ការស្នើសុំឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យ ធ្វើការស៊ើបអង្កេតលើករណីបាញ់សម្លាប់សកម្មជនការពារព្រៃឈើនេះ នៅបន្ទាប់ពីពួកគាត់បានចុះទៅធ្វើការអង្កេតផ្ទាល់នៅកន្លែងកើតហេតុ រកឃើញភាពមិនប្រក្រតីជាច្រើនចំពោះឃាតកម្មនេះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា តាមការចុះស៊ើបអង្កេតនៅកន្លែងកើតហេតុ លោកបានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋមួយចំនួនដែលជាកម្មករក្រុមហ៊ុនវារីអគ្គិសនី និងកម្មករស៊ីឈ្នួលគេកាប់ឈើនៅកន្លែងកើតហេតុនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខែត្រកោះកុង បានឲ្យដឹងថា កម្លាំងប៉េអិម និងមានទាហានជាច្រើននាក់បានតាមឃាត់រថយន្តលោក ឈុត វុទ្ធី និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) មិនមានតែពីរនាក់ទេ។
លោក ចាន់ សុវ៉េត បានបញ្ជាក់អំពីភាពមិនប្រក្រតីនៅទីកន្លែងបាញ់សម្លាប់លោក ឈុត វុទ្ធី ដូច្នេះ៖ «សកម្មភាពបទល្មើសនៅកន្លែងកើតហេតុនេះ ខាងមន្រ្តីកងរាជអាវុធហត្ថចុះទៅស៊ើបអង្កេតមើលទៅនៅឆកល្វែងច្រើនណាស់។ នៅកន្លែងខ្លះទៀតមិនបានរៀបចំគូរប្លង់ឲ្យបានច្បាស់លាស់ មិនកំណត់ទីតាំងឲ្យបានត្រឹមត្រូវ ហើយភស្តុតាងនៅកន្លែងទាំងប៉ុន្មានត្រូវបានផ្លាស់ប្ដូរ ដូចជាសពមន្ត្រីប៉េអិម អ៊ិន រតនា នោះ គេលើកទៅកន្លែងផ្សេង ក្រោយមកគេលើកមកកន្លែងដើមវិញ។ ការពិនិត្យទៅលើរថយន្តនៅកន្លែងខ្លះទៀត យើងមើលឃើញថា នៅឆកល្វែងច្រើនណាស់»។
លោក ឈុត វុទ្ធី ដែលជាសកម្មជនការពារធនធានធម្មជាតិយ៉ាងស្វិតស្វាញនៅពេលកន្លងមកនោះ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅវេលាម៉ោងប្រមាណ ១២ និង ២០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
កងរាជអាវុធហត្ថខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមេសា បានចេញរបាយការណ៍ស៊ើបអង្កេតស្តីពីករណីបាញ់ប្រហារលោក ឈុត វុទ្ធី ផ្ញើទៅអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
របាយការណ៍នោះបានសរសេរថា លោក ឈុត វុទ្ធី បានធ្វើដំណើរជាមួយអ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីររូបទៀត។ នៅពេលមកដល់ចំណុចវាល៣ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខែត្រកោះកុង កាលពីថ្ងៃទី២៦ ខែមេសា នោះ លោក ឈុត វុទ្ធី បានជួបជាមួយកម្លាំងអាវុធហត្ថចំនួនពីររូប មានឈ្មោះ អ៊ិន រតនា និងឈ្មោះ សូ សុភាព ដែលអ្នកទាំងពីរមានបេសកកម្មជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រកោះកុង ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។
ប៉ុន្តែនៅពេលលោក ឈុត វុទ្ធី និងកម្លាំងអាវុធហត្ថបានជួបគ្នា។ លោក ឈុត វុទ្ធី បានជេរប្រមាថកងកម្លាំងអាវុធហត្ថ នៅពេលនោះលោក អ៊ិន រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី បន្ទាប់មកបាញ់សម្លាប់ខ្លួនឯងចំនួន ២គ្រាប់។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមមន្ត្រីសិទ្ធិមនុស្សបានបដិសេធរបាយការណ៍អង្កេតមួយនេះ ដែលពួកគេបានលើកឡើងថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងការពិតទាំងស្រុងនោះឡើយ ជាពិសេសចំណុចដែលបាននិយាយថា មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា បានធ្វើអត្តឃាតដោយបាញ់ខ្លួនឯងចំនួន ២គ្រាប់ ដោយកាំភ្លើងវែង ប្រភេទ អាកា ៤៧។
ប្រធានក្រុមបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលលោកបានចុះទៅស៊ើបអង្កេតនៅកន្លែងកើតហេតុដែរនោះ មានប្រសាសន៍ថា ការស្លាប់របស់លោក ឈុត វុទ្ធី ស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ។
លោកបានទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតរឿងនេះឡើងវិញឲ្យមានតម្លាភាព និងទទួលយកបានទាំងអស់គ្នា ពីព្រោះរបាយការណ៍ស៊ើបអង្កេតរបស់កងរាជអាវុធហត្ថខែត្រកោះកុង មិនអាចទទួលយកបានឡើយ៖ «សមត្ថកិច្ចប៉េអិមថា រតនា ហ្នឹងបាញ់សម្លាប់ខ្លួនឯង នេះជារឿងស្រពិចស្រពិល។ យើងកំពុងតែធ្វើការស៊ើបអង្កេតបន្ត ព្រោះកន្លងមកអ្នកដែលបាញ់សម្លាប់ខ្លួនឯងមិនដែលពីរគ្រាប់ទេ អ្នកសម្លាប់ខ្លួនឯងច្រើនតែបាញនៅកន្លែងសៀតផ្កា និងនៅក្រោមចង្កា តែចំពោះលោក រតនា គឺពីរគ្រាប់ គឺនៅក្រោមដោះស្ដាំ និងលើដោះស្ដាំ។ បើសិនជាលោករតនា សម្លាប់ខ្លួនឯង ហេតុអីបានជាមិត្តភ័ក្ដិរបស់គាត់នៅកន្លែងកើតហេតុមិនឃាត់? យើងកំពុងរកព័ត៌មានថា លោក រតនា សម្លាប់ខ្លួនឯង ឬគេបាញ់ប្រហារគាត់?»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យនៃក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា។
មេបញ្ជាការកងរាជអាវុធហត្ថខែត្រកោះកុង លោក ថុង ណារ៉ុង មានប្រសាសន៍ថា អង្គភាពរបស់លោកកំពុងបើកការស៊ើបអង្កេតលើករណីនេះនៅឡើយ ហើយរបាយការណ៍ចេញកាលពីថ្ងៃទី២៧ ខែមេសា នោះ គ្រាន់តែជារបាយការណ៍បឋមទេ។ ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតចំពោះការបន្តស៊ើបអង្កេតនេះទេ។ លោកបញ្ជាក់ថា មន្ត្រីកងរាជអាវុធឈ្មោះ សូ សុភាព នោះ នៅក្នុងអង្គភាពកងរាជអាវុធហត្ថខែត្រនៅឡើយ។
លោក ថុង ណារ៉ុង៖ «ខាងអង្គការពិនិត្យឃើញយ៉ាងណា ជារឿងរបស់គាត់ ហើយខាងខ្ញុំកំពុងតែធ្វើការស៊ើបអង្កេត ហើយខ្ញុំសង្ឃឹមថានឹងដឹងការពិត»។
ទោះជាយ៉ាងណាក៏ដោយ ការបាញ់សម្លាប់លោក ឈុត វុទ្ធី នេះ លោក ចាន់ សុវ៉េត បានពន្យល់ថា ជាការបាញ់សម្លាប់ដើម្បីបំបិទមាត់ និងជាការគំរាមកំហែងដល់សកម្មជនការពារព្រៃឈើដទៃទៀត និងសកម្មជនការពារសិទ្ធិមនុស្សជាដើម។
លោក ចាន់ សុវ៉េត បានអះអាងថា មូលហេតុសំខាន់ចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី នេះ ដោយសារតែគេចង់បិទបាំងអំពីសកម្មភាពបទល្មើសព្រៃឈើរបស់ក្រុមហ៊ុនកាប់ឈើនៅកន្លែងកើតហេតុ៖ «ក្រុមហ៊ុនហ្នឹងដេញថ្លៃបានពីចិនមក ហើយក្រុមហ៊ុនហ្នឹងជិតផុតកុងត្រាហើយ ហើយក្រុមហ៊ុនហ្នឹងដូចគេនិយាយពីខាងប្រជាពលរដ្ឋ ជាក្រុមហ៊ុនរបស់អ្នកមានអំណាច មានស័ក្ដិ មានយស»។
ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់របស់លោក ឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធហត្ថមួយរូបទៀតនេះ នៅមានសាក្សីរស់ចំនួនពីររូបទៀតដែលដឹងអំពីស្ថានភាពមុនពេលកើតហេតុពិតប្រាកដ គឺអ្នកកាសែត ឌឹ ខេមបូឌា ដេលី កញ្ញា ផន បុប្ឆា និងកញ្ញា អូលេស្យា ផ្លូឃី (Olesia Plokhii) ជនជាតិកាណាដា។ ប៉ុន្តែតាំងពីថ្ងៃកើតហេតុមក អ្នកកាសែតទាំងពីរនាក់ មិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញ និងឃាតកម្មនេះ។
អត្ថបទរបស់កាសែត ឌឹ ខេមបូឌា ដេលី ចេញផ្សាយថ្ងៃសៅរ៍ ទី២៨ ខែមេសា បានសរសេរថា អ្នកកាសែតទាំងពីរនាក់មិនដឹងថា អ្នកណាជាបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។ ប៉ុន្តែពួកគេបញ្ជាក់ថា លោក ឈុត វុទ្ធី និងកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា នោះមិនទាន់ស្លាប់ភ្លាមៗទេ។ ក៏ប៉ុន្តែក្រុមទាហាន និងប៉េអឹម មិនបានជួយសង្គ្រោះទេ ដោយទុកឲ្យលោក ឈុត វុទ្ធី និងប៉េអឹម អ៊ិត រតនា នៅកន្លែងកើតហេតុរហូតដល់ស្លាប់ ទោះបីជាស្ត្រីអ្នកកាសែតបានស្នើសុំយកពួកគាត់ទៅពេទ្យក៏ដោយ។ ក្រុមទាហានទាំងនោះបានឃាត់មិនឲ្យស្ត្រីអ្នកកាសែតទាំងពីរចាកចេញពីកន្លែងកើតហេតុឡើយ។ ក្នុងពេលនោះ ស្ត្រីអ្នកកាសែតក៏បានស្តាប់ឮក្រុមទាហាននិយាយគ្នាថា "មិនបាច់និយាយច្រើនទេ សម្លាប់អ្នកទាំងពីរចោលទៅ"។
អត្ថបទកាសែតដដែលបានរៀបរាប់អំពីរឿងរ៉ាវកើតឡើងជាច្រើនទៀតនៅមុនពេលកើតហេតុ។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅថ្ងៃទី២៩ ខែមេសា បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក ឈុត វុទ្ធី។ នៅក្នុងសាររំលែកទុក្ខនោះ បានសរសេរថា លោក ឈុត វុទ្ធី ជាស្ថាបនិក និងជានាយកនៃក្រុមការពារធនធានធម្មជាតិ (NRPG) និងជាសកម្មជនដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារព្រៃឈើកម្ពុជា និងប្រឆាំងនឹងការកាប់ឈើខុសច្បាប់។ លោកគឺជាអ្នកគាំទ្រដ៏សកម្មមួយរូបនៃបណ្ដាញសហគមន៍ផ្សេងៗ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍មូលដ្ឋាននានា ដែលតស៊ូដើម្បីការពារធនធានធម្មជាតិនៅទូទាំងប្រទេស។
ក្នុងនាមជាសមាជិកអង្គការសង្គមស៊ីវិលនៅកម្ពុជា សូមថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់សម្លាប់សកម្មជនរូបនេះ។ នៅក្នុងហេតុការណ៍សោកនាដកម្មនេះ មន្ត្រីកងរាជអាវុធហត្ថមួយរូបក៏ត្រូវគេបាញ់សម្លាប់ដែរ។ អង្គការសង្គមស៊ីវិលអំពាវនាវឲ្យរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវលើករណីនេះ និងអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមធ្វើការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីនេះ និងចាប់ឃាតកពិតប្រាកដយកមកផ្ដន្ទាទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។