អ្នកសេដ្ឋកិច្ចអះអាងថា ការប្រើប្រាស់ដុល្លារក្នុងសកម្មភាពពាណិជ្ជកម្មទាំងនោះ ធ្វើឲ្យកម្ពុជាខាតបង់ចំណូលជាច្រើនតាមរយៈការបោះពុម្ពក្រដាសប្រាក់របស់ធនាគារកណ្ដាល ឬធនាគារជាតិ ប៉ុន្តែទន្ទឹមនឹងកម្ពុជាខាតបង់នោះ ការប្រើដុល្លារបានផ្ដល់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចកម្ពុជាដែរ។
នៅក្នុងពិភពលោកបច្ចុប្បន្ននេះ មានប្រទេសប្រមាណជាង ១០ ដែលប្រើប្រាក់ដុល្លារអាមេរិករួមជាមួយរូបិយវត្ថុរបស់ប្រទេសខ្លួន តួយ៉ាងដូចជាប្រទេសកម្ពុជា ដែលប្រើប្រាក់ដុល្លារអាមេរិកផង និងប្រាក់រៀលផង ប៉ុន្តែនៅតាមតំបន់ដែលកម្ពុជា ធ្វើពាណិជ្ជកម្មតាមព្រំដែន ដូចជាថៃ និងវៀតណាម ក៏គេឃើញមានប្រើប្រាក់បាត ឬប្រាក់ដុងមួយចំនួនដែរ។
សម្រាប់ស្ថានភាពកម្ពុជា ការប្រើប្រាក់ដុល្លារអាមេរិកមានទំហំធំជាងគេធៀបនឹងរូបិយវត្ថុផ្សេងៗដែលចរាចរណ៍ជាផ្លូវការនៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ ជាការពិត ប្រទេសនីមួយៗ មានមូលហេតុផ្សេងគ្នាដែលនាំឲ្យមានការប្រើដុល្លារអាមេរិកនៅក្នុងសកម្មភាពសេដ្ឋកិច្ច។
យោងតាមឯកសារដែលចងក្រងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ២០០៦ បានបង្ហាញថា នៅប្រទេសកម្ពុជា ប្រាក់ដុល្លារបានហូរចូលចាប់តាំងពីទសវត្សរ៍ឆ្នាំទី៨០ តាមរយៈការផ្ដល់ជំនួយរបស់អង្គការអន្តរជាតិ និងការផ្ញើប្រាក់ពីអាណិកជនកម្ពុជា មកបងប្អូនរបស់គេដែលរស់នៅប្រទេសកម្ពុជា។
ប្រាក់ដុល្លារត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់សន្សំទូទាត់ និងឯកតាកំណត់ថ្លៃទំនិញនៅក្នុងទីផ្សារ។ ប្រាក់ដុល្លារអាមេរិកត្រូវបានប៉ាន់ស្មានមានចំនួនជាង ៩០ភាគរយដែលចរាចរណ៍នៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា។
របាយការណ៍ដែលចងក្រងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលបានបង្ហាញថា មានមូលហេតុសំខាន់ ៤ ដែលប្រាក់ដុល្លារបានហូរចូលយ៉ាងច្រើននៅក្នុងសកម្មភាពសេដ្ឋកិច្ច។ មូលហេតុទាំងនោះមាន៖ នៅចុងទសវត្សរ៍ទី៩០ រដ្ឋកម្ពុជាបានចាប់ផ្ដើមអនុវត្តន៍គោលនយោបាយសេរីភាវូបនីយកម្ម លើកទឹកចិត្តឲ្យវិនិយោគិនពីបរទេសដាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ និងជំរុញលំហូរប្រាក់ដុល្លារនៅកម្ពុជា ដោយរដ្ឋាភិបាលពេលនោះមិនបានអនុវត្តការត្រួតពិនិត្យរូបិយវត្ថុអន្តរជាតិទេ។
មូលហេតុទីពីរ ក្នុងកំឡុងឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ វត្តមាននៃអ៊ុនតាក់នៅកម្ពុជា ដែលចំណាយថវិកាប្រមាណជាង ២ពាន់លានដុល្លារ ដែលបន្ថែមការលំហូរប្រាក់ដុល្លារចូលមកក្នុងប្រទេសកម្ពុជា និងមូលហេតុទីបី គឺការចាប់ផ្ដើមផ្ដល់ជំនួយស្ដារ និងកសាងប្រទេសកម្ពុជា ឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩២ មកដោយសហគមន៍អន្តរជាតិ និងមូលហេតុសំខាន់ទីបួន គឺអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅអំឡុងដើមទសវត្សរ៍ទី៩០ ជាពិសេសការកើនឡើងនៃអត្រាអតិផរណា និងអស្ថិរភាពអត្រាប្ដូរប្រាក់ដោយរដ្ឋាភិបាលពេលនោះបានខ្ចីលុយពីធនាគារកណ្ដាល ឬធនាគារជាតិ ដើម្បីធ្វើហិរញ្ញប្បទានឱនភាពថវិកា ដែលជាកត្តាសំខាន់ជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា សន្សំប្រាក់ជាដុល្លារ។
សម្រាប់ស្ថានភាពកម្ពុជាបច្ចុប្បន្ន ការប្រើប្រាក់ដុល្លារមិនត្រឹមតែសម្រាប់គោលដៅអាជីវកម្មនានានោះទេ ប៉ុន្តែប្រាក់ដុល្លារត្រូវបានគេប្រើសម្រាប់បើកប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីអង្គការ និងក្រុមហ៊ុនផ្សេងៗ និងប្រាក់រៀលវិញត្រូវបានគេប្រើសម្រាប់តែបង់ថ្លៃទឹក ភ្លើង និងទំនិញតូចតាច ម្ហូបអាហារ ត្រីសាច់ផ្សេងៗជាដើម។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៊ិន ចន្នី មានប្រសាសន៍ថា ធនាគាររបស់លោកលើកទឹកចិត្តឲ្យអតិថិជនប្រតិបត្តិការផ្សេងៗជាប្រាក់រៀល ហើយអត្រាការប្រាក់សន្សំជាប្រាក់រៀលមានអត្រាខ្ពស់ជាងអត្រាការប្រាក់ជាប្រាក់ដុល្លារ។ លោកបញ្ជាក់ថា អត្រាការប្រាក់ជាប្រាក់រៀលមានអត្រាខ្ពស់ជាងគេបើធៀបនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងៗ ដែលមានអត្រា ១១ភាគរយនៃប្រាក់សន្សំសរុប។
របាយការណ៍ប្រចាំខែរបស់ធនាគារជាតិកម្ពុជា ក្នុងឆ្នាំ២០១១ នេះបង្ហាញអំពីសាច់ប្រាក់ទាំងអស់ ឬហៅថា M1 មានន័យថា ក្រដាសប្រាក់ ឬកាក់ប្រាក់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលចរាចរណ៍ក្នុងទីផ្សារ បូកជាមួយនឹងមូលប្បទានប័ត្រដែលជាប្រាក់បញ្ញើរបស់បុគ្គលនៅក្នុងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតដែលអាចដកបានគ្រប់ពេល ហើយទំហំសាច់ប្រាក់នេះមានការកើនឡើងរៀងរាល់ខែ ដោយគិតត្រឹមខែកញ្ញា ២០១១ មានទំហំជាង ៣.៦០០ពាន់លានរៀល ដែលចរាចរណ៍នៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា។
បញ្ជាក់បន្ថែមអំពីបញ្ហានេះ លោក អ៊ិន ចន្នី មានប្រសាសន៍ថា ការបង្វែរឲ្យប្រជាជនងាកមកប្រើប្រាក់រៀលវាពិតជាត្រូវការពេលវេលាច្រើន ដើម្បីធានាថា ប្រាក់រៀលមានតម្លៃ និងធ្វើឲ្យសាធារណជនប្ដូរមកប្រើប្រាក់រៀលម្ដងបន្តិចៗ ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឲ្យមានស្ថិរភាពប្រាក់រៀល និងរក្សាអត្រាអតិផរណាឲ្យមានកម្រិតទាប។
របាយការណ៍ដែលចងក្រងដោយបណ្ឌិត ហង្ស ជួនណារ៉ុន កន្លងទៅបានបង្ហាញថា ការប្រើដុល្លារគឺជួយការកាត់បន្ថយឥទ្ធិពលនៃបម្រែបម្រួលអត្រាប្ដូរប្រាក់ និងបង្កលក្ខណៈងាយស្រួលពង្រីកនិងពង្រឹងប្រព័ន្ធធនាគារជាដើម ប៉ុន្តែទន្ទឹមនឹងការប្រើប្រាក់ដុល្លារ ធ្វើឲ្យប្រទេសកម្ពុជា ខាតបង់យ៉ាងធំធេងនោះ គឺតាមរយៈការបោះពុម្ពក្រដាសប្រាក់រៀលសម្រាប់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលការខាតបង់នេះត្រូវបានគេប៉ាន់ស្មានមានចន្លោះពី ២០ ទៅ ៩០លានដុល្លារ។
ទោះជាយ៉ាងនេះក្តី ការលើកទឹកចិត្តឲ្យបណ្ដាពាណិជ្ជករ អង្គការ ក្រុមហ៊ុន និងធនាគារ ទាំងអស់ក្នុងការប្រើប្រាក់រៀលនៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា គឺជាកត្តាមួយសំខាន់លើកតម្កើងប្រាក់រៀល។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងថា ការងាកមកប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច គឺទាមទារយៈពេលមួយដើម្បីឲ្យប្រជាពលរដ្ឋបន្សាំទៅនឹងការប្រើប្រាក់រៀលនៅកម្ពុជា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។