លោក រស់ មុនីជោត ជាប្រធានអង្គការពុទ្ធិកសមាគមខ្មែរ ដែលធ្វើការផ្នែកជួយអប់រំនិងជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការចរាចរលក់ដូរនិងការប្រើប្រាស់ថ្នាំញៀន គឺនៅបន្តកើតមាននៅឡើយនៅតំបន់ដែលជាប់ព្រំដែនថៃនោះ ដូចជា នៅក្នុងស្រុកថ្មពួក នៅច្រកបឹងត្រកួននិងនៅតំបន់ប៉ោយប៉ែតជាដើម។
លោក រស់ មុនីជោត ថ្លែងដូច្នេះថា ៖ «វាមានតាមច្រករបៀងនៃព្រំដែននៅក្នុងខាងឃុំគោករមៀត មានជួរទៅខាងមហោស្រព ទៅខាងដងរែក ទៅខាងបឹងត្រកួនអីអ៊ីចឹង អាហ្នឹងជាភូមិដែលស្ថិតនៅជាប់នឹងព្រំដែនកម្ពុជា-ថៃ»។
លោក រស់ មុនីជោត ថ្លែងទៀតថា ក្រុមអ្នកប្រើគ្រឿងញៀនច្រើនជាងគេ គឺក្នុងចំណោមយុវជននិងពលករដែលរកស៊ីលក់កម្លាំងពលកម្មនៅប្រទេសថៃ ៖ «ខ្ញុំលើកឧទាហរណ៍មួយនៅខាងច្រកបឹងត្រកួន ស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសារលំបាក ប្រជាជនអត់មានការងារធ្វើ ដូច្នេះដើម្បីឲ្យបានកម្រៃយកមកដោះស្រាយនៅក្នុងគ្រួសារ កន្លងមក នៅតាមតំបន់នោះ គេត្រូវចេញទៅរកស៊ីនៅថៃ ជូនមនុស្ស ឬក៏នាំអីវ៉ាន់ថៃនៅពេលយប់។ ហើយដើម្បីឲ្យទប់ទល់នូវការអត់ងងុយ មនុស្សត្រូវការប្រើថ្នាំហ្នឹង ព្រោះថ្នាំហ្នឹងធ្វើឲ្យមនុស្សអត់ដេកសោះក៏មានដែរ ហ្នឹងពពួកថ្នាំសេះហ្នឹង»។
ចំណែកឯលោក ផន សុវណ្ណ ជាអ្នកស័្មគ្រចិត្តជួយអប់រំអ្នកញៀនគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យនោះ ថ្លែងដែរថា ការប្រើគ្រឿងញៀនក៏កើតមានក្នុងចំណោមអ្នករកស៊ីរត់ពន្ធទំនិញនិងអ្នកស៊ីឈ្នួលរត់ពន្ធទំនិញឲ្យគេនោះដែរ ៖ «រកស៊ីខាងផ្លូវខុសៗ រកស៊ីខាងហ្នឹងត្រូវរង់ចាំរបស់យប់អធ្រាត្រទៅ វាត្រូវការប្រើ។ រកស៊ីទិញម៉ូតូពីថៃមកខ្មែរ វាជួយកុំឲ្យអត់ងងុយ ហើយក្លាហាន»។
ហើយលោកថា អ្នកលេងល្បែងស៊ីសង ក៏ប្រើថ្នាំញៀនផងដែរ ៖ «បរិស្ថានគាត់ផង ដោយសារកន្លែងហ្នឹងមុខរបរគាត់អង្គុយទល់ភ្លឺផង ដើម្បីកំដកូនចៅ កំដភ្ញៀវ»។
ក្នុងចំណោមសិស្សសាលានៅឯស្រុកថ្មពួកនោះដែរ អង្គការពុទ្ធិកសមាគមខ្មែរបានរកឃើញថា នៅកម្រិតវិទ្យាល័យ ក្នុងសិស្ស ១០០នាក់ គឺមាន ៣នាក់ ប្រើថ្នាំញៀន ហើយនៅកម្រិតអនុវិទ្យាល័យក្នុងសិស្ស១០០នាក់ គឺមាន២នាក់ប្រើថ្នាំញៀន។
លោក រស់ មុនីជោត បានធ្វើការងារលើបញ្ហាគ្រឿងញៀននេះ ជិត ៣ឆ្នាំមកហើយ។ បច្ចុប្បន្ន អង្គការពុទ្ធិកសមាគមខ្មែររបស់លោកជួយអប់រំនិងសង្គ្រោះអ្នកញៀនថ្នាំជាង ៤០០នាក់ ហើយក៏បានជួយកុមារកំព្រាជាង៥០០នាក់ ដែលឳពុកម្តាយគេបានស្លាប់ដោយសារជំងឺអេដស៍និងដោយសារគ្រឿងញៀននេះ។ ក្នុងចំណោមអ្នកញៀនគ្រឿងញៀនជាង ៤០០នាក់នោះ ក៏មានស្ត្រីជាង២០នាក់ដែរ។
លោក រស់ មុនីជោត ថ្លែងដូច្នេះថា ៖ «ដែលគាត់ជាស្រ្តីបម្រើតាមសេវាកម្មកម្សាន្តនានា ឬក៏ក្លឹបកម្សាន្តនានា ឬកន្លែងបម្រើសេវាផ្លូវភេទអីអ៊ីចឹង»។
មូលហេតុដែលគ្រឿងញៀនអាចនៅបន្តចរាចរចែកចាយលក់ដូរក្នុងតំបន់នោះ លោក រស់ មុនីជោត ថ្លែងថា ៖ «ភាគច្រើនគឺច្រើនតែឈ្មួញដែលគេមានអ្នកមានអំណាចនៅពីក្រោយកន្លងមក ដែលគេនៅពីក្រោយនៃបទល្មើសជួញដូរគ្រឿងញៀននោះ»។
លោកថ្លែងបន្តថា បើទោះបីជាឈ្មួញចែកចាយធំៗមានការថយចុះក៏ដោយ ក៏ប៉ុន្តែអ្នកចែកចាយទ្រង់ទ្រាយតូចនៅមាននៅឡើយ ហើយការឃុបឃិតឲ្យចរាចរគ្រឿងញៀនក៏មាននៅឡើយដែរ។
លោក រស់ មុនីជោត បានឲ្យដឹងថា ៖ «អ្នកតូចៗនៅតែមានអ៊ីចឹង អ្នកការពារ ដូចថាលក់ទៅ បានលុយទៅ អ្នកលក់យកទៅចែកចាយបានផលកម្រៃខ្លះៗទៅ ហើយមានអ្នកមានអំណាចខ្លះៗដែលមិនយល់ពីអាហ្នឹង ដោយសារនេះតម្រូវការខ្លួនគេ គេទៅគោះយកអ៊ីចឹងទៅ ៣-៤ម៉ឺនបាតអី»។
ក្រៅពីតំបន់ដាច់ស្រយាលនិងនៅតាមព្រំដែនគ្រឿងញៀនក៏កំពុងចរាចរចែកចាយនៅទីប្រជុំជនសំខាន់ៗនិងទីក្រុងភ្នំពេញនៅឡើយដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍កាលពីខែឧសភា ឆ្នាំ២០០៩ នាឱកាសដំឡើងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយាន ឲ្យធ្វើជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងដូច្នេះថា ៖ «អាចែកដុំរឿងវាមួយ អាចែករាយប៉ាយគ្រោះថ្នាក់ជាងអីទៀត។ រាយប៉ាយ៥០កន្លែងស្មើនឹងអាចែកគ្រោះថ្នាក់ជាងអាចែកតូច អាធំនេះមួយបែប ចែកភ្លាម អានោះផឹកភ្លាម ហើយក្រសួងទេសចរណ៍ត្រូវមើលផង»។
ទោះបីជាយ៉ាងណាក៏ដោយរបាយការណ៍មួយរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្តីពីការត្រួតពិនិត្យគ្រឿងញៀនប្រចាំខែឧសភា ឆ្នាំ២០០៩នេះ បានឲ្យដឹងថា ឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តនាំគ្រឿងញៀនឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជានៅឡើយ ជាពិសេសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហើយថ្នាំញៀនប្រភេទនេះត្រូវបានចែកចាយឲ្យប្រើប្រាស់នៅតាមកន្លែងជាច្រើន ទាំងនៅតាមទីសាធារណៈ តាមលំនៅឋាន ផ្ទះសំណាក់និងសណ្ឋាគារជាដើម។ របាយការណ៍ដដែលសរសេរថា សមត្ថកិច្ចបង្រ្កាបបទល្មើសបានចំនួន១៥ករណី និងចាប់បានជនល្មើស៣៩នាក់បញ្ជូនទៅតុលាការ។
ក៏ប៉ុន្តែប្រធានអង្គការពុទ្ធិកសមាគមខ្មែរ លោក រស់ មុនីជោត នៅបារម្ភនៅឡើយអំពីចំណាត់ការរបស់តុលាការចំពោះឧក្រិដ្ឋជនគ្រឿងញៀននេះ។
លោក រស់ មុនីជោត បានមានប្រសាសន៍ថា ៖ «បង្រ្កាបខាងណេះបះខាងនោះ បង្រ្កាបខាងនោះបះខាងណេះ។ ហើយមួយទៀតសូមអ៊ីចេះ សូមត្រង់ថា បើចាប់បានអ្នកលក់ អ្នកចែកចាយ ហើយសុំកុំឲ្យទទួលសំណូកសូកប៉ាន់ តែទទួលសំណូកសូកប៉ាន់ ចេញមកវិញលក់លើសដើម»។
នៅប្រទេសកម្ពុជាគេរកឃើញថា មនុស្សជាង៥ពាន់នាក់ប្រើគ្រឿងញៀន។ ការប្រើថ្នាំញៀនមិនត្រឹមតែធ្វើឲ្យប៉ះពាល់សុខភាពផ្លូវចិត្តនិងផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កឲ្យមានជម្លោះអំពើហិង្សាក្នុងគ្រួសារនិងបង្កើតបញ្ហាដល់សង្គមផងដែរ។
លោក ផន សុវណ្ណ រំឭករឿងរ៉ាវនៃបុរសម្នាក់នៅឯខេត្តបន្ទាយមានជ័យថា បុរសនោះមានវ័យជាង៤០ឆ្នាំ ហើយញៀនគ្រឿងញៀន បន្ទាប់ពីគាត់ចូលចិត្តលេងល្បែងចាក់អាប៉ោង បើកផ្ទះបន និងបើកកន្លែងលេងល្បែងស៊ីសង។ គាត់ប្រើគ្រឿងញៀនរយៈពេលជិត១០ឆ្នាំ។ ដោយសារគ្រឿងញៀននេះ ៖ «ការរស់នៅគេមិនសូវរាប់អានអ៊ីចឹង ដោយសារគាត់ប្រព្រឹត្តគ្រឿងញៀន។ និយាយអីទៅដូចអត់មានតម្លៃ ព្រោះគាត់ទាស់ទែងប្ដីប្រពន្ធនៅពេលដែលគាត់ប្រើម្ដងៗ វាពិបាកទាស់ទែងប្រពន្ធរហូត ដូចថាមនុស្សអន់ចិត្តច្រើន។ កាលណាប្រើអាហ្នឹងអន់ចិត្តច្រើន ប្រពន្ធធ្វើអីចេះតែទើសៗ រករឿងតែប្រពន្ធរហូត។ ការស់នៅអត់មានសេចក្ដីសុខទេជាមួយប្ដី ប្រពន្ធ កូននោះ»។
លោកថា បុរសញៀនគ្រឿងញៀនជាច្រើនឆ្នាំនោះបានស្លាប់ហើយកាលពីសប្តាហ៍មុនដោយបន្សល់ទុកនូវស្ត្រីមេម៉ាយនិងកូនកំព្រា២នាក់៕