ពលរដ្ឋ​ខេត្ត​តាកែវ ចោទ​សិប្បកម្ម​ផលិត​ទឹកកក​មួយ​ថា បំពុល​ទឹក

ក្រុម​អ្នក​ភូមិ​ដែល​រស់​នៅ​ជាប់​ប្រឡាយ​មួយ​ខ្សែ ក្នុង​ឃុំ​អង្គ​តា​សោម ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ បាន​ចោទ​សិប្បកម្ម​ផលិត​ទឹក​កក​លក់​ក្នុង​ឃុំ​នោះ​ថា បាន​បង្ហូរ​ទឹក​កខ្វក់​ចូល​មក​ក្នុង​ប្រឡាយ ធ្វើ​ឱ្យ​ពុល​ទឹក។

ការ​បំពុល​ទឹក​ប្រឡាយ​នោះ មិន​អាច​ប្រើប្រាស់​ស្រោចស្រព​បន្លែ និង​ស្រូវ​ប្រាំង ឬ​ដង​ឲ្យ​សត្វ​ផឹក​បាន​ទេ ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​បូម​ទឹក​ដាំ​ស្រូវ​បាន ២ ដង​ដូច​ឆ្នាំ​មុនៗ។ ប្រជា​ពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​បំបាត់​ការ​លំបាក​នោះ។

លោក ជួប ប៊ន រស់​នៅ​ភូមិ​ព្រៃ​រំដេង បាន​អះអាង​ថា តាំង​ពី​សិប្បកម្ម​ផលិត​ទឹកកក បង្ហូរ​ទឹក​សំណល់​ចូល​ប្រឡាយ អ្នក​ធ្លាប់​បូម​ទឹក​ស្រោច​ស្រូវ​ប្រាំង មិន​អាច​ធ្វើ​ស្រែ ២ ដង​ទេ។ លោក​ថា ទឹក​មាន​ពណ៌​ខ្មៅ និង​ក្លិន​ស្អុយ​មិន​អាច​ប្រើ​បាន​តែ​ម្ដង៖ «ព្រោះ​ជីវភាព​រស់​នៅ​វា​សង្ឃឹម​លើ​ទឹក​ប្រឡាយ​ហ្នឹង។ តាំង​ពី​ម៉ាស៊ីន​ទឹកកក​បង្កើត​មក ប្រជាជន​បង្កបង្កើន​ផល​អត់​កើត​ទេ ទឹក​អំបិល ហូរ​មក​រលួយ​ស្រូវ រលួយ​អី​គ្រប់។ ឲ្យ​តែ​បូម​ដាក់​សំណាប គឺ​រលួយ។ បូម​ដាក់​ស្រូវ គឺ​រលួយ។ ហើយ​ទឹក​ប្រឡាយ​នឹង​ សូម្បី​តែ​គោ ក៏​ផឹក​អត់​កើត​ត្រី​ក៏​ហូប​អត់​កើត ធុំ​ក្លិន​ដូច​ប្រេង​ម៉ាស៊ីន ទឹក​ឡើង​ខ្មៅ។ ខ្ញុំ​សាប​ស្រូវ​អី​ហើយ​ឥឡូវ​ធ្វើ​អត់​កើត​ចោល​ទាំង​អស់​សំណាប»។

ស្ត្រី​ម្នាក់​ទៀត​បន្ថែម​ថា ទឹក​ប្រឡាយ​កខ្វក់​នេះ​មិន​អាច​បូម​ស្រោច​បន្លែ​បាន​ទេ គាត់​ខាន​ដាំ​បន្លែ និង​ខាន​ធ្វើ​ស្រែ​បង្កើន​រដូវ​មួយ​ឆ្នាំ ហើយ​ព្រោះ​ទឹក​មិន​អាច​ប្រើ​បាន។ ម្យ៉ាង​ទៀត ទឹក​នេះ​បើ​សត្វ​ផឹក វា​ងាប់ មិន​ដឹង​ទឹក​ប្រឡាយ​មាន​សារធាតុ​អ្វី​ឡើយ។ អ្នកស្រី​បន្ត​ថា នៅ​ពេល​មេឃ​ក្ដៅ គាត់​មើល​ទៅ​វាល​ស្រែ មាន​ពណ៌​ស​ក្បុស ចាំង​ផ្លេកៗ ដូច​អំបិល គ្រប​លើ​ចុង​គល់​ជញ្ជ្រាំង៖ «ប៉ះពាល់​ទាំង​អស់​តែ​ម្ដង។ តាំង​ពី​សុខភាព​តាំង​ពី​ក្លិន​ជះ​មក​នឹង​ធ្វើ​ស្រែ​ក៏​មិន​បាន ដាំ​ដំណាំ​ក៏​អត់​បាន។ ខូច​ទឹក​ ហើយ​ផល​ប៉ះពាល់​ខ្លាំង​បំផុត គឺ​សុខភាព​នឹង​ឯង។ ខ្មៅ​ព្រីក​ថា​ដូច​ប្រេង​ម៉ាស៊ីន​អ៊ីចឹង​ឥឡូវ​នេះ និង​ក្លិន​ស្អុយ​មហា​ស្អុយ»។

លោក កៀត ទិត្យ នៅ​ភូមិ​អង្គ​តា​សោម បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ទឹក​ប្រឡាយ​កខ្វក់ និង​មិន​អាច​ប្រើ​បាន ពួក​គាត់​បាន​ផ្ដិត​មេ​ដៃ​ប្ដឹង​ច្រើន​ដង ទៅ​អាជ្ញាធរ​ដែន​ដី​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ។ ប៉ុន្តែ គ្មាន​ដំណោះស្រាយ​ទេ​គេ​ផ្ដល់​ចម្លើយ​មក​ថា ឲ្យ​សិប្បកម្ម​នោះ​ចប់​អាណត្តិ​ទៅ​វិញ។

លោក កៀត ទិត្យ៖ «ប៉ុន្តែ​ទឹក​វា​ហូរ​ពី​នោះ​មក ដូច​ថា​ទឹក​នោះ វា​មាន​ជាតិ​ប្រៃ។ ចុះ​ទៅ​រមាស់​ដែរ។ កាល​ពី​ឆ្នាំ​ទៅ ទឹក​ហ្នឹង​វា​អត់​សូវ​ខ្មៅ​ទេ។ ឆ្នាំ​នេះ​ទឹក​វា​ឡើង​ខ្មៅ​ខ្លាំង ខ្មៅ​ខុស​ពី​ធម្មតា​តែ​ម្ដង»។

លោក ស៊ន ផល្លី គ្រូ​អប់រំ​សាសនា​គ្រិស្ត ដែល​វិហារ​នៅ​ជាប់​ប្រឡាយ បាន​អះអាង​ថា ទឹក​ប្រឡាយ​នោះ គាត់​ឃើញ​បង្ហូរ​ទឹក​កខ្វក់​ពី​ផ្សារ​អង្គ​តា​សោម​ផង និង​ពី​សិប្បកម្ម​ផលិត​ទឹកកក​ផង។ លោក​ថា ការ​បង្ហូរ​កាក​សំណល់​ពី​ផ្សារ​អង្គ​តា​សោម គឺ​ទឹក​អាច​ប្រើ​បាន​ក្នុង​ការ​ស្រោចស្រព។ ប៉ុន្តែ ទឹក​បង្ហូរ​ពី​សិប្បកម្ម​លាយ​ចូល​គ្នា​ជាមួយ​នឹង​ទឹក​ហូរ​ពី​ផ្សារ ធ្វើ​ឲ្យ​ទឹក​ក្នុង​ប្រឡាយ​កាន់​តែ​កខ្វក់ ជះ​ក្លិន​ស្អុយ​មិន​អាច​ប្រើ​បាន ធ្វើ​ឲ្យ​ទឹក​ក្នុង​ប្រឡាយ ត្រូវ​បោះបង់​ចោល​ទាំង​ស្រុង។

ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក នៅ​ឃុំ​អង្គ​តា​សោម លោក ជា សំបូរ ថ្លែង​ថា ទឹក​ប្រឡាយ​នេះ គ្មាន​អ្នក​ប្រើ​ទឹក​នោះ​ទេ ពី​មុន​មក។ ទឹក​បង្ហូរ​ចេញ​ពី​សិប្បកម្ម​ទម្លាក់​ទៅ​ក្នុង​ប្រឡាយ ជា​កាក​ធ្យូង​នៃ​ឡ​ចំហាយ​សម្រាប់​ផលិត​ទឹកកក គឺ​គ្មាន​ជាតិ​អាម៉ូញ៉ាក់ ដែល​នាំ​ឲ្យ​ខូច​បរិស្ថាន ឬ​ប៉ះពាល់​សុខភាព​មនុស្ស​សត្វ​ទេ។

លោក ជា សំបូរ៖ «កាល​ពី​មុន​ខ្ញុំ​ប្រើ​ប្រេង​ម៉ាស៊ូត​ធម្មតា ឥឡូវ​ខ្ញុំ​ប្រើ​ឡ​ចំហាយ បាន​វា​អ៊ីចឹង។ ហើយ​ទឹក​ដែល​ហូរ​ទៅ​ហ្នឹង សុទ្ធតែ​ទឹក​ធ្យូង​ទេ អត់​មាន​អ្វី​ទាំង​អស់។ ព្រោះ​ទឹក​ធ្យូង​វា​អត់​ប៉ះពាល់​អី​ទេ ហើយ​អា​ទឹក​អាម៉ូញ៉ាក់ វា​ហូរ​ទៅ​ផ្សេង​ទៀត វា​អត់​មាន​ចូល​ទៅ​ទី​នឹង​ទេ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អាជ្ញាធរ​ដែន​ដី និង​មន្ត្រី​ជំនាញ ដើម្បី​ជម្រាប​សួរ​ព័ត៌មាន​បាន​ទេ នៅ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​សកល។

លោក ជា សំបូរ ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​មាន​បណ្ដឹង​ថា ទឹក​ចេញ​ពី​សិប្បកម្ម​ផលិត​ទឹកកក​នេះ បាន​ប៉ះពាល់​ការ​រស់​នៅ​របស់​អ្នក​ភូមិ លោក​នឹង​កែប្រែ​ការ​បង្ហូរ​ទឹក​ចេញ​ពី​សិប្បកម្ម ទៅ​ជា​ការ​តម្កល់​ទឹក​ស្តុក​ទុក បម្លែង​ទៅ​ជា​ទឹក​មាន​ប្រយោជន៍​វិញ។

ទឹក​ប្រឡាយ​ដែល​អ្នក​ភូមិ​ចោទ​ថា មិន​អាច​ប្រើ​បាន គឺ​មាន​ភូមិ​អង្គ​តា​សោម និង​ភូមិ​ព្រៃ​រំដេង ក្នុង​ឃុំ​អង្គ​តា​សោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៕