អ្នក​ភូមិ​ជីខ​ក្រោម​៣៤​គ្រួសារ​ធ្វើ​បាតុកម្ម​ទាមទារ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី

ជម្លោះ​ដីធ្លី​នៅ​ឃុំ​ជីខ​ក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ ក្រោយ​ពី​កសិករ​ម្នាក់​ត្រូវ​បាន​គេ​វាយ​ឲ្យ​របួស​ធ្ងន់ កាល​ពី​ថ្ងៃ​ពុធ​ទី​២៥ ខែ​សីហា​កន្លង​ទៅ។
ដោយ គឹម ពៅ
2010-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​ជីខ​ក្រោម​ ៣៤​គ្រួសារ​ធ្វើ​បាតុកម្ម នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤៨ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ សីហា ២០១០ ទាមទារ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី
អ្នក​ភូមិ​ជីខ​ក្រោម​ ៣៤​គ្រួសារ​ធ្វើ​បាតុកម្ម នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤៨ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ សីហា ២០១០ ទាមទារ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី
Photo courtesy of Licadho

តំណាង​អ្នក​ភូមិ​នៅ​ឃុំ​ជីខ​ក្រោម ស្រុក​ស្រែ​អំបិល ចំនួន​៣៤​គ្រួសារ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ សីហា បាន​នាំ​គ្នា​បន្ត​ការ​តវ៉ា​ដោយ​ធ្វើ​ការ​ចែក​ញ្ញាត្តិ​ដល់​អ្នក​ដំណើរ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤៨ ដែល​ភ្ជាប់​ពី​ស្រុក​ស្រែ​អំបិល ទៅ​ខេត្ត​កោះកុង​ប្រយោជន៍​ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី ក្រោយ​ពី​ជម្លោះ​រ៉ាំរ៉ៃ​មួយ​នេះ បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រភព​ពី​ក្រុម​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា អ្នក​តវ៉ា​ខ្លះ គឺ​ជា​តំណាង​សហគមន៍​មក​ពី​ខេត្ត​នានា ហើយ​ដែល​ពួក​គាត់​បាន​ជួប​នូវ​ការ​បាត់​បង់​ដីធ្លី​ដែរ​នោះ បាន​ចូល​រួម​បន្ថែម​ជា​មួយ​អ្នក​ភូមិ​នៅ​ឃុំ​ជីខ​ក្រោម ដើម្បី​សំដែង​ការ​តវ៉ា​នេះ​ដែរ។

តំណាង​អ្នកភូមិ អ្នក​ស្រី ផាវ ញ៉ើង អាយុ ៣៥ ឆ្នាំ បាន​ព្រមាន​ថា​ពួក​គេ​នឹង​បន្ត​ការ​តវ៉ា​រហូត​ដល់​មាន​ដំណោះ​ស្រាយ។

បាតុកម្ម​អហិង្សា​ដោយ​ធ្វើ​ការ​ចែក​ញ្ញាត្តិ​ទាមទារ​របស់​អ្នក​ភូមិ បាន​ធ្វើ​ឡើង​ផង​ដែរ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា រវាង​អ្នក​ភូមិ និង​កម្មករ​របស់​ក្រុមហ៊ុន ហេង​ហ៊ុយ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ដែល​នាំ​ឲ្យ​អ្នក​ភូមិ​ម្នាក់​រង​របួស​ធ្ងន់ នៅ​គ្រា​ដែល​អ្នក​ភូមិ​បាន​ចូល​ហាម​ប្រាម​ក្រុមហ៊ុន មិន​ឲ្យ​ធ្វើ​ការ​ឈូស​ឆាយ។

លោក អ៊ុច ឡេង មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​សំដែង​ថា នេះ​ជា​ទំនាស់​រ៉ាំរ៉ៃ ដោយ​សារ​តែ​អាជ្ញាធរ​មិន​ព្រម​ដោះ​ស្រាយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បែរ​ជា​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន ដើម្បី​ការពារ​ក្រុមហ៊ុន​ដណ្ដើម​យក​ដី​អ្នក​ភូមិ​ទៅ​វិញ។

អភិបាល​ស្រុក​ស្រែ​អំបិល លោក ទួន សីលា មិន​ជំទាស់​នូវ​បាតុកម្ម​របស់​អ្នក​ស្រុក​ទេ ដោយ​អះ​អាង​ថា អ្នក​ស្រុក អាច​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ លោក​បញ្ជាក់​ទៀត​ថា តុលាការ​ជា​អ្នក​ដោះ​ស្រាយ​រឿង​នេះ មិន​មែន​សមត្ថកិច្ច​របស់​លោក​ទេ។

ទំនាស់​នៅ​ភូមិ​ព្រែក​ជីក ឃុំ​ជីខ​ក្រោម ស្រុក​ស្រែ​អំបិល រវាង​អ្នក​ស្រុក​៣៤​គ្រួសារ និង​ក្រុមហ៊ុន ហេង​ហ៊ុយ លើ​ដី ជាង​១០០​ហិកតារ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក។ អ្នក​ស្រុក​បាន​អះអាង​ថា ពួក​គេ​មាន​ប័ណ្ណ​កម្មសិទ្ធ​កាន់​កាប់​ដី​ទាំង​នោះ ហើយ​លោក ហេង​ហ៊ុយ វិញ​បាន​ឈ្នះ​ក្តី នៅ​ក្នុង​ការ​កាន់​កាប់​ដីធ្លី ឃុំ​ជីខ​លើ ប៉ុន្តែ​បែរ​ជា​វាត​យក​ដីធ្លី​មក​ដល់​ឃុំ​ជីខ​ក្រោម​របស់​ពួក​គាត់​ទៅ​វិញ។

រី​ឯ​អាជ្ញាធរ​ស្រុក​វិញ​បញ្ជាក់​ថា លោក ហេង​ហ៊ុយ បាន​ទិញ​ដីធ្លី​មួយ​ចំនួន​នៅ​តំបន់​នោះ ហើយ​មួយ​ចំនួន​ទៀត លោក​ទទួល​បាន​ពី​ការ​ធ្វើ​សម្បទាន​ពី​រដ្ឋាភិបាល។

បើ​ទោះ​បី​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​ច្បាប់ របស់​សហគមន៍ គេ​បាន​រក​ឃើញ​ថា ពល​រដ្ឋ​ទាំង​នោះ គឺ​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​នៅ​ក្នុង​ការ​វិវាទ​នេះ ប៉ុន្តែ​មក​ដល់​ពេល​នេះ បណ្ដឹង​របស់​ពល​រដ្ឋ​ទៅ​កាន់​តុលាការ មិន​មាន​ការ​ដោះស្រាយ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល