មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានព្រមានឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ថា ជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា កំពុងតែឈានដល់កម្រិតប្រកាសអាសន្ននៅពេលនេះ ដោយសារតែអ្នកស្លាប់ និងអ្នកកើតជំងឺគ្រុនឈាម បានកើនឡើងទ្វេដងនៅដើមឆ្នាំ២០១១ គ្រាដែលរដូវទឹកភ្លៀងធ្លាក់បានចាប់ផ្តើម។
ប្រភពពីមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា កុមារបានស្លាប់ដោយសារជំងឺគ្រុនឈាមនៅសប្ដាហ៍ទី២០ ឆ្នាំ២០១១ គឺមានចំនួន ៨នាក់ និងមានអ្នកកើតជំងឺគ្រុនឈាមចំនួន ៨៤៥នាក់ ប្រៀបធៀបនឹងរយៈពេលដូចគ្នានេះនៅឆ្នាំ២០១០ កន្លងទៅ កុមារបានស្លាប់ចំនួន ៤នាក់ និងមានអ្នកកើតជំងឺគ្រុនឈាមចំនួនជាង ៧៣១នាក់។ ជំងឺគ្រុនឈាមកើតឡើងដោយសារមូសខ្លាញីខាំ។
ប្រធានកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលកម្ពុជា លោក ង៉ាន់ ចន្ថា បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែឧសភា ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែក្រសួងសុខាភិបាលកំពុងតែបង្កើនការតាមដាន និងវិធានការទប់ស្កាត់ជាបន្ទាន់ ៖ «បានន័យថា យើងរាល់ថ្ងៃនេះនៅក្នុងស្ថានភាពមួយនៃការប្រកាសអាសន្ន។ បុគ្គលិកយើងនៅថ្នាក់កណ្ដាល និងថ្នាក់ខេត្ត គឺថា យើងពង្រឹងប្រព័ន្ធតាមដាន គឺយើងក្ដាប់ឲ្យជាប់នូវរាល់ការវិវត្តន៍ រាល់ការប្រែប្រួលនៃជំងឺគ្រុនឈាមនៅគ្រប់តំបន់ទាំងអស់»។
ខេត្តដែលមានអ្នកកើតជំងឺគ្រុនឈាមច្រើនជាងគេ គឺខេត្តកំពង់ធំ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តតាកែវ ទីក្រុងភ្នំពេញ និងខេត្តមួយចំនួនទៀត ដោយសារខ្វះអនាម័យ និងជាទីប្រជុំជន។
លោក ង៉ាន់ ចន្ថា បានបញ្ជាក់ថា ជំងឺគ្រុនឈាមតែងតែផ្ទុះឡើងខ្លាំងបែបនេះនៅរៀងរាល់ ៣ឆ្នាំ ឬ ៥ឆ្នាំម្តង គឺនៅឆ្នាំ១៩៩៥ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៧ និងឆ្នាំ២០១១នេះ។
ប្រជាពលរដ្ឋនៅឃុំល្វា ស្រុកកោះសូទិន ខេត្តកំពង់ចាម លោក មាស លី បានថ្លែងថា នៅឃុំរបស់លោកមានកុមារចំនួន ២នាក់ កំពុងតែកើតជំងឺគ្រុនឈាម ៖ «មូសខ្លាកើតច្រើន អ៊ីចឹងវានៅជុំវិញនៃភូមិផងរបងជាមួយ មានផ្ទះសម្បែង បើមិនស្អាតបាតដោយការអនាម័យហ្នឹង មិនអាចការពារជំងឺគ្រុនឈាមបានទេ»។
ក្រសួងសុខាភិបាលកម្ពុជា កំពុងតែបន្តយុទ្ធនាការអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍នៅមូលដ្ឋានឲ្យយល់ដឹងអំពីវិធីបង្ការជំងឺគ្រុនឈាម និងកំពុងតែបន្តចែកថ្នាំអាបេត សម្លាប់ដង្កូវទឹកដែលមានចំនួនសរុប ១២៥តោន។
កាលពីឆ្នាំ២០១០ កន្លងទៅ ជំងឺគ្រុនឈាមបានសម្លាប់កុមារចំនួន ២៨នាក់ និងមានអ្នកកើតជំងឺគ្រុនឈាមចំនួន ១២.៥០០នាក់ ប្រៀបធៀបឆ្នាំ២០០៩ កន្លងទៅ ជំងឺគ្រុនឈាមបានសម្លាប់កុមារចំនួន ៣៨នាក់ និងមានអ្នកកើតជំងឺគ្រុនឈាមចំនួន ១១.៦៩៩នាក់៕
