​ដែល​ល្អ​បំផុត»

មន្រ្តី​ស្ម័គ្រ​ចិត្ដ​របស់​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា​មួយ​រូប​ទៀត កញ្ញា យ៉ាន់ សោភ័ណ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​របស់​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា​នេះ​គឺ​គេ​បាន​សុំ​ឲ្យ​គ្រូ​បង្រៀន​ក្នុង​សាលា​នីមួយៗ​ចូលរួម​សហការ​ផង​ដែរ​ក្នុង​ការតាមដាន​ការសិក្សា​របស់​និស្សិត​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​គេ​កាន់​តែ​ខិតខំ​ធ្វើការ​សិក្សា។

កញ្ញា យ៉ាន់ សោភ័ណ មាន​ប្រសាសន៍​ថា ៖ «ហើយ​នៅ​ក្នុង​វិធី​យើង​ចែក​ហ្នឹង គឺ​យើង​សរសេរ​check (មូលប្បទានបត្រ) ហើយ​យើង​មាន​គណៈអធិបតី​ពី​សាលា​រៀន និង​ពី​អ្នកតំណាង​ពី​អាមេរិក​ជា​អ្នក​ឲ្យ check យើង​ចេញ​ជា​check ដាក់​ឈ្មោះ​កូន​សិស្ស​ហ្នឹង​តែ​ម្ដង ហើយ​ឲ្យ​កូន​សិស្ស​ស៊ីញ៉េ​ទទួល។ យើង​ឲ្យ ១​ឆ្នាំ ៣០០​ដុល្លារ អ្នក​ខ្លះ​មួយ​ឆ្នាំ ២០០​ដុល្លារ ឬក៏ ១៥០​ដុល្លារ ឬក៏ ១០០​ដុល្លារ ទៅ​តាម​ប្រភេទ​អាហារូបករណ៍​ដែល​យើង​ឲ្យ»

មន្រ្តី​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា កាលពី​ឆ្នាំ​សិក្សា​២០០៧​-២០០៨​នេះ មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា​បាន​ផ្ដល់​អាហារូបករណ៍​ឲ្យ​ដល់​និស្សិត​ក្រីក្រ​និង​រៀន​ពូកែ ចំនួន​២៨​នាក់ ដែល​រៀន​នៅ​សកលវិទ្យាល័យ​ចំនួន​៥ ក្រុង​ភ្នំពេញ រួមមាន​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សកលវិទ្យាល័យ​បញ្ញាសាស្ដ្រ ហើយ​និង​សកលវិទ្យល័យ​បៀលប្រាយ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ទាំង​នោះ គឺ​ជា​អតីត​សិស្ស​មក​ពី​បណ្ដា​ខេត្ត​នានា ដូចជា​បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង ព្រៃវែង ភ្នំពេញ តាកែវ បន្ទាយមានជ័យ ជា​ដើម ហើយ​និស្សិត​ទាំង​នោះ​បច្ចុប្បន្ន​កំពុង​បន្ត​ការសិក្សា​ផ្នែក​បរិញ្ញាបត្រ​ច្បាប់ សេដ្ឋកិច្ច គណនេយ្យ ពាណិជ្ជកម្ម​អន្ដរជាត៌ និង​មុខ​ជំនាញ​ផ្សេងៗ​ជាច្រើន​ទៀត។

មន្រ្តី​ស្ម័គ្រ​ចិត្ដ​របស់​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា កញ្ញា ស៊្រិន ដាវី ដែល​បាន​ចូលរួម​ជួយ​ដល់​កិច្ចការ​នោះ​ដែរ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​អាហារូបករណ៍ ពី​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា និស្សិត​ក្រីក្រ​ដែល​តែ​កំពុងតែ​បន្ត​ការសិក្សា​នោះ ភាគច្រើន​គឺ​គេ​បាន​ធ្វើការ​រៀនសូត្រ​បាន​ទទួល​លទ្ធផល​ល្អ​ប្រសើរ។

កញ្ញា ស្រ៊ិន ដាវី មាន​ប្រសាសន៍​ថា ៖ «ខ្លះ​ទៅ​គាត់​ទិញ​សម្ភារៈ​សិក្សា ឬ​ក៏​គាត់​អាច​ទៅ យក​លុយ​ហ្នឹង​ទៅ​រៀន​គួរ​អី​បន្ថែម​អី​អ៊ីចឹង។ អ៊ីចឹង​យើង​ឃើញ​ថា នេះ​ជា​លទ្ធផល​វិជ្ជមាន​មួយ​ដែរ គឺ​ឃើញ​ថា លទ្ធផល​របស់​គាត់​ហ្នឹង គឺ​បាន​កើន​ឡើង​ល្អ​ជាង​មុន»

ទាក់ទង​នឹង​ការផ្តល់​អាហារូបករណ៍​នេះ និសិ្សត​ក្រីក្រ​មួយ​ចំនួន​ដែល​បាន​ទទួល​អាហារូបករណ៍​ពី​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា បាន​សម្ដែង​ទឹកចិត្ត​ត្រេក​អរ​យ៉ាង​ខ្លាំង ពីព្រោះ​គេ​មាន​លទ្ធភាព​បន្ត​ការសិក្សា​ក្នុង​កម្រិត​មួយ​ខ្ពស់​ដែល​គេ​មិន​នឹក​ស្មាន​ដល់។

ក្នុង​ចំណោម​និស្សិត​ទាំង​នោះ យុវនារី​និស្សិត​មួយ​រូប​ឈ្មោះ ហុក សៀម បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​មាន​ដើមកំណើត​នៅ​ភ្នំពេញ​នេះ​ទេ ក៏​ប៉ុន្តែ​គ្រួសារ​ឪពុក​ម្តាយ​របស់​នាង​មាន​ជីវភាព​លំបាក ដូច្នេះ​ហើយ​នៅ​ពេល​ដែល​នាង​បាន​ទទួល​អាហារូបករណ៍​ពី​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា​នោះ​បាន​ធ្វើ​ឲ្យ​នាង​អាច​បន្ត​ការសិក្សា​បាន ដែល​សព្វថ្ងៃ​នេះ​នាង​កំពុង​តែ​រៀន​យក​មុខ​វិជ្ជា​ច្បាប់។

យុវនារី ហុក សៀម រៀបរាប់​ដូច្នេះ​ថា ៖ «ចូល​ទៅ​វិញ​ឆ្នាំ​នេះ ត្រូវ​ឆ្នាំ​ទី​៣ ចូល​ឆ្នាំ​ហ្នឹង នៅ​២​ឆ្នាំ​ទៀត។ គិត​បើ​ថា​អត់​បាន​ជាប់​អាហារូបករណ៍ នៅ​សាលា​ច្បាប់​ទេ ប្រហែល​ជា​អត់​បាន​បន្ត​មហាវិទ្យាល័យ​ទេ ព្រោះ​ប្រាក់​ខែ​ដំបូង​បាន​មក​អ៊ីចឹង ត្រូវ​ចំណាយ​ក្នុង​គ្រួសារ ហើយ​ម្យ៉ាងទៀត បង​មួយ​ទៀត​ក៏​គាត់​នៅ​រៀន​ដែរ»

មន្រ្តី​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​សិក្សា​ក្រោយ​នេះ​គេ​មាន​គម្រោង​នឹង​បង្កើន​នូវ​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​និង​រៀន​ពូកែ​ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ​សិក្សា​មុន ប្រមាណ​ជា​១០០​នាក់។

មន្រ្តី​ដដែល​បាន​បន្ថែម​ថា នេះ​គឺ​គ្រាន់តែ​ជា​គម្រោង​នៅ​ឡើយ​ទេ ពីព្រោះ​សព្វ​ថ្ងៃ​ថវិកា​ដែល​ជួយ​ដល់​កម្មវិធី​នោះ​គឺ​បាន​មក​ពី​ការរៃ​អង្គាស​ប្រាក់​របស់​សប្បុរសជន​នានា​នៅ​សហរដ្ឋ​អាមេរិក ហើយ​ចំណែក​ឯ​អ្នក​ចូលរួម​ជួយ​ជ្រោមជ្រែង​ធ្វើ​ការងារ​នេះ​នៅ​កម្ពុជា​គឺ​សុទ្ធតែ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់​ដោយ​មិន​ទាមទារ​កម្រៃ​ឡើយ។

គួរ​បញ្ជាក់​ដែរ​ថា ចំពោះ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​នេះ ក្រៅ​ពី​មាន​ការជួយ​របស់​មូលនិធិ​ខ្មែរ​សម្រាប់​ការសិក្សា​នោះ គេ​ក៏​ឃើញ​មាន​ការជួយ​ផ្សេង​ទៀត​ដែរ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ពី​សាលារៀន​រដ្ឋ សាលា​ឯកជន ក្នុង​ប្រទេស ព្រមទាំង​ពី​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​មួយ​ចំនួន​ទៀត​ដែរ ក៏​ប៉ុន្ដែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការជួយ​ឲ្យ​អាហារូបករណ៍​ទាំង​នោះ ក៏​នៅ​តែ​មិន​អាច​បំពេញ​សេចក្ដី​ត្រូវការ​របស់​និស្សិត​ខ្មែរ​ក្រីក្រ​នោះ​បាន​ទេ  ពីព្រោះ​សព្វថ្ងៃ​សិស្ស​ក្រីក្រ​ខ្លះ​មិន​អាច​មាន​លទ្ធភាព​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នោះ​បាន​ទេ។

ម្យ៉ាង​ទៀត នៅ​ក្នុង​ឆ្នាំ​នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ថា អ្នក​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​មាន​ចំនួន​ជាង ៥០.០០០​នាក់ ហើយ​គេ​ក៏​មិន​ដឹង​ប្រាកដ​ថា​តើ​ក្នុង​ចំណោម​អ្នកប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នោះ​អាច​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា បាន​ទាំង​អស់​គ្នា ឬ​យ៉ាង​ណា​នោះ​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។