ក្រុម​ប្រឹក្សា​ឃុំ​នៅ​ខេត្ត​តាកែវ​គ្មាន​សាលា​ឃុំ​សម្រាប់​ធ្វើ​ការ

កង្វះ​សាលា​ឃុំ​សម្រាប់​បំពេញ​ការងារ នៅ​ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ត្រូវ​ក្រុម​ប្រឹក្សា​ឃុំ​នោះ​ត្អូញត្អែរ​ថា មាន​ការ​លំបាក​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ និង​បើក​ការ​ប្រជុំ​ក្នុង​ឃុំ។
ដោយ អ៊ុក សាវបូរី
2012.08.30

ជំទប់​ទី​១​ឃុំ​ចារ លោក ផាន់ ធួន ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា ក្រោយ​ការ​ប្រកាស​សុពលភាព​ឲ្យ​ចូល​ធ្វើ​ការងារ​នៅ​ក្នុង​ឃុំ​ចារ គាត់​គ្មាន​កន្លែង​អង្គុយ​ធ្វើ​ការ​ឡើយ ព្រោះ​សាលា​ឃុំ​បាន​ដាក់​នៅ​ក្នុង​ទីស្នាក់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «សព្វថ្ងៃ​ហ្នឹង គឺ​ខ្ញុំ​ទ្រាំ​ចូល​ទៅ​ក្នុង​កន្លែង​ស្នាក់​ការ​របស់​គណបក្ស​គេ ព្រោះ​កាល​ពី​អាណត្តិ​ទី​២​ហ្នឹង គេ​បាន​ជួល​ស្នាក់​ការ​របស់​គណបក្ស​ប្រជាជន​នោះ​មួយ​សារ​រួច​ទៅ​ហើយ ឥឡូវ​ផុត​អាណត្តិ ខ្ញុំ​ចង់​ពិភាក្សា គឺ​ប្ដូរ​ទីស្នាក់ការ»

ជំទប់​ទី​២ ឃុំ​ចារ លោក ឈឹម ម៉េងលី ថ្លែង​ថា ពួក​គាត់​មិន​អាច​បម្រើ​ប្រជាពលរដ្ឋ​ពេញ​លក្ខណៈ ដូច​ជា​បញ្ជាក់​ឯកសារ ទទួល​ពាក្យ​បណ្ដឹង ឬ​ដោះស្រាយ​ការងារ​ផ្សេងៗ​បាន​ឡើយ ដោយ​សារ​សាលា​ឃុំ​គ្មាន ហើយ​កន្លែង​ធ្វើ​ការ​នៅ​ក្រោម​ផ្លាក​គណបក្ស​ប្រជាជន​កម្ពុជា៖ «ហើយ​មន្ទីរ​បក្ស​ហ្នឹង ផ្លាក​ធំ​នោះ គេ​ដាក់​កន្លែង​គណបក្ស ហើយ​គេ​ដាក់​ផ្លាក​តូច​មួយ​ទៀត គេ​ដាក់​សាលា​ឃុំ​ជាប់​គ្នា​នឹង​ហ្មង ប៉ុន្តែ​មន្ទីរ​នោះ គឺ​ផ្ទះ​ហ្នឹង​តែ​មួយ​ទេ»

ប្រជាពលរដ្ឋ​ភូមិ​ស្រែពោធិ៍ សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ថ្លែង​ថា កាល​ពី​អាណត្តិ​មុនៗ សាលា​ឃុំ​ស្ថិត​នៅ​ក្នុង​ភូមិ​នេះ ប៉ុន្តែ​នៅ​ចុង​អាណត្តិ​ទី​២​នៃ​ឃុំ-សង្កាត់ សាលា​ឃុំ​បាន​ប្ដូរ​ទីតាំង​ទៅ​ដាក់​ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។ ពួក​គាត់​មាន​ការ​លំបាក​ក្នុង​ការ​ទៅ​រក​មន្ត្រី​ឃុំ ដើម្បី​បញ្ជាក់​ឯកសារ​នានា។ គាត់​ត្រូវ​ដើរ​រក​មេឃុំ ជំទប់ ស្មៀន តាម​ផ្ទះ៖ «អា​ថ្មីៗ​ហ្នឹង ធ្វើ​ដាក់​នៅ​កន្លែង​បក្ស។ អ៊ីចឹង ប្រជាពលរដ្ឋ​រក​អត់​ឃើញ។ ដល់​ពេល​អ៊ីចឹង ឃើញ​តែ​កន្លែង​បក្ស វា​មិន​អព្យាក្រឹត​ទេ។ សាលា​ឃុំ​នោះ បើ​ឃើញ​តែ​ផ្លាក​គណបក្ស​ប្រជាជន ហើយ​ប៉ុស្តិ៍​រដ្ឋបាល​នោះ ក៏​នៅ​ក្នុង​បក្ស​ជាមួយ​គ្នា​ដែរ រួម​គ្នា»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត នៅ​ភូមិ​ចន្ទមង្គល ថ្លែង​ថា ក្រសួង​មហាផ្ទៃ​គួរ​តែ​ផ្ដល់​កន្លែង​ធ្វើ​ការ​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ ដែល​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ បើ​មិន​ដូច្នេះ​ទេ ការងារ​ក្នុង​ឃុំ​នឹង​រយីករយោក ហើយ​មើល​ទៅ​ហាក់​ដូច​ធ្វើ​ការ​តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ នាំ​ឲ្យ​មិន​អព្យាក្រឹត​ការងារ​ឡើយ។

មេឃុំ​ចារ លោក សាត់ សាអែម ថ្លែង​ថា ក្រុម​ប្រឹក្សា​ទាំង​អស់​មាន​ការ​លំបាក​ដែរ ដោយ​ពលរដ្ឋ​ចោទ​ថា ពួក​គាត់​ធ្វើ​ការ​ប្រកាន់​គណបក្ស​នយោបាយ​ទៅ​វិញ។ លោក​បន្ថែម​ថា កាល​ពី​អាណត្តិ​មុនៗ សាលា​ឃុំ​មាន ប៉ុន្តែ​ចាស់​ទ្រុឌទ្រោម ទើប​រើ​មក​ដាក់​ធ្វើ​ការ​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​បណ្ដោះ​អាសន្ន។ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៣ មន្ត្រី​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ទាំង​អស់ រង់ចាំ​ក្រសួង​មហាផ្ទៃ​សង់​សាលា​ឃុំ​ឲ្យ ដើម្បី​មាន​កន្លែង​ធ្វើ​ការ។ លោក​ថា ដី​សម្រាប់​សង់​សាលា​ឃុំ​ចារ គឺ​បាន​ទុក​នៅ​ក្នុង​ដី​សាលា​ឃុំ​ចាស់ នៅ​ក្នុង​ភូមិ​ស្រែពោធិ៍។

ទី​តាំង​សម្រាប់​សង់​សាលា​ឃុំ​ថ្មី​នោះ បាន​ចាក់​ដី​ត្រៀម​ទុក​រួច​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទាន់​ផ្ដល់​លុយ​មក​ឲ្យ​សង់។ លោក​ថា ទោះ​ជា​យ៉ាង​ណា មន្ត្រី​ជាប់​ឆ្នោត​នៅ​ក្នុង​ឃុំ​ចារ គ្រប់​គណបក្ស​បាន​ចូល​ធ្វើ​ការ​ក្នុង​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​ការ​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ គឺ​ធ្វើ​នៅ​ក្នុង​វត្ត​ចារ នៅ​ក្បែរ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ៖ «សុខ​ចិត្ត​យក​កន្លែង​ស្នាក់​ការ​គណបក្ស​ធ្វើ​ការ​បណ្ដោះ​អាសន្ន រង់ចាំ​រដ្ឋាភិបាល​ធ្វើ​សាលា​ឃុំ​ឲ្យ បាន​យើង​មាន​លទ្ធភាព​ចេញ​ពី​កន្លែង​ហ្នឹង ខ្ញុំ​គិត​ថា ទោះ​បី​តូច​ធំ​អី​ឆ្នាំ​នេះ បើ​សិន​ជា​មហាផ្ទៃ​គេ​អត់​ធ្វើ​ឲ្យ ខ្ញុំ​គិត​ថា ធ្វើ​តូច​តាច​អី​ធ្វើ​ឲ្យ​ដាច់​ទៅ»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តម​សេនីយ៍ ខៀវ សុភ័គ ថ្លែង​ថា ការ​សាង​សង់​សាលា​ឃុំ​មាន​ក្នុង​ផែនការ​របស់​ក្រសួង​ជា​រៀងរាល់​ឆ្នាំ។ លោក​ថា ការ​សង់​សាលា​ឃុំ ត្រូវ​ធ្វើ​ជា​ជំហានៗ ពីព្រោះ​តម្រូវ​ទៅ​តាម​ថវិកា​ដែល​រដ្ឋាភិបាល​មាន។ ដូច្នេះ សាលា​ឃុំ​មិន​អាច​សង់​ឲ្យ​បាន​គ្រប់​ខេត្ត នៅ​ទូទាំង​ប្រទេស​បាន​ភ្លាម​ទេ។ ក្នុង​ឆ្នាំ​នីមួយៗ ក្រសួង​ត្រូវ​សង់​សាលា​ឃុំ​ច្រើន​រយ​ខ្នង​ទៅ​តាម​ដំណាក់​កាល៖ «ព្រោះ​ធម្មតា យើង​មិន​មែន​បាន​លុយ​ភ្លាម​ធ្វើ​ទាំង​អស់​ទូទាំង​ប្រទេស​ទេ យើង​ធ្វើ​បាន​តាម​ជំហានៗ​ទៅ»

នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ឃើញ​សាលា​ឃុំ​មួយ​ចំនួន ស្ថិត​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា និង​នៅ​ក្បែរ​ប៉ុស្តិ៍​នគរបាល​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។