តម្លៃទំនិញជាពិសេសស្បៀងអាហារដែលបាននិងកំពុងឡើងកប់ពពកក្នុងខណៈនេះ បានធ្វើឲ្យអង្គការនិងស្ថាប័នអន្តរជាតិនានារួមមានអង្គការស្បៀង អាហារពិភពលោក ធនាគារពិភពលោក ។ល។ មានការព្រួយបារម្ភចំពោះបញ្ហាជួយបំពេញក្រពះប្រជាពលករពិភពលោក ដែលបច្ចុប្បន្នកើនឡើងឥតឈប់ឈរ រហូតសព្វថ្ងៃមានចំនួនជាង ៦ពាន់៨រយលាននាក់ហើយនោះ ហើយដែលក្នុងចំនួននេះមានដល់ទៅជាង ២ពាន់៨រយលាននាក់ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ។
លោក Joachim von Braun អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវនយោបាយស្បៀង ឬ IFPRI នៅទីក្រុងវ៉ាស៊ីនតោន មានប្រសាសន៍ថា ៥០% នៃជនក្រីក្រដល់កម្រិត គឺឋិតនៅតំបន់អាស៊ី ៖ «...យោងតាមការទស្សន៍ទាយបច្ចុប្បន្ននេះ ៥០%នៃជនក្រីក្រដែលក្រជាទីបំផុត ស្ថិតនៅក្នុងទ្វីបអាស៊ី ហើយការប៉ាន់ទុកជាមុន ក៏បង្ហាញថា ៣ភាគ៤នៃចំនួននេះ រស់នៅក្នុងទីជនបទ...» ។
លោក Joachim von Braun ក៏មានប្រសាសន៍ផងដែរថា កសិកម្មពិភពលោកបានឈានចូលដល់សម័យកាលថ្មីមួយដែលគ្មានស្ថិរភាពនិងប្រកបដោយគ្រោះថ្នាក់ខាងនយោបាយ ។
យោងតាមស្ថិតិរបស់សភាពាណិជ្ជកម្មក្រុងឈីកាហ្គោ នៅឆ្នាំ ២០០៧ ស្រូវសាលីបានឡើងថ្លៃ ៧៧% អង្ករ ១៦% ដែលជាកំណើនតម្លៃដ៏គំហុកបំផុត តាំងពីមានការកត់ត្រាទុកមក ។ ក៏ប៉ុន្តែនៅឆ្នាំ ២០០៨នេះ ល្បឿននៃកំណើនតម្លៃស្ទុះលឿនស្លេវ គឺចាប់ពីខែមករាមក តម្លៃអង្ករបានបោះពួយឡើងកប់ពពក ១៤១% ហើយមានស្រូវសាលីមួយប្រភេទបានឡើងថ្លៃដល់ទៅ២៥%ក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ ។
ការឡើងថ្លៃទំនិញជាទូទៅនេះបាននាំមកនូវការចលាចលក្នុងច្រើនប្រទេស ។ កាលពីដើមខែមេសា ប្រជាជនប្រទេសកូតឌីវ័រ បានបះបោរដុតផ្សារផ្សោធ្វើឲ្យរដ្ឋាភិបាល ត្រូវបង្ខំចិត្តពន្យារពេលការបោះឆ្នោត។ នៅប្រទេសហៃទីបាតុករបះបោរទាមទារស្បៀងអាហារបង្ខំឲ្យលោកនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង។ នៅប្រទេសកាម៉ឺរូន មានមនុស្ស២៤នាក់ស្លាប់ក្នុងការប្រឆាំងតវ៉ាពីកង្វះស្បៀង។ នៅប្រទេសអេហ្ស៊ីប លោកប្រធានាធិបតីបានបញ្ជាឲ្យកងទ័ពនិងនគរបាលផលិតនំប៉័ង ដើម្បីឆ្លើយតបនឹងការឡើងថ្លៃ ។ នៅប្រទេសហ្វីលិពីន ការលួចស្តុកស្រូវអង្ករដើម្បីកេងយកចំណេញមានទោសជាប់គុកអស់មួយជីវិត។ នៅកម្ពុជារដ្ឋាភិបាលបន្ទីរបន្ទាន់បញ្ចេញអង្ករលក់ឲ្យអ្នកស្រុកក្នុងតម្លៃថោក ។ល។
លោកប្រធានធនាគារពិភពលោក រ៉បឺត ហ្សិល្លិក បានគន់គូរថាអតិផរណានៃតម្លៃស្បៀងអាហារលើកនេះ អាចនឹងជំរុញឲ្យមនុស្សយ៉ាងហោចណាស់ ១០០លាននាក់ទៀត ធ្លាក់ក្នុងភាពក្រីក្រដែលជាការលុបចោលនូវកំណើនជឿនលឿនផ្នែកសេដ្ឋកិច្ច ដែលអ្នកក្ររាប់ពាន់លាននាក់បានទទួលក្នុងជិតមួយទសវត្សរ៍កន្លងមក។
តើស្បៀងអាហារឡើងថ្លៃនេះមកពីប្រភពណា ?
សេដ្ឋវិទូនានាបានវិភាគថាតម្លៃមិនថាឡើងឬចុះ កត្តាសំខាន់គឺតម្រូវការរបស់អ្នកបរិភោគ ហើយតម្រូវការនេះមានការផ្លាស់ប្ដូរកាន់តែខ្លាំងឡើងពីប្រជាជននៅស្រុកចិននិងឥណ្ឌាដែលបច្ចុប្បន្ននេះមានជីវភាពកាន់តែធូរធារមានបាន ។ ដូច្នេះគេត្រូវការអាហារ ជាអង្ករ ត្រីសាច់ កាន់តែច្រើន។ ក្រៅពីនេះនៅបស្ចិមប្រទេសក៏មាននិន្នាការ ងាកទៅប្រើប្រេងជីវឥន្ធនៈកាន់តែខ្លាំងក្លា ធ្វើឲ្យមានការពង្រីកផ្ទៃដីដាំធញ្ញជាតិ សម្រាប់គាបយកប្រេងកាន់តែច្រើន ។
អ្នកវិភាគខ្លះទៀតបន្ទោសតម្លៃប្រេងឥន្ធនៈហ្នឹងតែម្តង ដែលបានហក់ឡើងយ៉ាងគំហុកពីមួយធុងតែ ២៦ដុល្លារ កាលពីឆ្នាំ ២០០១ ឡើងដល់ ៧២ដុល្លារឆ្នាំទៅមិញ និងជាង ១០០ដុល្លារ រហូតដល់ ១២០ដុល្លារបច្ចុប្បន្ននេះ ។
លោក Jim Sartwelle សេដ្ឋវិទូនៃការិយាល័យកសិដ្ឋានអាមេរិក មានប្រសាសន៍ថា ទំនិញឡើងថ្លៃនេះ គឺមួយភាគធំកើតមកពីតម្លៃថាមពល ៖ «...បើយើងទទួលស្គាល់ថា កសិករបានប្រាក់ចំណូលតែ ២២សេនប៉ុណ្ណោះក្នុងស្បៀងអាហារដែលលក់ក្នុងតម្លៃ ១ដុល្លារនោះ តើសល់ពីនោះប្រាក់វាទៅណា ? គឺវាត្រូវចំណាយទៅលើការកែច្នៃកសិផល ការដឹកជញ្ជូន ។ល។ ដែលសុទ្ធតែត្រូវប្រើថាមពល គឺអគ្គិសនី និងប្រេងឥន្ធនៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុង១២ខែកន្លងមកនេះ ប្រេងសាំងបានឡើងថ្លៃដល់ទៅ ១០៥%ណោះ ។ ដូច្នេះជាការពិតណាស់ អ្នកនឹងឃើញថាតម្លៃស្បៀងអាហារលក់រាយនៅតាមហាង ចាំបាច់ត្រូវតែឡើងខ្ពស់» ។
តើមានកត្តាអ្វីទៀតដែលបានជំរុញឲ្យតម្លៃទំនិញក្នុងពិភពលោកឡើងខ្ពស់ទ្វេមួយជាពីរជាបីដូច្នេះ ?
ទស្សនាវដ្តីអ្នកសេដ្ឋសាស្ត្ររបស់អង់គ្លេសសរសេរថា អ្វីដែលធ្វើឲ្យបញ្ហាទំនិញកាន់តែស្មុគគឺការដាក់កូតានាំចេញដោយផលិតករធញ្ញជាតិធំៗ ការដណ្តើមទិញដោយអ្នកនាំចូលធញ្ញជាតិ និងការប៉ាន់តម្លៃកទុកជាមុន របស់ក្រុមអ្នករកស៊ីកេងយកចំណេញពីផ្សារកសិផល ។
ការដែលរដ្ឋាភិបាលប្រទេសនានាបានអន្តរាគមន៍ជួយបន្ធូរបន្ថយគំនាបតម្លៃជាប្រយោលក៏ជាការធ្វើឲ្យកសិករស្ទុះស្ទារក្នុងការផលិតស្បៀងអាហារដើម្បីបង្រប់តម្រូវការនោះដែរ ។
យោងតាមប្រភពធនាគារពិភពលោក ក្នុងចំណោមប្រទេសចំនួន ៥៨ដែលធនាគារនេះបានតាមដានប្រមើលមើលប្រតិកម្មទៅនឹងទំនិញឡើងថ្លៃ មាន៤៨ប្រទេសបានដាក់កំណត់តម្លៃទំនិញ ជួយគាំទ្រជាប្រាក់ដើម្បីឲ្យទំនិញមានតម្លៃថោកដាក់កម្រិតលើការនាំចេញឬក៏បន្ថយពន្ធលើទំនិញនាំចូល ។
ក៏ប៉ុន្តែវិធានការរដ្ឋទាំងនេះមិនអាចនៅឋិតឋេរចេរកាលបានឡើយ ដូច្នេះតើពិភពលោកបានស្បៀងពីណាមកបង្គ្រប់តម្រូវការបច្ចុប្បន្ននេះ ?
យោងតាមទស្សនាវដ្តីអ្នកសេដ្ឋសាស្ត្រសព្វថ្ងៃនេះ ប្រទេសអ្នកមានកំពុងបង្កើនផលិតកម្មកសិផលរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិកកំពុងដាំស្រូវសាលីរដូវរងារបន្ថែម ៤% ហើយផ្ទៃដីដាំក្នុងនិទាឃរដូវ ក៏ច្បាស់ជានឹងកើនឡើងដែរ ។ រីឯសហភាពអឺរ៉ុបក៏គេទស្សន៍ទាយថា ការប្រមូលផលស្រូវសាលីឆ្នាំនេះនឹងកើនផលិតផល ១៣% ថែមទៀត ។
លោក Robert Zeigler នៃវិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិឬអ៊ីរី នៅប្រទេសហ្វ៊ីលិពីនបានអធិប្បាយថា ទោះយ៉ាងនេះក្តីគេអាចបង្កើនផលិតផលស្រូវបានបើសិនជាគេអាចទប់ទល់នឹងកត្តាអវិជ្ជមានមួយចំនួន ៖ «...យើងរំពឹងថានឹងមានការឆ្លើយតបខ្លះៗពីខាងកសិករទៅនឹងតម្លៃដែលចេះតែឡើងខ្ពស់ ក៏ប៉ុន្តែយើងបានបណ្តោយឲ្យហេត្ថារចនាសម្ព័ន្ធផ្នែកធារាសាស្ត្រធ្លាក់ទ្រុឌទ្រោម យើងបានបណ្ដោយឲ្យការរីកសាយនៃទីប្រជុំជនចូលទៅក្នុងតំបន់ដែលដីមានជីជាតិល្អ សម្រាប់ការដាំស្រូវនៅអាស៊ី ហើយយើងក៏មានការប្រជែងដណ្តើមប្រភពទឹក ពីខាងឧស្សាហកម្មថែមទៀតដែលទាំងអស់នេះសុទ្ធតែជាកត្តាដែលមិនអំណោយផលដល់ការបង្កើនផលិតផលស្រូវ...» ។
ទោះជាយ៉ាងនេះក្តីទាំងអ្នកសេដ្ឋសាស្ត្រ ទាំងអ្នកស្រឡាញ់បរិស្ថាន ចង់ឲ្យការឆ្លើយតបទៅនឹងតម្រូវការស្បៀងលើកនេះ ចេញពីអ្នកស្រែតូចតាចដែលមានដីមួយហិកតា ពីរហិកតា ប្រមាណជា ៤៥០លាននាក់ក្នុងពិភពលោកនេះជាអ្នកធ្វើទៅវិញ ។ នេះគឺផ្អែកលើហេតុផល៣ប្រការ ៖ ទី១ វានឹងជួយកាត់បន្ថយភាពក្រីក្រដោយសារថា ២ភាគ៣នៃជនដែលមានចំណូលមួយថ្ងៃ១ដុល្លារនោះ រស់នៅក្នុងជនបទមានដីស្រែតែបន្តិចបន្តួច ។ ទី២ បើជំរុញឲ្យកសិករតូចតាចបង្កបង្កើនផល គេមិនបាច់រានឆ្ការដីបន្ថែមទៀតឡើយ ដូច្នេះវាជាការជួយរក្សាបរិស្ថាន ។ ទី៣ការនេះវាមានសក្តានុពល អាចធ្វើបានងាយជាង បើប្រៀបធៀបប្រាក់ចំណូលទៅនឹងប្រាក់វិនិយោគ គឺថាការបង្កើនទិន្នផលស្រូវនៅអាហ្វ្រិកពី២តោនឲ្យទៅជា៤តោនមួយហិកតានោះ វាអាចធ្វើបានងាយជាងព្យាយាមដំឡើងទិន្នផលនៅអឺរ៉ុបពី ៨តោនឲ្យបាន១០តោនក្នុងមួយហិកតា ។
លោក Robert Zeigler នៃអង្គការអ៊ីរី មានប្រសាសន៍ថា វិទ្យាស្ថានរបស់លោកនៅមានលទ្ធភាពអាចគិតគូរបង្កាត់ពូជស្រូវដែលនឹងបង្កើនទិន្នផល ពី១ទៅ២តោនមួយហិកតា បានថែមទៀត ហើយបើសិនជាប្រទេសនៅអឺរ៉ុបកាត់បន្ថយការប្រឆាំងទៅនឹងដំណាំ GMO ឬដំណាំដែលគេកែច្នៃសែនរបស់វា ពួកអ្នកវិទ្យាសាស្ត្រខាងរុក្ខវិទ្យាក៏នឹងអាចធ្វើរស្មីសំយោគ ក្នុងដំណាំដែលនឹងអាចបង្កើនទិន្នផលដល់ទៅ ៥០%ឬលើសនោះទៅទៀត ៕