លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា ប្រធានកម្មវិធីជាតិកម្ចាត់ជំងឺគ្រុនឈាមមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ឲ្យដឹងថា ក្នុងរយៈពេល២៨សប្ដាហ៍ក្នុងឆ្នាំ២០១០ មានអ្នកកើតជំងឺគ្រុនឈាមចំនួន៣២០០នាក់ និងស្លាប់ចំនួន៩នាក់ គឺតិចជាងឆ្នាំ២០០៩ ក្នុងរយៈពេលដូចគ្នានេះ ដែលមានអ្នកកើតជំងឺគ្រុនឈាមចំនួន៥៧៨២នាក់ និងស្លាប់១៦នាក់។
ក៏ប៉ុន្តែលោកបានសម្ដែងការព្រួយបារម្ភដោយសារតែរដូវភ្លៀងបានចូលមកដល់ ហើយតួលេខអ្នកកើតជំងឺគ្រុនឈាមបានកើនឡើងក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយនេះ។
លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា នាយកកម្មវិធីជាតិកម្ចាត់ជំងឺគ្រុនឈាម មានប្រសាសន៍ទៀតថា ជំងឺនេះកំពុងរាតត្បាតក្នុងតំបន់មួយចំនួន នៃខេត្តចំនួន៣ រួមមានខេត្តកំពង់ចាម ខេត្តខេត្តសៀមរាប និងខេត្តស្ទឹងត្រែង ៖ «កន្លែងអស់ទាំងនោះ គឺសព្វថ្ងៃយើងឃើញថា មន្ទីរសុខភាពខេត្តយើងទាំងអស់ហ្នឹង កំពុងតែស្វះស្វែងក្នុងការឆ្លើយតប ដោយយើងចុះទៅធ្វើការ អង្កេត អប់រំ ប៉ុន្តែយើងនៅជួបប្រទះការលំបាកដោយថា យើងខ្វះថវិកាច្រើន ដូចជាការបាញ់ថ្នាំកម្ចាត់សម្លាប់មូលខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ហើយហ្នឹងការងារដាក់ថ្នាំអាប៊ែត»។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ក្រសួងបានត្រៀមថ្នាំអាប៊ែត សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន១០២តោន ប៉ុន្តែផែនការនេះ នៅមិនទាន់បានចប់នៅឡើយទេ។ លោកបានបន្តថា ភ្នាក់ងារសុខាភិបាលកំពុងបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមតំបន់ដែលប្រឈមមុខនោះ។
អ្នកស្រី ផាវី មានកូនអាយុជាង២ឆ្នាំ រស់នៅក្នុងស្រុកកំពង់ចាម ខេត្តកំពង់ចាម មានប្រសាសន៍ថា អ្នកស្រីតែងតែប្រយ័ត្ន និងមើលថែកូនឲ្យចៀសផុតពីមូសខាំ ដែលអាចកើតជំងឺគ្រុនឈាមនោះ ៖ «កូនតូចយើងប្រយ័ត្នដោយឲ្យគេងក្នុងមុង បើកទ្វារបង្អួចឲ្យភ្លឺ ហើយស្លៀកពាក់ខោអាវវែងៗ ជាពិសេសពេលថ្ងៃ កុំឲ្យមូសខាំ។ ក្មេងវារពឹស ជួនកាលទៅយើងឃាត់វាមិនស្ដាប់ វាទៅឈរកន្លែងងងឹតមួយសន្ទុះអីអ៊ីចឹងទៅ ពេលមកវិញមូសខាំពីរបី»។
លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា នាយកកម្មវិធីជាតិកម្ចាត់ជំងឺគ្រុនឈាម មានប្រសាសន៍ឲ្យដឹងទៀតដែរថា សុំឲ្យប្រជាពលរដ្ឋប្រញាប់យកកូនទៅមន្ទីរពេទ្យ ប្រសិនបើឃើញកុមារមានសញ្ញាកើតជំងឺគ្រុនឈាមនេះ ព្រោះមន្ទីរពេទ្យមានបរិក្ខារពេទ្យគ្រប់គ្រាន់ និងវេជ្ជបណ្ឌិតជំនាញរង់ចាំព្យាបាលដោយមិនគិតថ្លៃ។
លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា មានប្រសាសន៍ដូច្នេះ ៖ «សំណូមពរកុំឲ្យប្រើថ្នាំប៉ារ៉ាសេតាម៉ុល ច្រើនពេក ពីព្រោះការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលក្នុងការបញ្ចុះកម្ដៅហ្នឹង អាចធ្វើឲ្យកុមារស្លាប់ដោយពុលនឹងថ្នាំប៉ារ៉ាសេតាម៉ុល។ បើសិនបងប្អូនប្រើថ្នាំប៉ារ៉ាសេតាម៉ុលហើយ គឺថា កូនមិនត្រជាក់ស្រួលទេ គឺថា យកកន្សែងទទឹកទៅដាក់នៅកន្លែងលើក្បាល ក ខ្លៀក ដើម្បីជួយបញ្ចុះកម្ដៅក្មេង រង់ចាំយើងបញ្ជូនកូនមកកាន់មន្ទីរពេទ្យ ហើយដាច់ខាតកុំប្រើថ្នាំអាស្ពីរីន អាស្ពេស៊ីក ហើយថ្នាំមួយប្រភេទទៀតដែលមកពីថៃ ដូចជា ថ្នាំតាកាប៉ោង ថ្នាំយ៉ាខាំចៃ ឬក៏រូបស្រីបីនាក់ សូមមេត្តាកុំប្រើឲ្យសោះ ពីព្រោះការប្រើប្រាស់ថ្នាំនេះ គឺវាបណ្ដាលឲ្យក្មេងបែកឈាមកាន់តែខ្លាំង ធ្វើឲ្យជំងឺគ្រុនឈាមកាន់តែធ្ងន់ធ្ងរទៅ»។
លោកវេជ្ជបណ្ឌិត សុំឲ្យអាណាព្យាបាលកុមារបង្កើនការប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងអនាម័យសំអាតបរិវេណជុំវិញលំនៅឋាន រាល់កាកសំណល់ដែលអាចដក់ទឹក និងកកើតជាដង្កូវទឹក ជាប្រភពកើតមូសខ្លាកើតគ្រុនឈាមនោះ៕