នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌ លោក សំ ប្រជាមានិត បានមានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា នេះថា ពិធីប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ចរបស់មន្ត្រីតុលាការនេះ នឹងត្រូវធ្វើមុនគេនៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពរបស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លោកមានប្រសាសន៍បន្តថា ៖ «ព្រះរាជក្រឹត្យផ្លាស់ប្ដូរចៅក្រម ព្រះរាជអាជ្ញា យើងមាន ៥៥នាក់ ធ្វើក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះមានប្រធានតុលាការពីរខេត្ត និងមានព្រះរាជអាជ្ញា ៦ខេត្ត។ ប្រធានតុលាការ មានប្រធានតុលាការកំពង់ចាម ប្រធានតុលាការខេត្តក្រចេះ បើព្រះរាជអាជ្ញាមានបន្ទាយមានជ័យ កំពង់ស្ពឺ ស្វាយរៀង ព្រះវិហារ ពោធិ៍សាត់ និងមណ្ឌលគិរី ធ្វើ គឺថា ក្នុងពេលតែមួយ ប៉ុន្តែវាមិនបានអស់ទេ គ្រាន់តែថា ឲ្យអស់នៅក្នុងសប្តាហ៍ក្រោយ»។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន បានមានប្រសាសន៍ស្វាគមន៍ចំពោះការប្រកាសចូលកាន់តំណែង ផ្ទេរតំណែងរបស់មន្ត្រីតុលាការនេះ។ លោកបន្តថា នេះជាការផ្លាស់ប្ដូរ និងការទទួលតំណែងតាមអាណត្តិរបស់មន្ត្រីតុលាការនៅទូទាំងប្រទេស ៖ «យើងខ្ញុំខាងអាជ្ញាធរអត់មានបញ្ហាអីទេ គាំទ្រការប្រកាសរបស់ក្រសួងយុត្តិធម៌ដែលបានរៀបចំតែងតាំង»។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍ថា ព្រះរាជអាជ្ញាថ្មីដែលត្រូវចូលទៅកាន់តំណែងជំនួសលោក សូវ៉ាត អតីតព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពកាលពីអំឡុងខែមិថុនា នោះ គឺជាមន្ត្រីមកពីតុលាការកំពូល ចំណែកឯលោក តន់ សីហៈតេជៈ ជាព្រះរាជអាជ្ញារងតុលាការខេត្តបន្ទាយមានជ័យ នឹងត្រូវផ្លាស់ទៅទទួលតំណែងព្រះរាជអាជ្ញានៅសាលាដំបូងខេត្តពោធិ៍សាត់។
លោក អ៊ុក កែវរតនៈ បន្ថែម ៖ «លោក ផាន់ វណ្ណារ័ត្ន គាត់ជាព្រះរាជអាជ្ញាអមមហាអយ្យការតុលាការកំពូល ប៉ុន្តែវាស្របពេលលោក សូវ៉ាត់ គាត់បានស្លាប់ផង អ៊ីចឹងព្រះរាជអាជ្ញាវាអត់មាន ហើយលោក តន់ សីហៈតេជៈ ព្រះរាជអាជ្ញារង ទទួលជាស្ដីទី ឥឡូវហ្នឹង។ លោក តន់ សីហៈតេជៈ ដោយសារដល់អាណត្តិគាត់ដែរ គេដកគាត់ពីព្រះរាជអាជ្ញារង ពីតុលាការខេត្តបន្ទាយមានជ័យ តែងតាំងដំឡើងឋានៈគាត់ជាព្រះរាជអាជ្ញាតុលាការខេត្តពោធិ៍សាត់ ជំនួស លោក តុប ចន្ទសិរីវុឌ្ឍ ដែលមានពិរុទ្ធនោះ»។
ព្រះរាជអាជ្ញារងតុលាការខេត្តបន្ទាយមានជ័យ លោក តន់ សីហៈតេជៈ បានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីពិធីប្រកាសតែងតាំងព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១១ រួច លោកនឹងធ្វើដំណើរទៅទទួលតំណែងជាព្រះរាជអាជ្ញាតុលាការខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១១។
ទាក់ទិនការទទួលតំណែងថ្មីនេះ លោកបានធ្វើការប្ដេជ្ញាចិត្តដូច្នេះថា ៖ «ខ្ញុំនឹងប្ដេជ្ញាចិត្តធ្វើការតាមច្បាប់ យើងគោរពច្បាប់ទាំងអស់គ្នា យើងត្រូវតែគោរពច្បាប់»។
តំណែងព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានគេទុកទំនេរចោលអស់រយៈពេលជាច្រើនខែ ក្រោយពីលោក តុប ចន្ទសិរីវុឌ្ឍ អតីតព្រះរាជអាជ្ញាតុលាការខេត្តពោធិ៍សាត់ ត្រូវបានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយធ្វើការចាប់ខ្លួន ដែលគេសង្ស័យថា មានពាក់ព័ន្ធបទល្មើស និងប្រព្រឹត្តអំពើពុករលួយកាលពីដើមឆ្នាំ២០១១នេះ។
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ព្រះអង្គបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ដើម្បីធ្វើការផ្លាស់ប្ដូរតួនាទី និងតែងតាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទូទាំងប្រទេសចំនួន ៥៥។
មន្ត្រីក្រសួងយុត្តិធម៌ឲ្យដឹងថា ពិធីប្រកាសតែងតាំង និងផ្លាស់ប្ដូរប្រធានតុលាការ ព្រះរាជអាជ្ញាទាំង ៥៥នាក់ នឹងត្រូវឲ្យរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១១នេះ៕