អូស្ត្រាលី​រក​ឃើញ​បណ្ដាញ​រត់​ពន្ធ​គ្រឿង​ញៀន​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​នៅ​អាស៊ី

កាសែត​អូស្ត្រាលី The Sydney Morning Herald និងThe Ageបាន​ផ្សាយ​ព័ត៌មាន​អំពី​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​អូស្ត្រាលី។

តាម​រយៈ​កិច្ច​យក​ការណ៍​សម្ងាត់ ដែល​រក​ឃើញ​ថា បណ្ដាញ​រត់​ពន្ធ​គ្រឿង​ញៀន និង​លាង​លុយ​កខ្វក់​អាស៊ី មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ មាន​ទាក់​ទិន​នឹង​ក្រុម​មេ​ដឹក​នាំ​ក្នុង​ក្រសួង​មាន​សមត្ថកិច្ច និង​អ្នក​នយោបាយ​ដឹក​នាំ​រដ្ឋាភិបាល​នៅ​អាស៊ី។

របាយការណ៍​នោះ​សរសេរ​ថា ក្រុម​ឧក្រិដ្ឋ​ជន​បាន​ជ្រៀត​ចូល​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ដើម្បី​រក​កិច្ច​ការពារ មាន​ដូច​ជា​នៅ​ប្រទេស​ចិន វៀតណាម ថៃ ភូមា ឡាវ កម្ពុជា និង​រដ្ឋ​អំណាច​ម៉ាកាវ។ របាយ​ការណ៍​នោះ​បន្ត​ថា មាន​សមាសភាព​ឧក្រិដ្ឋ​ជន​មួយ​រូប បាន​ចូល​រួម​ប្រជុំ​សន្និសីទ​នៃ​ភ្នាក់​ងារ​ប៉ូលិស​អន្តរ​ជាតិ ហៅ​ថា អាំងទែប៉ូល (Interpol) នៅ​បុរី​ញីវយ៉ក។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចំណាយ​ថវិកា​ប្រមាណ​ជិត ១០​លាន​ដុល្លារ ផ្ទេរ​ចេញ​ក្រៅ ដើម្បី​ចង់​រក​មុខ​មេ​ដឹក​នាំ​ដែល​នៅ​ពី​ក្រោយ​ខ្នង​អំពើ​ឧក្រិដ្ឋ​ទាំង​នោះ។ អាជ្ញាធរ​អូស្ត្រាលី​បាន​ដាក់​ឈ្មោះ​បណ្ដាញ​ឧក្រិដ្ឋកម្ម​នោះ​ថា សហ​ជីព​ជីតាៗ (Grandfather Syndicate)។ បណ្ដាញ​នេះ បញ្ជូន ឬ​បញ្ចេញ​បញ្ចូល​លុយ​តាម​រយៈ​បន​ល្បែង​កាស៊ីណូ សណ្ឋាគារ មណ្ឌល​ទេសចរ ក្រុមហ៊ុន​សំណង់ ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ មាន​ផ្ទះ​សម្បែង និង​ដីធ្លី នៅ​ហុងកុង និង​វៀតណាម៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។