សវនាការសាកសួរវេជ្ជបណ្ឌិតពីររូបនេះ ធ្វើឡើងបន្ទាប់ពីជនជាប់ចោទ អៀង សារី មានជំងឺហេវហត់ និងចុះខ្សោយកម្លាំង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះជាបន្ទាន់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានមានប្រសាសន៍កាលពីថ្ងៃសុក្រ ទី២១ ថា ស្ថានភាពសុខភាពជនជាប់ចោទ អៀង សារី អាយុ ៨៦ឆ្នាំ ឋិតក្នុងសភាពព្រួយបារម្ភនៅឡើយ។ បន្ថែមពីនេះទៀត ក្រុមវេជ្ជបណ្ឌិត ក៏បានរកឃើញមានសញ្ញាមិនប្រក្រតី នៅឆ្អឹងកញ្ចឹងក៖ «វេជ្ជបណ្ឌិតទាំងពីររូបបានជម្រាបទៅអង្គជំនុំជម្រះអំពីស្ថានភាពសុខភាពរបស់លោក អៀង សារី ដែលថាស្ថានភាពជំងឺរបស់គាត់ដែលមានភាពថេរ មានន័យថា ស្ថានភាពជំងឺដែលហេវហត់ និងចុះខ្សោយនោះ។ បន្ថែមពីនេះ បន្ទាប់ពីស្កេន (Scan=ពិនិត្យ) ទៅលើកញ្ចឹងក គេបានរកឃើញឆ្អឹងកងករបស់ អៀង សារី នោះ គឺរឹង ជាហេតុធ្វើឲ្យសរសៃឈាមដែលបញ្ជូនឈាម បញ្ចូលទៅក្នុងខួរក្បាល គឺហាក់ដូចជាមានភាពមិនគ្រប់គ្រាន់ នាំឲ្យវិលមុខ និងហេវហត់ជាដើម»។
ក្រុមវេជ្ជបណ្ឌិតពីររូប ដែលបានអញ្ជើញទៅឆ្លើយបំភ្លឺក្នុងសវនាការអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម រួមមានលោកវេជ្ជបណ្ឌិត លឹម ស៊ីវត្ថា ប្រធានផ្នែកសង្គ្រោះបន្ទាន់ និងជាប្រធានមន្ទីរពេទ្យមិត្តភាពសហភាពខ្មែរ-សូវៀត ព្រមទាំងលោកវេជ្ជបណ្ឌិត គី ស៊ូបួ គ្រូពេទ្យជំនាញផ្នែកជំងឺបេះដូង។
លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្តថា ក្រុមគ្រូពេទ្យកំពុងពិចារណាថា តើគួរធ្វើការវះកាត់ឆ្អឹងកញ្ចឹងក អៀង សារី ឬយ៉ាងណាទេ។ លោកបន្តថា វេជ្ជបណ្ឌិតព្រួយបារម្ភថា ការវះកាត់នឹងបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពជនជាប់ចោទ ដោយសារតែវ័យ និងជំងឺបេះដូងផង៖ «ហើយបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត គឺថាស្ថានភាពជំងឺរបស់គាត់ បើសិនជាមានការវះកាត់ អនុញ្ញាតឲ្យឈាមឡើងទៅខួរក្បាល វាហាក់ដូចជាមានហានិភ័យខ្ពស់។ ឥឡូវនេះ ក្រុមវេជ្ជបណ្ឌិតកំពុងពិចារណាថា តើដំណោះស្រាយមួយណា ដែលធ្វើឲ្យជំងឺរបស់ អៀង សារី បានជាសះស្បើយឡើងវិញ»។
ជនជាប់ចោទ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសក្នុងសម័យខ្មែរក្រហម បានត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទចោទមួយចំនួនទៀត ដូចជាការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនាជាដើម។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា ការបញ្ជាក់ប្រាប់របស់ក្រុមវេជ្ជបណ្ឌិតពីស្ថានភាពសុខភាព អៀង សារី កាលពីថ្ងៃសុក្រ នេះ គឺជាព័ត៌មានដ៏សំខាន់មួយ ដើម្បីឲ្យសាលាក្តីខ្មែរក្រហម គិតគូរពិចារណា និងរិះរកវិធានការសមស្រប ដើម្បីឲ្យសាលាក្តីខ្មែរក្រហម អាចបន្តដំណើរការកាត់សេចក្តីដោយពុំមានរាំងស្ទះ។
កាលពីថ្ងៃទី៧ ខែកញ្ញា អៀង សារី ដែលមានជំងឺបេះដូង និងសុខភាពចុះខ្សោយហេវហត់ បានត្រូវដឹកទៅព្យាបាលសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យជនជាប់ចោទ អៀង សារី ចាកចេញពីមន្ទីរពេទ្យនៅឡើយទេ ទើបបណ្ដាលឲ្យលោកអវត្តមានពីសវនាការសាលាក្តីខ្មែរក្រហម។
សាលាក្តីខ្មែរក្រហម កាលពីថ្ងៃអាទិត្យ ទី១៦ បានដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ អាយុ ៨០ឆ្នាំ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាភរិយារបស់ អៀង សារី។ ការដោះលែងនេះ ដោយសារជនជាប់ចោទ អៀង ធីរិទ្ធ មានជំងឺវង្វេងវង្វាន់ និងបាត់ការចងចាំធ្ងន់ធ្ងរ មិនអាចចូលរួមក្នុងសវនាការបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។