លោក ង៉ាន់ ចន្ថា នាយកនៃកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីថា ៖ «ខែ៤យើងនេះ អ្នកឈឺសរុបមាន៦៧៣នាក់ ស្លាប់២ មូសខាំ។ មូសហ្នឹងមកពីណា? គឺមូសហ្នឹងមកពីបរិស្ថានអនាម័យយើងអត់ស្អាត នៅតាមផ្ទះសម្បែងយើងយើងអត់បានសម្អាតឲ្យបានល្អអីអ៊ីចឹង ហើយបង្កឲ្យទៅជាសំបុកមូសអីអ៊ីចឹង។ ទូទាំងស្រុកខ្មែរតែម្ដង គឺ២៤ខេត្តក្រុង ក្នុងចំណោម៦៧៣ហ្នឹង ខេត្តដែលច្រើនជាងគេគឺរាជធានីភ្នំពេញ។ រាជធានីភ្នំពេញគឺថាមានរហូតដល់២២៣នាក់ឯណោះ អត់ស្លាប់ទេ។ ស្លាប់ហ្នឹងគឺទី១នៅក្នុងខេត្តកំពង់ចាម ទី២នៅក្នុងខេត្តកំពង់ស្ពឺ»។
ប្រភពដដែលបានបញ្ជាក់ថា ក្រសួងសុខាភិបាលកំពុងតែចាត់វិធានការចែកថ្នាំអាប៊េតចំនួន១១០តោនជាបណ្តើរៗជូនប្រជាពលរដ្ឋខែ្មរជាច្រើនម៉ឺនគ្រួសារដើម្បីទុកកម្ចាត់ដង្កូវទឹកនិងមូសដែលជាប្រភពនៃការឆ្លងជំងឺគ្រុនឈាមនៅតាមបណ្តាខេត្តក្រុងមួយចំនួននៅកម្ពុជាដោយមិនគិតថៃ្លនៅគ្រាដែលរដូវគ្រុនឈាមកំពុងតែចាប់ផ្តើមចាប់ពីខែមេសារហូតដល់ខែតុលាខាងមុខ៕
