មាន់ប្រមាណ១០០ក្បាលកើតជំងឺងាប់ជាបន្តបន្ទាប់នៅរតនគិរី
2008.12.30

មិនទាន់មានសេចក្តីរាយការណ៍ថាមាន់អ្នកភូមិដែលងាប់នោះបណ្តាលមកពីហេតុអ្វីនោះទេ ហើយរហូតមកដល់បច្ចុប្បន្ននេះក៏ពុំទាន់មានសញ្ញាណអ្វីប៉ះពាល់ដល់សុខភាពឬអាយុជីវិតអ្នកភូមិណាម្នាក់ដែរ ក៏ប៉ុន្តែអ្នកភូមិសម្ដែងការព្រួយបារម្ភខ្លាចជំងឺគ្រុនផ្តាសាយបក្សីកើតមាននៅតំបន់មាន់ងាប់នោះ ហើយពួកគេអំពាវនាវឲ្យស្ថាប័នសុខាភិបាលចាត់មន្ត្រីទៅពិនិត្យសភាពការណ៍នេះ។
អ្នកភូមិឈ្មោះ សាំង លីដា បញ្ជាក់ពីស្ថានភាពមាន់គាត់ដែលបានងាប់ ៖ «កំពុងតែដើរ ស្រាប់តែសំកុកតែមួយថ្ងៃ ប្រកាច់ងាប់តែម្ដង។ មាន់ខ្ញុំងាប់ហើយមាន់អ្នកជិតខាងក៏ងាប់គ្រប់គ្នាហ្នឹង។ មិនហ៊ានប៉ះពាល់វាផងមាន់ឈឺហ្នឹង»។
ចំណែកអ្នកភូមិឈ្មោះ ឯម សុវណ្ណ មានប្រសាសន៍ដែរថា ក្រុមមន្ត្រីសុខាភិបាលជាពិសេសផ្នែកការពារជំងឺគ្រុនផ្តាសាយបក្សីពុំទាន់បានទៅពិនិត្យភូមិដែលមានមាន់ងាប់នោះទេ ហើយនោះគឺជាការព្រួយបារម្ភចំពោះអ្នកភូមិមួយចំនួនដែលបានយកសាច់មាន់ងាប់ទៅបរិភោគដែលគេព្រួយបារម្ភថា អាចប្រឈមមុខទៅនឹងការឆ្លងជំងឺប្រសិនមានជំងឺគ្រុនផ្តាសាយបក្សីកើតមាននៅទីនោះ។
លោក ឯម សុវណ្ណ បានមានប្រសាសន៍ថា ៖ «អ្នកខ្លះគាត់អត់ហ៊ានយកទៅហូបទេ អ្នកខ្លះគាត់មិនហ៊ានគាត់យកទៅកប់ទៅ។ ប្រជាពលរដ្ឋមិនដឹងរាយការណ៍ឲ្យអាជ្ញាធរណា ព្រោះអាជ្ញាធរសំខាន់បំផុតឲ្យគាត់ហ្នឹងចុះមកតាមមូលដ្ឋាន ហើយគាត់មិនដែលចុះមកមូលដ្ឋាន សូម្បីតែមេភូមិហ្នឹងមិនដែលមកប្រឹក្សាជាមួយប្រជាពលរដ្ឋផង»។
តាំងពីមានជំងឺគ្រុនផ្តាសាយបក្សីកើតមាននៅប្រទេសកម្ពុជាមក ក្រុមអាជ្ញាធរខេត្តរាយការណ៍ថា ពុំទាន់មានករណីរកឃើញមេរោគគ្រុនផ្តាសាយបក្សីកើតមាននៅខេត្តរតនគិរីទេ បើទោះបីមានរបាយការណ៍ពីបណ្តាស្រុកមួយចំនួនដែលមានមាន់ងាប់ខុសប្រក្រតីកើតមានស្ទើររៀងរាល់ឆ្នាំក្តី។
មេឃុំម៉លិង លោក រម៉ាម ផាន់ មានប្រសាសន៍ថា ក្រៅពីមាន់ងាប់ គោក្របីអ្នកភូមិក៏មានងាប់ដូចគ្នា។ លោកថា អ្នកភូមិតែងជួបប្រទះករណីនេះស្ទើររៀងរាល់ឆ្នាំ។
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា មានប្រសាសន៍ថា ពិតជាមានមាន់អ្នកភូមិខាងលើងាប់មែន ហើយលោកនឹងចាត់មន្ត្រីជំនាញចុះពិនិត្យករណីនេះបន្ទាន់ដើម្បីទប់ស្កាត់ខ្លាចមានជំងឺគ្រុនផ្តាសាយបក្សី។
លោកថា អាកាសធាតុប៉ុន្មានថ្ងៃនេះប្រែប្រួលអាចជាមូលហេតុដែលនាំឲ្យមានមាន់ងាប់ ៖ «...ងាប់ប្រហែលជាបីគីឡូម៉ែត្រពីគ្នាម្ដុំហ្នឹង។ ពួកជំនាញគេមើលរោគសញ្ញាសិន ហើយយើងមានវិធានការរកអី យើងកាន់អីទៅមើលមើល៍តើវាយ៉ាងម៉េច?»។
កាលពីសប្តាហ៍ទីពីរនៃខែធ្នូ ឆ្នាំ២០០៨នេះ មន្ត្រីសុខាភិបាលបានឲ្យដឹងថា គេបានរកឃើញបុរសម្នាក់នៅខេត្តកំពង់ស្ពឺបានឆ្លងជំងឺគ្រុនផ្តាសាយបក្សីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានស្រង់ប្រសាសន៍ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាលនៃក្រសួងកសិកម្ម លោក កៅ ផល ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននារដូវរងាពីខែធ្នូរហូតដល់ខែកុម្ភៈ ឆ្នាំ២០០៩។
នៅឆ្នាំ២០០៥ មានប្រជាពលរដ្ឋចំនួន៤នាក់បានស្លាប់នៅខេត្តកំពត ឆ្នាំ២០០៦ ស្លាប់ម្នាក់នៅខេត្តកំពង់ស្ពឺ និងម្នាក់ទៀតនៅខេត្តព្រៃវែង ហើយនៅក្នុងឆ្នាំ២០០៧ ប្រជាពលរដ្ឋម្នាក់ទៀតបានស្លាប់នៅខេត្តកំពង់ចាម ដោយសារជំងឺគ្រុនផ្ដាសាយបក្សី៕