មន្ត្រី​បក្ស​ប្រឆាំង​ចោទ​មេឃុំ​បក្ស​ប្រជាជន​ថា​រើសអើង​បក្ខពួក​ធ្វើ​អត្តសញ្ញាណប័ណ្ណ

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដូង នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ចោទ​មេ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថា ការ​ផ្ដល់​ដំណឹង​ស្ដីពី​ក្រុម​នគរបាល​ស្រុក​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ មាន​ការ​រើសអើង​ចំពោះ​ពលរដ្ឋ ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ផ្សេង ក្រៅ​ពី​បក្ស​កាន់​អំណាច។

0:00 / 0:00

ការ​ចោទ​ប្រកាន់​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​នគរបាល​ស្រុក បាន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ ស្ថិត​នៅ​ឃុំ​ដូង កាល​ពី​ថ្ងៃ​ទី​១៦ និង​១៧ សីហា។

ជំទប់​ទី១ មក​ពី​គណបក្ស សម រង្ស៊ី លោក អែម វឿន អះអាង​នៅ​ថ្ងៃ​ទី​១៨ សីហា ថា មេ​ឃុំ​ដូង នៃ​គណបក្ស​ប្រជាជន លោក នាង សាមាន មាន​ចេតនា​បិទ​បាំង​ដំណឹង​ស្ដីពី​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ។ ជាពិសេស ពលរដ្ឋ​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រឆាំង។ លោក​ថ្លែង​បន្ត​ថា លោក នាង សាមាន ប្រាប់​ដំណឹង​នៃ​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ​ដល់​មេ​ភូមិ ឲ្យ​ដើរ​ប្រាប់ តែ​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន។ ចំណែក​ពលរដ្ឋ​ដែល​គេ​ដឹង​ថា​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង មេ​ភូមិ​មិន​ប្រាប់​ដំណឹង​នោះ​ឲ្យ​ដឹង​ឡើយ។

លោក អែម វឿន៖ «ក្រុម​ប្រឹក្សា​មិន​ប្រជុំ​ប្រាប់ បែរ​ជា​ទៅ​ប្រាប់​មេ​ភូមិ​ឯណោះ​វិញ ដើម្បី​ឲ្យ​កៀរគរ​សមាជិក​របស់​ខ្លួន​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ តែ​គណបក្ស​ដទៃ​មិន​បាន​អញ្ជើញ មិន​ប្រាប់​គេ​ឲ្យ​គេ​មក​ធ្វើ​ទេ។ អ៊ីចឹង មេ​ភូមិ គាត់​ដើរ​ហៅ ដែល​មើល​ទៅ​ឃើញ​ថា គ្នា​គាត់ ចុះ​អ្នក​ដែល​មាន​បំណង​ចង់​ស្នេហា​ប្រជាធិបតេយ្យ អ្នក​ចង់​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ផ្សេង​ហ្នឹង គេ​មិន​ទៅ​អញ្ជើញ​ទេ យើង​ឃើញ​ប្រជាពលរដ្ឋ​មក​រអ៊ូ​អ៊ីចឹង»

លោក អែម វឿន បន្ត​ថា លោក​ក៏​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃុំ​ដូង មួយ​រូប ដែល​ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ជា​តំណាង​របស់​ពួក​គាត់​ម្នាក់​ដែរ ហើយ​គាត់​ក៏​មាន​សិទ្ធិ​នឹង​ទទួល​ដំណឹង​នេះ​ដែរ ដើម្បី​នាំ​យក​ដំណឹង​នោះ​ប្រាប់​ពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ លោក​មេ​ឃុំ​ព្យាយាម​លាក់លៀម មិន​ឲ្យ​សមាជិក​នៃ​គណបក្ស​ផ្សេង ក្រៅ​ពី​គណបក្ស​ប្រជាជន បាន​ដឹង​នោះ​ទេ។

ទាក់​ទង​នឹង​ករណី​នេះ​ដែរ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ នៃ​គណបក្ស សិទ្ធិ​មនុស្ស និង​ជា​ជំទប់​ទី២ លោក សូ ស៊ុត ថ្លែង​ថា ទង្វើ​របស់​មេ​ឃុំ​ដែល​កំពុង​ប្រព្រឹត្ត​នេះ គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់ ព្រោះ​មេ​ឃុំ​គួរ​ផ្ដល់​ដំណឹង​ដល់​គ្រប់​សមាជិក នៃ​គណបក្ស​ទាំង​អស់​ឲ្យ​បាន​ដឹង ដើម្បី​ជៀសវាង​ការ​ខកខាន​ក្នុង​ការ​ផ្ដល់​ដំណឹង​ដល់​ពលរដ្ឋ។

លោក​បញ្ជាក់​ថា អត្តសញ្ញាណប័ណ្ណ​មាន​សារសំខាន់​ណាស់ ព្រោះ​បើ​ពលរដ្ឋ​មិន​មាន​អត្តសញ្ញាណប័ណ្ណ វា​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ និង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ៖ «បាទ ខ្ញុំ​បារម្ភ​កន្លែង​ហ្នឹង​ដែរ។ ទីមួយ អត់​អត្តសញ្ញាណប័ណ្ណ។ ទីពីរ បើ​គណបក្ស​វា អត់​ដល់​អាយុ ក៏​ធ្វើ​ឲ្យ​ដែរ ព្រោះ​ខ្ញុំ​បាន​ចាប់​ជាប់ ខ្ញុំ​បាន​ចាប់​ជាប់​ទើប​មាន​ប្រតិកម្ម​នៅ​កន្លែង​នោះ។ អ៊ីចឹង ចង់​ស្នើ​ទៅ​រដ្ឋាភិបាល​តែ​ម្ដង សូម​មន្ត្រី​អត្តសញ្ញាណប័ណ្ណ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សូម​ឲ្យ​ជម្រាប​ជូន​ក្រុម​ប្រឹក្សា​ឃុំ សូម​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ បាន​ដឹង ដើម្បី​អញ្ជើញ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​គណបក្ស​នយោបាយ ធ្វើ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ទៅ​បោះ​ឆ្នោត នៅ​ឆ្នាំ​២០១៣»

ឆ្លើយ​តប​នឹង​ការ​ចោទ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដូង នៃ​គណបក្ស​ទាំង​ពីរ​នេះ​ដែរ មេ​ឃុំ​ដូង លោក នាង សាមាន មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ នៃ​គណបក្ស​ប្រឆាំង តែង​រក​លេស​ដើម្បី​ចោទ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ជានិច្ច បើ​ទោះ​បី​ការ​លើក​ឡើង​នោះ វា​មិន​សម​ហេតុផល​យ៉ាង​ណា​ក៏​ដោយ។ ព្រោះ​ការ​លើក​ឡើង​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ នៃ​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស​នេះ គឺ​មាន​ចេតនា​បំភ្លៃ​ការ​ពិត​តែ​ប៉ុណ្ណោះ។

តាម​ពិត លោក​មិន​ធ្លាប់​បិទ​បាំង ឬ​លាក់លៀម​ដំណឹង​នៃ​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​របស់​ក្រុម​នគរបាល​ស្រុក​នោះ​ឡើយ៖ «ការ​រើសអើង​មិន​រើសអើង​នោះ ខ្ញុំ​អត់​មាន​រើសអើង​គណបក្ស​ណា​ទេ។ ពីព្រោះ​ផែនការ​របស់​មេ​ឃុំ គឺ​ដាក់​ទៅ​ឲ្យ​មេ​ភូមិ គឺ​ឲ្យ​តែ​អាយុ​១៦ ឬ​១៧ ឬ​១៨​ឆ្នាំ មាន​ក្នុង​បញ្ជី​១ កូន​ចៅ​ប្រជាពលរដ្ឋ ក្រុម​គ្រួសារ គឺ​ត្រូវ​ចុះ​ឈ្មោះ​រាយការណ៍​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រដ្ឋ ហេតុផល​នេះ គាត់​លើក​ឲ្យ​តែ​ផុត​ពី​មាត់​ទេ ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​សុទ្ធ​តែ​មាន​ផែនការ​មាន​កាល​វិភាគ​របស់​ខ្ញុំ​ត្រឹមត្រូវ។ ខ្ញុំ​អត់​មាន​ថា ទៅ​អញ្ជើញ​អ្នក​នេះ អញ្ជើញ​អ្នក​នោះ ឃើញ​មក​អ៊ីចឹង ហៅ​មក​ភ្លាមៗ​នោះ​ទេ។ អាហ្នឹង ផែនការ​ចេញ​ពី​ក្រសួង​មហាផ្ទៃ​មក ចេញ​ពី​រដ្ឋាភិបាល​មក សុទ្ធ​តែ​ស្រង់​ឈ្មោះ​មុន ឧទាហរណ៍​ភូមិ​ក មាន​គ្នា​ប៉ុន្មាន​នាក់ ភូមិ​ខ ប៉ុន្មាន​នាក់ អ្នក​នៅ​អចិន្ត្រៃយ៍​ប៉ុន្មាន កម្មករ​ប៉ុន្មាន អ្នក​ទៅ​ក្រៅ​ប្រទេស​ប៉ុន្មាន»

លោក អែម វឿន ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៦ និង​១៧ សីហា ឆ្នាំ​២០១២ ក្រុម​នគរបាល​ស្រុក​បាន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ ហើយ​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ មាន​ពលរដ្ឋ​ជាច្រើន​ខក​ខាន​មិន​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ។ ហេតុការណ៍​នេះ នាំ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ទំនោរ​ទៅ​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា​មេ​ឃុំ​ដូង ព្យាយាម​លាក់លៀម​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។