ថ្លែងទៅកាន់សិស្សនិងមហាជនច្រើនពាន់នាក់នៅស្ដាតអូឡាំពិក នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ "តើគ្រឿងញៀនត្រួតត្រាជីវិតអ្នកឬ?" លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថា នៅប្រទេសកម្ពុជាគេរកឃើញយ៉ាងហោចណាស់មានអ្នកប្រើគ្រឿងញៀនប្រមាណ៤៦៣០០នាក់។ លោកថា ក្នុងម្នាក់បើចាយ៣ដុល្លារក្នុងមួយថ្ងៃទៅលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នោះ ក្នុងមួយឆ្នាំគេនឹងត្រូវចំណាយអស់៥០លានដុល្លារ។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖ «ប្រសិនបើតួលេខនេះជាតួលេខអាចយកជាការបានហើយអត្រាអ្នកប្រើគ្រឿងញៀននៅតែបន្តកើនឡើងនោះជាការប្រឈមចំពោះគ្រោះថ្នាក់និងការខាតបង់ដ៏ធ្ងន់ធ្ងរមួយសម្រាប់សង្គមកម្ពុជា»។
លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនបានបង្ហើបឲ្យដឹងនូវចំនួនគ្រឿងញៀននិងជនល្មើសមានប៉ុន្មានដែលបានបង្រ្កាបក្នុងឆ្នាំ២០០៩នេះឡើយ។
លោកគ្រាន់តែថា វិធីបង្ក្រាបគ្រឿងញៀនបានសហការជាមួយប៉ូលិសសហព័ន្ធអូស្រា្តលី ស្ថាប័ន DEA សហរដ្ឋអាមេរិក និងប្រទេសជិតខាង ពិសេសក្នុងប្រទេសផងដែរ បានបង្រ្កាបបទល្មើសឆ្លងកាត់មកកម្ពុជា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ របាយការណ៍មួយរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្តីពីការត្រួតពិនិត្យគ្រឿងញៀនដែលចេញផ្សាយនៅខែមិថុនា ឆ្នាំនេះ បានឲ្យដឹងថា ឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តនាំគ្រឿងញៀនឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជានៅឡើយ ជាពិសេសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហើយថ្នាំប្រភេទនេះត្រូវបានចែកចាយឲ្យប្រើប្រាស់នៅតាមកន្លែងជាច្រើន ទាំងនៅតាមទីសាធារណៈ តាមលំនៅឋាន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។
របាយការណ៍ដដែលសរសេរថា សមត្ថកិច្ចបង្រ្កាបបទល្មើសបានចំនួន១៥ករណីនិងចាប់បានជនល្មើស៣៩នាក់បញ្ជូនទៅតុលាការ។
យុវជនផ្តាច់គ្រឿងញៀនក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ អាយុ២៦ឆ្នាំ សុំមិនប្រាប់ឈ្មោះ បាននិយាយថា ៖ «ខ្ញុំដើរលេងសេពគ្រឿងញៀន មិនចូលសាលាចូលអី រហូតដល់ម៉ាក់ប៉ាខ្ញុំយកខ្ញុំទៅដាក់នៅក្នុងមជ្ឈមណ្ឌល ឱកាសខ្ញុំ កែប្រែខ្លួន»។
ជាអតីតយុវនិស្សិតម្នាក់ទៀតមានអាយុ២២ឆ្នាំក្នុងមជ្ឈមណ្ឌលនោះដែរបានឲ្យដឹងថា ៖ «ដល់ពេលចូលមកក្នុងមជ្ឈមណ្ឌលនេះវាម៉្យាងដែរ របៀបដូចថាធ្វើឲ្យយើងមានអារម្មណ៍ល្អឡើងវិញ ជាពិសេសការចងចាំរបស់យើងមានឡើងវិញ»។
ប្រធានគណៈគ្រប់គ្រងមជ្ឈមណ្ឌលឱកាសខ្ញុំ លោក អ៊ាន សុឃីម ឲ្យដឹងថា មជ្ឈមណ្ឌលនេះបើកទទួលអ្នកចូលផ្តាច់គ្រឿងញៀនតាំងពីខែមេសា ឆ្នាំ២០០៦មក មានចំនួន២០១៥នាក់ ក្នុងនោះ១៨០០នាក់ក្រោយការផ្តាច់បានបញ្ជូនទៅឲ្យអាណាព្យាបាលវិញ នៅសល់ក្នុងមណ្ឌលបច្ចុប្បន្ន២១៥នាក់ទៀតកំពុងផ្តាច់គ្រឿងញៀននិងរៀនវិជ្ជាជីវៈផ្សេងៗ។
លោកឲ្យដឹងថា មានអ្នកផ្តាច់គ្រឿងញៀនរួចហើយ១០%ទៅ១៥%បានត្រឡប់មកមណ្ឌលវិញដោយសារការញៀនជាថ្មី។ លោកបានឲ្យដឹងដែរថា មាននារីប្រើប្រាស់គ្រឿងញៀនចង់មកផ្តាច់ការញៀនកើនឡើងផងដែរ ប៉ុន្តែមជ្ឈមណ្ឌលគ្មានអគារសម្រាប់នារី។
ក្នុងថ្ងៃនេះដែរលោកនាយករដ្ឋមន្ត្រីខ្មែរបានអំពាវនាវសុំឲ្យមានការជួយសង់នូវអគារផ្ដាច់គ្រឿងញៀនមួយទៀតនៅខេត្តកំពង់ស្ពឺ៕