តុលាការខេត្តបន្ទាយមានជ័យ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងមន្ត្រីប៉ូលិសប្រឆាំងការជួញដូរថ្នាំញៀន ២នាក់ ដោយមានការចោទសួរដេញដោលពីសំណាក់ក្រុមចៅក្រមជំនុំជម្រះ តំណាងអយ្យការ និងក្រុមមេធាវីការពារក្ដីចុងចោទពេញមួយថ្ងៃ នៅថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១។
លោក អ៊ិត សម្ផស្ស ប្រធានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រកាសថា សវនាការលើសំណុំរឿងអតីតមេប៉ូលិសប្រឆាំងគ្រឿងញៀននេះមានចំនួន ៣៨អង្គហេតុ និងត្រូវបើកសវនាការជំនុំជម្រះចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១២។
នៅថ្ងៃសវនាការដំបូងនេះ តុលាការបានលើកយកអង្គហេតុនៃសំណុំរឿងចំនួនពីរ ទាក់ទិនការចុះបង្ក្រាបគ្រឿងញៀនធំៗមួយចំនួន កាលពីបួនឆ្នាំមុននៅទីក្រុងភ្នំពេញ។
ជនសង្ស័យ ២នាក់ មានលោក ម៉ឹក ដារ៉ា អតីតអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជា ឡេង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន និងសាក្សីជាមន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀនជាច្រើននាក់។ កងកម្លាំងប៉ូលិសប្រដាប់ដោយអាវុធ បាននាំខ្លួនអ្នកទាំងនោះពីពន្ធនាគារទៅកាន់តុលាការ ដោយមានការការពារយ៉ាងប្រុងប្រយ័ត្ន។
នៅមុនពេលបើកអង្គសវនាការសួរដេញដោលលើជនសង្ស័យទាំងពីរ និងសាក្សីជាមន្ត្រីប៉ូលិសជាច្រើននាក់។
លោក ការ សាវុត្ថ មេធាវីរបស់អតីតឧត្ដមសេនីយ៍ឯក ម៉ឹក ដារ៉ា បានស្នើសុំឲ្យអង្គសវនាការបង្ហាញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របញ្ចប់តួនាទីរបស់លោក ម៉ឹក ដារ៉ា។ ប៉ុន្តែលោក ផាន់ វណ្ណរ័ត្ន តំណាងអយ្យការជំទាស់ ហើយលោក អ៊ិត សម្ផស្ស ប្រធានក្រុមប្រឹក្សាជំនុំជម្រះប្រកាសបិទមិនឲ្យមានការជជែកតវ៉ា និងចាប់ផ្ដើមដំណើរការនីតិវិធីរបស់តុលាការ។
នៅក្នុងអង្គសវនាការនៅថ្ងៃព្រហស្បតិ៍ ទី១៧ វិច្ឆិកា នេះ តុលាការបានសួរដេញដោលតែលើអង្គហេតុចំនួនពីរ ដោយតុលាការបាននាំខ្លួនអតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ហ៊ុន ហ៊ាន។ លោក ឈាង សុន អតីតស្នងការរង។ ឈ្មោះ ហែម សុផល ឈ្មោះ ខៀវ សារ៉ា និងជនជាប់សង្ស័យជាមន្ត្រីប៉ូលិសប្រឆាំងការជួញដូរគ្រឿងញៀនជាច្រើននាក់ទៀត ដើម្បីធ្វើការសាកសួរ។
ទោះជាយ៉ាងនេះក្ដី សវនាការលើសំណុំរឿងអតីតប៉ូលិសប្រឆាំងការជួញដូរគ្រឿងញៀននេះ នឹងត្រូវចំណាយពេលវេលាបីខែ ដោយសារសំណុំរឿងព្រហ្មទណ្ឌរបស់អតីតមន្ត្រីប៉ូលិសប្រឆាំងការជួញដូរថ្នាំញៀនមានអង្គហេតុចំនួន ៣៨ ដែលមានជាប់ពាក់ព័ន្ធទៅនឹងការចុះបង្ក្រាបគ្រឿងញៀន ការដោះលែងឧក្រិដ្ឋជនគ្រឿងញៀន និងការផ្សំគំនិតរៀបចំរចនាសម្ព័ន្ធចាត់តាំងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន៕