ការបដិសេធនេះត្រូវជនជាប់ចោទ ឌុច ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ មេសា ខណៈដែលអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបន្តសួរដេញដោលគាត់អំពីការបង្កើតមន្ទីរស-២១និងគុកនៅតាខ្មៅនៅខេត្តកណ្តាលនោះ។
នៅចំពោះមុខអង្គជំនុំជម្រះ ជនជាប់ចោទ ឌុច បានរៀបរាប់អំពីការធ្វើទារុណកម្មចំពោះអ្នកទោសតាមរបៀបផ្សេងៗមួយចំនួន ដូចជាការវាយដោយរំពាត់, ការឆក់ដោយអគ្គិសនីនិងការច្រកក្បាលអ្នកទោសក្នុងថង់ប្លាស្ទីកឲ្យថប់ដង្ហើមជាដើម។
ក៏ប៉ុន្តែជនជាប់ចោទ ឌុច បដិសេធការធ្វើទារុណកម្មដោយច្រកទឹកតាមច្រមុះ ហើយវិធីមួយទៀត ឌុច បដិសេធដូច្នេះ ៖ «ឯចំណែកប៉ូតូសម្រាប់ចងព្យួរស្អីនោះ គ្មានទេ ហើយក៏ខ្ញុំមិនជឿទាល់តែសោះរហូតមកទល់ឥឡូវនេះ ថាមានការព្យួរអីៗ ច្រកទឹក ក្បាលក្នុងអាងអី អត់ទេ។ ដូច្នេះការកកើតដំបូងកំណត់ប៉ុណ្ណេះឯង មានតែទូរស័ព្ទរវៃ រំពាត់»។
ជនជាប់ចោទ ឌុច បាននិយាយថា ទម្រង់ធ្វើទារុណកម្មអ្នកទោសនានានៅមន្ទីរស-២១ដូចលើកឡើងខាងលើគឺកើតចេញពីការពិភាក្សាគ្នារវាងគាត់និង ណាត អតីតប្រធានរបស់គាត់ ហើយការវាយនិងឆក់អគ្គិសនីពិតជាបានប្រើនៅមន្ទីរនេះ។ ការធ្វើទារុណកម្មដោយច្រកថង់ប្លាស្ទីកឲ្យថប់ដង្ហើម ឌុច និយាយថាក៏អាចមានប្រើដែរ។
អតីតអ្នកទោសមន្ទីរស-២១ម្នាក់ គឺលោក ជុំ ម៉ី បានរៀបរាប់អំពីប្រភេទទារុណកម្មដែលអ្នកសួរចម្លើយប្រព្រឹត្តមកលើរូបលោកដូច្នេះ ៖ «សួរចម្លើយមានដាក់ខ្សែភ្លើង វ៉ៃបាក់ដៃបាក់អីមិនឃើញទេ! ហើយក្រចកមេជើងដកទាំងអស់។ អានេះវ៉ៃឈឺពេកខ្ញុំរងអ៊ីចេះ យកដៃរងទៅបាក់កូនដៃ វ៉ៃឈឺពេកទៅណា៎!»។
ជនជាប់ចោទ ឌុច បានជម្រាបអង្គសវនាការថា ប្រតិបត្តិការរបស់មន្ទីរស-២១ រួមមានរបៀបឃុំឃាំង, របៀបយកចម្លើយ, របៀបយកមនុស្សទៅកម្ទេច គឺជាប្រតិបត្តិការបន្តពីការងារនគរបាលនៃកងពលលេខ៧០៣ ក្រោមការគ្រប់គ្រងរបស់សមមិត្ត ណាត។
ឌុច និយាយដោយមានជំនឿថា នគរបាលរបស់ខ្មែរក្រហមទូទាំងប្រទេសចៀសមិនរួចពីការធ្វើទារុណកម្មទេចាប់តាំងពីឆ្នាំ១៩៧០មក។ ជនជាប់ចោទ ឌុច បានបន្ថែមថា អ្នកដែលត្រូវចាប់មកមន្ទីរស-២១គឺជាអ្នកត្រូវស្លាប់៕
