ពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ដូច្នេះ ៖ «ប្រជាជនមកទាមទារសំណងដែលគោលការណ៍ក្រុមហ៊ុន 7NG ឲ្យសំណង ២ម៉ឺនដុល្លារ អ៊ីចឹងហើយក្រុមហ៊ុនត្រូវសងចំនួន ២ម៉ឺនដុល្លារហ្នឹង ជំងឺចិត្តរបស់ប្រជាជន ព្រោះអីក្រុមហ៊ុនយកត្រាក់ទ័រ យកអេស្កាវ៉ាទ័រ យកមកឈូសផ្ទះប្រជាជនកាលពីថ្ងៃទី២៤»។
ប្រជាជនកំពុងតវ៉ា លោក ហន ស អះអាងថា ផ្ទះគាត់នៅក្នុងសហគមន៍ដីក្រហម ទទឹងជាង៤ម៉ែត្រ បណ្តោយជាង១៣ម៉ែត្រ ហើយនៅចំកណ្តាលក្រុងមិនឆ្ងាយពីកន្លែងធ្វើការ និងសាលាកូនរៀនមានទឹកស្អាត ភ្លើងអគ្គិសនីប្រើគ្រប់គ្រាន់។ សាលាក្រុងនិងក្រុមហ៊ុនបង្ខំឲ្យគាត់ ត្រូវតែយកផ្ទះផ្ទាល់ដី១ល្វែងនៅខណ្ឌដង្កោ មានទំហំតូចជាងផ្ទះគាត់នៅដីក្រហម និងឆ្ងាយជាង ២០គីឡូម៉ែត្រ ពីដីក្រហម ទើបគាត់មិនព្រមចាកចេញ។ ស្រាប់តែនៅថ្ងៃសៅរ៍ ទី២៤ ខែមករា គ្រឿងចក្រនិងកម្មកររាប់រយនាក់សម្រុកបង្ខំរុះផ្ទះ កិនកម្ទេចបណ្តេញប្រជាជន ហាក់ដូចជាប្លន់យកដីយកផ្ទះ។ ទន្ទឹមនឹងការបង្ខំឲ្យចេញពីដីនោះ គេមិនចរចាដោះស្រាយ ជាង១០ថ្ងៃមកនេះ ទើបគាត់នាំគ្នាឡើងមកតវ៉ា នៅមុខក្រុមហ៊ុនឲ្យសងប្រាក់២ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនយកផ្ទះ ដែលក្រុមហ៊ុនសង់ឲ្យនោះទេ។
លោក ហន ស មានប្រសាសន៍ដូច្នេះថា ៖ «បងឃើញហើយបដាទាមទារឲ្យក្រុមហ៊ុន 7NG សងជាប្រាក់ ២ម៉ឺនដុល្លារនូវអ្វីដែលសាលាក្រុងបានសន្យានូវអ្វីដែល 7NG សន្យា ហើយប្រកាសជាសាធារណៈតាមវិទ្យុ តាមទូរទស្សន៍នោះ»។
អាជីវករអះអាងថា ក្រុមហ៊ុនវាយកម្ទេចតូបបំបាត់ដានអស់នៅដីក្រហម រួចបដិសេធមិនទទួលស្គាល់ ហើយដឹកពួកគាត់ទុកនៅកណ្តាលវាល នៅមុខបុរីសន្តិភាព និងគំរាមដេញចេញរាល់ថ្ងៃ។ គាត់ថា អ្នកមានលេខផ្ទះ ៩១ខ្នង ខ្លះបានទទួលយកផ្ទះល្វែង។ ចំណែកពួកគាត់ច្រើនរយគ្រួសារ គេមិនទទួលស្គាល់ ហើយបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ។
តំណាងរាស្រ្តភ្នំពេញ លោក ហូរ វណ្ណ មានប្រសាសន៍ថា ជំហរសាលាក្រុងនិងក្រុមហ៊ុន 7NGយឺតយ៉ាវក្នុងការសងមកជនរងគ្រោះដីក្រហម ដែលនាំឲ្យមានការតវ៉ាជាបន្តបន្ទាប់ ៖ «ខ្ញុំមើលទៅគឺមួយជំហានទៅមួយជំហាន ឃើញមានតែការរឹបអូសយកដី និងដេញប្រជាពលរដ្ឋចេញ។ ចំពោះការសងទៅប្រជាពលរដ្ឋវិញ ឃើញមានដំណើរយឺតណាស់»។
ក្រុមការងារពិសេសសិទ្ធិលំនៅ កញ្ញា បុណ្យ រចនា ឲ្យដឹងថា ក្រុមអ្នកតវ៉ាជិត ១០០នាក់ មកពីសហគមន៍នានាដែលមិនគាំទ្រការបណ្តេញដោយប្រើហិង្សាពីដីកំពុងរស់នៅមកជួយគាំទ្រសហគមន៍ដីក្រហមឲ្យឆាប់ដំណោះស្រាយពីសាលាក្រុងនិងក្រុមហ៊ុនលើវិបត្តិលំនៅ។
ទាក់ទងនឹងការតវ៉ានេះ ក្រុមហ៊ុន 7NG និងសាលាក្រុងមិនបានចេញមុខមកដោះស្រាយឡើយ។ ហើយក្រុមអ្នកតវ៉ាបានធ្វើការរំសាយ មុនម៉ោង ១២ថ្ងៃត្រង់នៃថ្ងៃដដែល។ វិទ្យុអាស៊ីសេរីបានសុំបំភ្លឺពីក្រុមហ៊ុន7NG និងអភិបាលរងរាជធានីភ្នំពេញ លោក ម៉ាន់ ឈឿន ជាប់ភារកិច្ចនិងលោកមិនលើកទូរស័ព្ទដៃផង៕
