តុលាការ​ខែត្រ​ស្វាយរៀង​ចេញ​ដីកា​ចាប់​ខ្លួន​សម​រង្ស៊ី

តុលាការ​ខេត្ត​ស្វាយរៀង​បាន​ចេញ​ដីកា​ជា​ផ្លូវការ​ហើយ​ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍ កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ។

ប្រភព​ដែល​ជិតស្និទ្ធ​នឹង​តុលាការ​ខេត្ត​ស្វាយរៀង​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដីកា​នាំ​ខ្លួន​នោះ​បាន​ចេញ​ដោយ​តុលាការ​ខេត្ត​ស្វាយរៀង​ចុះ​ថៃ្ង​ទី​២៩ ខែ​ធ្នូ​ថ្មីៗ​នេះ។

លោក ជូង ជូងី ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី ក្នុង​សំណុំរឿង​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​នឹង​បន្ត​ការពារក្តី​នេះ​តាម​នីតិ​វិធី​ច្បាប់។

លោក ជូង ជូងី បាន​បញ្ជាក់​ថា ៖ «ការពារ​សិទ្ធិ​របស់​គាត់​ទៅ​តាម​ផ្លូវ​ច្បាប់​គឺ​ការពារ​នៅ​ចំពោះ​មុខ​តុលាការ កាល​ណា​តុលាការ​ចោទ​ប្រកាន់​ចង់​ដាក់​ទោស​គាត់»

ប្រតិកម្ម​ទៅ​នឹង​ការ​តាម​ចាប់​ខ្លួន​ដោយ​តុលាការ​ខេត្ត​ស្វាយរៀង​នោះ លោក សម រង្ស៊ី មេ​ដឹកនាំ​នៃ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ថា លោក​មិន​ញញើត​នោះ​ទេ។

លោក សម រង្ស៊ី បាន​ថ្លែង​ថា ៖ «ពីព្រោះ​គេ​ចេញ​ក៏​ប៉ុណ្ណឹង គេ​មិន​ចេញ​ក៏​ប៉ុណ្ណឹង ខ្ញុំ​ទៅ​ក៏​ប៉ុណ្ណឹង ខ្ញុំ​មិន​ទៅ​ក៏​ប៉ុណ្ណឹង ខ្ញុំ​ថា​ម៉េច​ក៏​នៅតែ​ដដែល​ចំពោះ​គេ! ដូច្នេះ​ខ្ញុំ​មិន​ទៅ​លេង​សើច​ជាមួយ​នឹង​តុលាការ​អាយ៉ង​ហ្នឹង​ទេ!»

លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា អាដហុក បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា វា​ហាក់​ដូច​ជា​លឿន​ពេក​ក្នុង​ការ​ធ្វើ​ដូច្នោះ។

លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​បាន​ឃើញ​ដីកា​ហ្នឹង​នៅ​ឡើយ​ទេ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​ដឹង​ថា តុលាការ​ខេត្ត​ស្វាយរៀង​បាន​ព្យាយាម​និង​ខំ​ប្រឹង​កិច្ចការ​របស់​ខ្លួន​តាម​របៀប​មួយ​គេ​ហៅ​ថា នីតិ​វិធី ប៉ុន្តែ​នីតិ​វិធី​នេះ​ហាក់បី​ដូច​ជា​ផ្លោះ​ច្រើន»

ការ​ចេញ​ដីកា​នាំ​ខ្លួន​ឬ​ចាប់​ខ្លួន លោក សម រង្ស៊ី នោះ គឺ​ក្រោយ​ពេល​ដែល​តុលាការ​ខេត្ត​ស្វាយរៀង​បាន​បដិសេធ​យ៉ាង​ដាច់ខាត​ទៅ​លើ​សំណើ​របស់​លោក សម រង្ស៊ី តាមរយៈ​មេធាវី​របស់​លោក​នៅ​ក្នុង​ការ​សុំ​ពន្យារ​ពេល​នៃ​ការ​សាកសួរ​ទៅ​ថៃ្ង​ក្រោយ​ទៀត នៅ​គ្រា​ដែល​តុលាការ​ខេត្ត​ស្វាយរៀង​នោះ​បាន​កោះហៅ​ឲ្យ​លោក សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​មុខ​តុលាការ​កាល​ពី​ថៃ្ង​ទី​២៩ ខែ​ធ្នូ​កន្លង​ទៅ​នេះ។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង ចោទ​ប្រកាន់​ក្រោម​បទ​ព្រហ្មទណ្ឌ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នៃ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម លេខ​១៨៥ នៅ​ក្នុង​ភូមិ​កោះក្បាន​កណ្តាល ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា​កន្លង​ទៅ​នេះ។

យ៉ាង​ហោច​ណាស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ២​នាក់ គឺ​លោកស្រី មាស ស្រី និង​លោក ព្រំ ជា បាន​រង​ការ​ចាប់​ឃុំខ្លួន​កាល​ពី​ថៃ្ង​ទី​២៣ ខែ​ធ្នូ​កន្លង​ទៅ​នេះ ដោយ​តុលាការ​ខេត្ត​ស្វាយរៀង​ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​ជាមួយ​លោក សម រង្ស៊ី នោះ​ដែរ ក្រោយ​ពី​តុលាការ​បាន​សាកសួរ​រួច​ហើយ​នៅ​ពេល​នេះ៕