នាយករដ្ឋមន្ត្រី​ចិន​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​១៨ វិច្ឆិកា

កិច្ច​ប្រជុំ​អាស៊ាន បូក​ជាមួយ​ប្រទេស​ដៃគូ​សំខាន់ៗ​ចំនួន ៣​ទៀត មាន​ដូច​ជា ប្រទេស​ចិន (China) ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េខាងត្បូង នឹង​ចាប់​ផ្ដើម​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

0:00 / 0:00

ក្នុង​នោះ​ដែរ កិច្ច​ប្រជុំ​កំពូល​អាស៊ាន បូក​ជាមួយ​ប្រទេស​ចិន នឹង​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea) ដែល​កំពុង​តែ​មាន​ស្ថានការណ៍​តានតឹង។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧប​នាយករដ្ឋមន្ត្រី បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ថា នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ខាង​មុខ​នេះ ដើម្បី​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​ជាមួយ​ប្រទេស​ចិន។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន បូក​ជាមួយ​ប្រទេស​ចិន​នោះ នឹង​មាន​ការ​អនុម័ត​លើ​សេចក្ដី​ថ្លែងការណ៍​រួម ស្ដីពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​រំលឹក​ខួប ១០​ឆ្នាំ​ដែល​បាន​ចុះ​ហត្ថលេខា​រួម​កាល​ពី​ឆ្នាំ​២០០២ កន្លង​ទៅ​នៅ​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​នេះ ក្រសួង​ការបរទេស​កម្ពុជា និង​ឧត្ដម​មន្ត្រី​តំណាង​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ១០ កំពុង​តែ​ធ្វើ​សេចក្ដី​ព្រាង​នៃ​ក្រម​ប្រតិបត្តិ​ស្ដីពី​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហៅ​កាត់​ថា ស៊ី.អូ.ស៊ី (COC= Code of Conducts in South China Sea) ដើម្បី​សុំ​ការ​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​ការបរទេស​ថា សេចក្ដី​ថ្លែងការណ៍​រួម​នោះ​គឺ​មាន​សារសំខាន់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​សុំ​ឲ្យ​ប្រទេស​ភាគី​ជម្លោះ​គោរព​តាម​សេចក្ដី​ថ្លែងការណ៍​រួម​នោះ៖ «ហេតុ​ដូច​នេះ គេ​មិន​អាច​និយាយ​ថា កម្ពុជា​ព្រងើយ​កន្តើយ ឬ​ក៏​មិន​ចង់​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។ កម្ពុជា​ជា​ប្រធាន​បាន​ធ្វើ​អស់​ពី​លទ្ធភាព​ខ្លួន​ហើយ»

អ្នក​វិភាគ​ឯករាជ្យ លោកបណ្ដិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា ជម្លោះ​តានតឹង​នៅ​សមុទ្រ​ចិន ខាង​ត្បូង​នោះ បាន​ទាញ​ឲ្យ​សហរដ្ឋអាមេរិក សម្លឹង​មើល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់៖ «ដូច្នេះ​បើ​សិន​ជា​អាមេរិក​នៅ​តែ​បន្ត​សម្លឹង​មើល​តំបន់​មជ្ឈិម​បូព៌ា ឬ​សម្លឹង​មើល​ទ្វីប​អឺរ៉ុប អាមេរិក និង​បាត់បង់​សក្ដានុពល​សេដ្ឋកិច្ច​របស់​ខ្លួន ហើយ​ទី​៣ បើ​សិន​អាមេរិក​មិន​គិត​អាស៊ី​ទេ រឿង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កើត​ឡើង សហរដ្ឋអាមេរិក​ពិបាក​ធ្វើ​ដំណើរ​តាម​នាវាចរណ៍ ហើយ​ការ​ស្វែង​រក​ផល​ចំណេញ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ជា​សមុទ្រ​មួយ​ក្រោម​ការ​ត្រួត​ពិនិត្យ​ទាំង​អស់ ទាំង​ថាមពល ទាំង​សេដ្ឋកិច្ច ទាំង​នាវាចរណ៍ ទាំង​ទីផ្សារ គឺ​សហរដ្ឋ​អាមេរិក​លំបាក»

ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤ ដែល​កំពុង​តែ​មាន​ជម្លោះ​តានតឹង​ជាមួយ​ប្រទេស​ចិន នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ មាន​ដូចជា​ប្រទេស​វៀតណាម ប្រទេស​ហ្វីលីពីន ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ប្រ៊ុយណេ។

ទាក់ទង​នឹង​ជម្លោះ​តានតឹង​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បាន​មាន​ប្រសាសន៍​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា សហរដ្ឋ​អាមេរិក​ជំទាស់​រាល់​វិធានការ​ប្រើ​កង​កម្លាំង​ទ័ព​ដើម្បី​ដោះស្រាយ​ជម្លោះ​នោះ។

សេចក្ដី​រាយការណ៍​តាម​វិទ្យុ ប៊ី.ប៊ី.ស៊ី (BBC) នៃ​ប្រទេស​អង់គ្លេស ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​កំពុង​តែ​ពង្រឹង​វត្តមាន​យោធា​នៅ​ប្រទេស​អូស្ត្រាលី ជា​ប្រទេស​សម្ព័ន្ធ​មិត្ត ដើម្បី​យក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់​ក្នុង​ការ​ប្រជែង​អំណាច​ជាមួយ​ប្រទេស​ចិន។

លោក វិន ជាបាវ គ្រោង​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព និង​ជួប​លោក ហ៊ុន សែន

តាម​ប្រសាសន៍​របស់​លោក ហោ ណាំហុង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​មក​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា លោក វិន ជាបាវ នឹង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សហនុ នៅ​ឯ​ព្រះ​បរម​រាជវាំង។

លោក វិន ជាបាវ ក៏​នឹង​ជួប​ទ្វេ​ភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​រវាង​កម្ពុជា និង​ចិន។

លោក ហោ ណាំហុង មិន​បាន​ប្រាប់​ឲ្យ​ដឹង​ទេ​ថា មាន​មេដឹកនាំ​ប្រទេស​ណា​ខ្លះ​ទៀត​នឹង​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​មហា​វីរក្សត្រ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។