ផ្លូវរថភ្លើងថ្មីនេះនឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៥។ ស្របពេលនេះដែរ ក្រុមហ៊ុនចិន គ្រោងសាងសង់រោងចក្រស្លដែកដ៏ធំមួយទៀត នៅខេត្តព្រះវិហារ ដែលមានតម្លៃជាច្រើនពាន់លានដុល្លារអាមេរិក ដើម្បីនាំចេញទៅលក់នៅបរទេស។
គម្រោងសាងសង់ផ្លូវរថភ្លើងថ្មីដែលមានប្រវែងជាង ៤០០គីឡូម៉ែត្រនោះ គឺតភ្ជាប់ពីខេត្តព្រះវិហារ កាត់តាមខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលស្របពេលនេះក្រុមហ៊ុនចិន គ្រោងសាងសង់កំពង់ផែសមុទ្រមួយទៀត ដើម្បីដឹកជញ្ជូននាំចេញផលិតផលដែកថែបពីកម្ពុជា ទៅបរទេស។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនចិន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវរថភ្លើងថ្មីនោះ គឺចំណាយរយៈពេលចំនួនជាង ៤ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០១៣ ទៅ ដែលមានស្ថានីយរថភ្លើងចំនួន ១១កន្លែង។ ចំណែកកំពង់ផែថ្មីដែលនឹងសាងសង់នៅខេត្តកោះកុង នោះ មានសមត្ថភាពផ្ទុកទម្ងន់បានជាង ៥០លានតោនក្នុង ១ឆ្នាំៗ។
ប្រភពពីមន្ត្រីក្រុមហ៊ុនចិន បានឲ្យដឹងដឹងថា ក្រុមហ៊ុនចិន ទាំង២ ដែលមានឈ្មោះ ឆាយណា រ៉េលវ៉េ ហ្គ្រុប (China Railway Group) និងក្រុមហ៊ុនឈ្មោះ ខេមបូឌា អាយរ៉ុន អែន ស្ទៀល ម៉ាញនីង អ៊ិនដាស់ស្រ្ទី ហ្គ្រុប (Cambodia Iron & Steel Mining Industry Group) គ្រោងសាងសង់រោងចក្រស្លដែកថែប និងដែកធម្មតា នៅខេត្តព្រះវិហារ។
ជារួមគម្រោងសាងសង់ផ្លូវរថភ្លើងថ្មីនោះ និងគម្រោងសាងសង់កំពង់ផែថ្មីនៅខេត្តកោះកុង ព្រមទាំងគម្រោងសាងសង់រោងចក្រស្លដែកនៅខេត្តព្រះវិហារ នោះ គឺត្រូវចំណាយថវិកាសរុបចំនួនជាង ៩.៦០០លានដុល្លារអាមេរិក។
ដោយឡែកការសាងសង់រោងចក្រស្លដែកនៅខេត្តព្រះវិហារនោះ គឺត្រូវចំណាយថវិកាសរុបចំនួនជាង ១.៦០០លានដុល្លារអាមេរិក នៅលើផ្ទៃដីសរុបជាង ១.៣០០គីឡូម៉ែត្រក្រឡា នៅក្នុងចំណោមទុនសរុបជាង ៩.៦០០លានដុល្លារអាមេរិកនោះ។ រោងចក្រស្លដែកនេះមានសមត្ថភាពផលិតដែកថែបនៅកម្ពុជា ចំនួនជាង ១លានតោនក្នុងមួយឆ្នាំៗ សម្រាប់រយៈពេល ៣ឆ្នាំដំបូង។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ដែលបានមកធ្វើជាអធិបតីនៃការចុះហត្ថលេខានេះ បានមានប្រសាសន៍ថា ការវិនិយោគទុននេះ គឺជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា យ៉ាងសម្បើម។
លោក ត្រាំ អ៊ីវតឹក៖ «យើងខ្ញុំសូមកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុន China Iron នេះ ដែលម្យ៉ាងបានមកស្រាវជ្រាវដើម្បីមកធ្វើអាជីវកម្មលើធនធានរ៉ែ ហើយបានអញ្ជើញក្រុមហ៊ុន China Railway Group នេះដើម្បីមកសហការគ្នាសម្រាប់ការវិនិយោគ។ ធ្វើម៉េចឲ្យការធ្វើអាជីវកម្មរ៉ែ និងការដឹកជញ្ជូនហ្នឹង ធ្វើឡើងប្រកបដោយប្រសិទ្ធភាព»។
ជាមួយគ្នានេះ អគ្គនាយករងនៃក្រុមហ៊ុនចិន លោក ជូ ម៉េងប៊ូ (Zhou Meng Bo) បានមានប្រសាសន៍ជាភាសាចិន ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា ការវិនិយោគទុននេះ គឺជាការពង្រឹងចំណងទាក់ទងយ៉ាងរឹងមាំរវាងកម្ពុជា និងចិន៖ «បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ដែលផ្លូវដែកនោះបានឆ្លងកាត់ លើកស្ទួយកម្រិតជីវភាពប្រជាជន ព្រមទាំងការអភិវឌ្ឍនៅតាមតំបន់ផ្លូវដែក»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា ការវិនិយោគទុននេះ គប្បីធ្វើឡើងដោយតម្លាភាព និងផលប្រយោជន៍ពិតប្រាកដដល់កម្ពុជា៖ «ហើយឲ្យមានគុណភាពជាគោលបំណងរបស់យើង។ ខ្ញុំមិនទាន់ជឿថា ទឹកប្រាក់ដល់រាប់ពាន់នេះ ជាទឹកប្រាក់ពិតប្រាកដ ដែលត្រូវយកមកសាងសង់អ្វីជាសំណង់តាមការអះអាងនេះនៅឡើយនោះទេ»។
នេះគឺជាការវិនិយោគទុនរបស់ក្រុមហ៊ុនចិន ១០០% នៅកម្ពុជា ដោយគ្មានភាគហ៊ុននៃក្រុមហ៊ុនក្នុងស្រុកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
