សាលា​រៀន​ភាសា​​ចិន​រីក​ដុះដាល​នៅ​កម្ពុជា

បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា សាលារៀន​ចិន បាន​កើន​ចំនួន​គួរឲ្យ​កត់​សម្គាល់។

0:00 / 0:00

ការ​រីក​ចម្រើន​របស់​សាលារៀន​ចិន បាន​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​កាន់តែ​ហ៊ាន​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​ថា មាន​សែស្រឡាយ​ចិន ជា​អ្នក​កាត់​ចិន និង​មាន​ដូនតា​ជា​ជនជាតិ​ចិន។

ការ​រៀន​ភាសា​ចិន​នៅ​កម្ពុជា កំពុង​បាន​ទទួល​ការ​និយម​ចូល​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​សញ្ជាតិ​កម្ពុជា តែ​ជា​ជនជាតិ​ចិន ដែល​គេ​ហៅ​ថា កូន​ចៅ​ចិន។ ក្រៅ​ពី​កូន​ចៅ​ចិន ក៏​មាន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​បាន​បញ្ជូន​កូន​ចៅ​របស់​ខ្លួន​ឲ្យ​ទៅ​រៀន​អក្សរ​ចិន​ដែរ។

លោក ជា ចេងឃុន ជា​នាយក​សាលា​ចិន​ធំ​មួយ​នៅ​ក្រុង​ភ្នំពេញ ឈ្មោះ លឹប ឃុន បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា មាន​សាលារៀន​អក្សរ​ចិន​ប្រមាណ​ពី ៧០ ទៅ ៨០​កន្លែង។ សាលា​នីមួយៗ​មាន​កូនសិស្ស​ចាប់ពី ៥០​នាក់​ឡើង​ទៅ​ដល់​រាប់​រយ​នាក់ អាស្រ័យ​ទៅ​តាម​ទីប្រជុំជន​ធំ ឬ​តូច។

លោក​នាយក​សាលា លឹប ឃុន បាន​បង្ហាញ​អំពី​មូលហេតុ​ដែល​សាលា​ចិន មាន​ការ​កើន​ឡើង​ជា​លំដាប់​នោះ​ថា ដោយសារ​ភាសា​ចិន ជា​ភាសា​ពេញ​និយម​នៅ​អាស៊ី ជា​ពិសេស​អ្នក​រកស៊ី​ជំនួញ​ពាណិជ្ជកម្ម​ភាគ​ច្រើន​ត្រូវ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ភាសា​ចិន។

លោក​នាយក​សាលា លឹប ឃុន៖ «ជួយ​អភិវឌ្ឍ​សង្គមជាតិ​យើង។ ជួយ​ដល់​ការ​លើក​តម្កើង​ដល់​សេដ្ឋកិច្ច​ខ្មែរ​យើង ជាពិសេស​លើក​តម្កើង​ជីវភាព​ខ្លួនឯង​ផ្ទាល់ ពីព្រោះ​អី​យើង​ចេះ​ភាសា​ចិន ហើយ​ពួក​វិនិយោគ​មាន សិង្ហបុរី មាន​ម៉ាឡេស៊ី មាន​ហុងកុង មាន​តៃវ៉ាន់ គេ​មក​វិនិយោគ​នៅ​ស្រុក​យើង គេ​អត់​ចេះ​ភាសាខ្មែរ​យើង។ គេ​មក​វិនិយោគ​បោះ​ទុន គេ​ត្រូវការ​អ្នក​បក​ប្រែ ជួយ​បកប្រែ​ឲ្យ​គេ ជួយ​ណែនាំ​ឲ្យ​គេ​មក​វិនិយោគ​នៅ​ប្រទេស​យើង»

លោក ជា ចេងឃុន បាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​មួយ​ទៀត​ដែល​ជំរុញ​ឲ្យ​សាលា​ចិន មាន​ការ​រីក​ចម្រើន​កើន​ចំនួន​ឡើង​ដែរ​នោះ គឺ​ដោយសារ​ប្រទេស​កម្ពុជា បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ក្នុង​ការសិក្សា​ភាសាបរទេស​ជា​សាធារណៈ។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ភាសា​ចិន មាន​សាលារៀន​នៅ​តិច​ជាង​សាលារៀន​ភាសា​អង់គ្លេស​នៅ​ឡើយ។

លោក ជា ចេងឃុន៖ «មក​ពី​រដ្ឋាភិបាល​យើង​មាន​គោលនយោបាយ​ល្អ ដើម្បី​ឲ្យ​កូនចៅ​យើង​មាន​ឱកាស​រៀន​ភាសាបរទេស​គ្រប់​ភាសា ជា​ពិសេស​ភាសា​អង់គ្លេស ភាសា​ចិន​នោះ បាន​ជំរុញ​ឲ្យ​យើង​ជួយ​ពង្រឹង​ពង្រីក​ឲ្យ​កូនខ្មែរ​យើង​រៀន​ភាសា​ឲ្យ​បាន​ចេះ»

ការ​រៀន​ភាសា​ចិន​ត្រូវតែ​បង់​ប្រាក់។ លោក​នាយក​សាលា លឹប ឃុន បាន​ឲ្យ​ដឹង​ថា ការ​រៀន​ភាសា​ចិន ត្រូវ​បង់​ប្រាក់​ដែល​មាន​ចំនួន​ប្រមាណ​ពី ៦០ ទៅ ៧០​ដុល្លារ ក្នុង​មួយ​ឆមាស ឬ​ក្នុងរយៈពេល ៦​ខែ។ សាលារៀន​ភាសា​ចិន​នៅ​ស្រុកខ្មែរ​ភាគច្រើន​មាន​កម្មវិធីសិក្សា​ចំណេះដឹង​ទូទៅ​ជា​ភាសា​ខ្មែរ​លាយ​គ្នា​ជាមួយ​ការសិក្សា​ភាសា​ចិន។

ការ​សិក្សា​ភាសា​ខ្មែរ​យក​ទៅ​តាម​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា។ ចំណែក​ការ​សិក្សា​ជា​ភាសា​ចិន គឺ​យក​ទៅ​តាម​កម្មវិធី​សាលា​ចិន​រៀបរៀង​ដែល​មាន​គំរូ​តាម​សាលា​ចិន​នៅ​បរទេស​ផង​ដែរ។ ពីព្រោះ​ក្រោយ​ពេល​សិក្សា​ចប់ មាន​សិស្ស​មួយ​ចំនួន​ត្រូវ​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​ចិន នៅ​បរទេស ដូចជា​នៅ​ប្រទេស​ចិនដីគោក នៅ​កោះ​តៃវ៉ាន់ នៅ​ហុងកុង ជាដើម។
ការ​សិក្សា​ភាសា​ចិន​បាន​រយៈពេល ៩​ឆ្នាំ គឺ​អាច​ចេះ​ពាក្យ​ប្រមាណ ៤០០​ពាក្យ អាច​ប្រើការ​ជា​អ្នក​បកប្រែ ឬ​ជា​អ្នក​សរសេរ​អត្ថបទ​ជា​ភាសា​ចិន​បាន​ហើយ។

ទាក់ទង​ជាមួយ​ការ​រៀន​ភាសា​ចិន​នេះ​ដែរ លោក អ៊ឹង ហុងម៉េង ជា​អនុប្រធាន​សមាគម​ចិន​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​រីកចម្រើន​របស់​សាលា​ចិន​នៅ​កម្ពុជា ដោយសារ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ថា ចេះ​ភាសា​ចិន និង​អង់គ្លេស​លាយ​គ្នា គឺ​ងាយ​រក​ការងារ​បាន​ធ្វើ ពីព្រោះ​នៅ​ប្រទេស​កម្ពុជា មាន​អ្នក​វិនិយោគ​ជាច្រើន ចេះ​និយាយ​ភាសា​ចិន និង​អង់គ្លេស។

លោក អ៊ឹង ហុងម៉េង៖ «ព្រោះ​ភាសា​ចិន​មាន​ការ​និយម​ច្រើន ហើយ​នៅ​លើ​ពិភពលោក​មាន​ជនជាតិ​ចិន​ច្រើន​ដែរ។ មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច​អី​វា​ត្រូវការ ពីព្រោះ​បងប្អូន​មកពី​ក្រៅ ពាណិជ្ជករ​អី ភាគ​ច្រើន​ជន​ជាតិ​ចិន ដល់​អ៊ីចឹង​ខ្លះ​គេ​មក​បើក​រោងចក្រ​អី គេ​ត្រូវ​ការ​អ្នក​បក​ប្រែ»

លោក អ៊ឹង ហុងម៉េង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ និង​ក្រោយ​ពី​អាជ្ញាធរ​បើក​ឲ្យ​រៀន​ភាសា​បរទេស ដូចជា​អង់គ្លេស បារាំង និង​ចិន ជា​សាធារណៈ​នោះ មាន​ពលរដ្ឋ​ខ្មែរ​ដែល​ជា​កូនចៅ​ចិន​មួយ​ចំនួន បាន​ចាប់ផ្ដើម​រៀន​ភាសា​ចិន​ឡើង​វិញ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​គេ​ក្លាយ​ទៅ​ជា​កូន​ចៅ​ចិន ជំនាន់​ក្រោយ​ពិត​ប្រាកដ ដែល​មាន​ឈ្មោះ​ជា​កូន​ចៅ​ចិន​ផង និង​ចេះ​និយាយ​ភាសា​ចិន​ផង។

ប៉ុន្តែ​លោក អ៊ឹង ហុងម៉េង បាន​ទទួល​ស្គាល់​ថា កូន​ចៅ​ចិន ដែល​រៀន​ភាសា​ចិន​នៅ​ស្រុក​ខ្មែរ​នេះ នៅ​ពេល​ទៅ​រៀន​បន្ត​នៅ​បរទេស នៅ​ចាញ់​សិស្ស និស្សិត​ចិន​នៅ​បរទេស​នៅ​ឡើយ ដោយសារ​ការ​រៀន​ភាសា​ចិន​នៅ​ស្រុកខ្មែរ​មាន​ចំនួន​ម៉ោង​តិច​នៅ​ឡើយ។

លោក វ៉ាត តាណាក់ ជា​ជនជាតិ​ខ្មែរ រស់​នៅ​ក្រុងភ្នំពេញ ដែល​បាន​បញ្ជូន​កូន​ចំនួន ២​នាក់​ឲ្យ​ទៅ​រៀន នៅ​សាលា​ចិន បាន​និយាយ​ថា លោក​សម្រេចចិត្ត​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​នៅ​សាលា​ចិន ដោយសារ​សិក្សា​នៅ​សាលា​ចិន កូន​លោក​មាន​ការ​ចេះដឹង​ច្រើន មាន​វិន័យ និង​សណ្ដាប់ធ្នាប់​ក្នុង​ការ​រស់នៅ៖ «បើ​និយាយ​ទៅ​សាលា​នោះ ទី​១ វិន័យ​ល្អ ទី​២ ឃើញ​កូន​ខ្ញុំ មាន​ការ​រីកចម្រើន​ណា។ ដោយ​យល់​អ៊ីចឹង​ខ្ញុំ​យក​មក​ដាក់​ទៅ។ គួបផ្សំ​ជាមួយ​ទីផ្សារ​ចិន​បុក​ចូល​ស្រុក​ខ្មែរ​ណា»

ការ​រីក​ចម្រើន និង​ការ​បង្ហាញ​ខ្លួន​របស់​សិស្ស​សាលា​ចិន នៅ​តាម​ពិធីបុណ្យ​សាធារណៈ​ធំៗ​មួយ​ចំនួន ក៏​មាន​ចំនួន​កើន​ឡើង​គួរឲ្យ​កត់សម្គាល់​ដែរ ដូចជា​នៅ​ពេល​ទទួល​គណៈប្រតិភូ​ជាន់​ខ្ពស់​ចិន មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា និង​ពិធីសម្ពោធ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ផង​ដែរ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុមហ្រ្វែល និង​ជា​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​មួយ​រូប បាន​មានប្រសាសន៍​ថា ការ​រីកចម្រើន​នៃ​សាលា​សិក្សា​អក្សរ​ចិន មិន​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​សង្គម​កម្ពុជា​ឡើយ បើ​ទោះបីជា​វត្តមាន​សាលា​ចិន កាន់​តែ​ច្រើន​ឡើង បង្ហាញ​ថា ឥទ្ធិពល​ចិន មាន​កើន​ឡើង​ជាង​មុន​មែន។

លោក គល់ បញ្ញា លើក​ឡើង​ថា ភាសា​ចិន នៅ​កម្ពុជា នៅ​តែ​ឈរ​លំដាប់​ជួរ​ទី​២ ក្រោយ​ភាសា​អង់គ្លេស​នៅឡើយ៖ «ខ្ញុំ​គិត​ថា វា​ដូចជា​មិន​មាន​ជា​បញ្ហា​អី​ទេ។ វា​បង្ហាញ​ថា មាន​ការ​យកចិត្ត​ទុកដាក់​រក​ស៊ី​ជាមួយ​ប្រទេស​ចិន។ តែ​ខ្ញុំ​គិត​ថា ភាសា​អង់គ្លេស​នៅតែ​ជា​ភាសា​គន្លឹះ​ស និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​ខាងលិច​នៅតែ​ជា​គន្លឹះ​ស»

នៅ​ក្នុង​ពេល​ខ្មែរ​ក្រហម​កាន់​អំណាច​ក៏​មាន​ការ​កាប់​សម្លាប់​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​ចិន ដូចជា​ជនជាតិ​ដទៃ​ទៀត​នៅ​កម្ពុជា​ដែរ។ ក្រោយ​ឆ្នាំ​១៩៧៩ របប​គ្រប់គ្រង​ប្រទេស​នៅ​ពេល​នោះ​ដោយ​មាន​កងទ័ព​វៀតណាម បាន​គាំទ្រ​ក៏​បាន​ធ្វើ​ទុក្ខបុកម្នេញ ជនជាតិ​ចិន​ដែរ។ ពួកគេ​ដោយ​ចាត់​ទុក​ជនជាតិ​ចិន ថា​ជា​ប្រភេទ​មនុស្ស​មិន​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​គេ​ហៅ​កាត់​ជនជាតិ​ចិន​រស់នៅ​កម្ពុជា នៅ​ពេល​នោះ​ថា ជា​ពួក ៣៥១។ ប៉ុន្តែ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា បាន​ផ្លាស់ប្ដូរ​ របប​នយោបាយ ដោយ​ប្រកាន់​របប​នយោបាយ​ទីផ្សារ​សេរី​ពហុបក្ស ហើយ​ជនជាតិ​ចិន​ដែល​រស់​នៅ​កម្ពុជា ក៏​បាន​ទទួល​ការ​ការពារ​ដោយ​ច្បាប់​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។

ប្រភព​សមាគម​ចិន​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មិន​មាន​ការ​ធ្វើ​ស្ថិតិ​ជា​ផ្លូវការ​ថា ចំនួន​ជនជាតិ​ ចិន ដែល​រស់​នៅ​កម្ពុជា មាន​ចំនួន​ប៉ុន្មាន​នាក់​ឲ្យ​បាន​ជាក់​លាក់​ឡើយ។ ប៉ុន្តែ​សមាគម​ចិន​នៅ​កម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា មាន​កូនចៅ​ចិន​ចំនួន​ពី ៤០​ម៉ឺន ទៅ ៦០​ម៉ឺន​នាក់ រស់​នៅ​កម្ពុជា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​សរុប ១៤​លាន​នាក់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។