ឌុច បដិសេធ​ការធ្វើ​ទារុណកម្ម​ដោយ​វិធី​មួយចំនួន​នៅ​ទួលស្លែង

លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង​បាន​បដិសេធ​ថា ការធ្វើ​ទារុណកម្ម​អ្នក​ទោស​ដោយ​វិធី​ចង​ជើង​ព្យួរ​ហើយ​ជ្រមុជ​ក្បាល​ទៅ​ក្នុង​ទឹក​មិន​មាន​ទេ​នៅ​មន្ទីរ​សន្តិបាល ស-២១។

ការបដិសេធ​នេះ​ត្រូវ​ជន​ជាប់​ចោទ ឌុច ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មេសា ខណៈ​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​សួរ​ដេញដោល​គាត់​អំពី​ការបង្កើត​មន្ទីរ​ស-២១​និង​គុក​នៅ​តាខ្មៅ​នៅ​ខេត្ត​កណ្តាល​នោះ។

នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ ជន​ជាប់​ចោទ ឌុច បាន​រៀបរាប់​អំពី​ការធ្វើ​ទារុណកម្ម​ចំពោះ​អ្នក​ទោស​តាម​របៀប​ផ្សេងៗ​មួយចំនួន ដូច​ជា​ការវាយ​ដោយ​រំពាត់, ការឆក់​ដោយ​អគ្គិសនី​និង​ការច្រក​ក្បាល​អ្នក​ទោស​ក្នុង​ថង់​ប្លាស្ទីក​ឲ្យ​ថប់​ដង្ហើម​ជាដើម។

ក៏​ប៉ុន្តែ​ជន​ជាប់​ចោទ ឌុច បដិសេធ​ការធ្វើ​ទារុណកម្ម​ដោយ​ច្រក​ទឹក​តាម​ច្រមុះ ហើយ​វិធី​មួយ​ទៀត ឌុច បដិសេធ​ដូច្នេះ ៖ «ឯ​ចំណែក​ប៉ូតូ​សម្រាប់​ចង​ព្យួរ​ស្អី​នោះ គ្មាន​ទេ ហើយ​ក៏​ខ្ញុំ​មិន​ជឿ​ទាល់​តែ​សោះ​រហូត​មក​ទល់​ឥឡូវ​នេះ ថា​មាន​ការព្យួរ​អីៗ ច្រក​ទឹក ក្បាល​ក្នុង​អាង​អី អត់​ទេ។ ដូច្នេះ​ការកកើត​ដំបូង​កំណត់​ប៉ុណ្ណេះ​ឯង មាន​តែ​ទូរស័ព្ទ​រវៃ រំពាត់»

ជន​ជាប់​ចោទ ឌុច បាន​និយាយ​ថា ទម្រង់​ធ្វើ​ទារុណកម្ម​អ្នក​ទោស​នានា​នៅ​មន្ទីរ​ស-២១​ដូច​លើក​ឡើង​ខាង​លើ​គឺ​កើត​ចេញ​ពី​ការពិភាក្សា​គ្នា​រវាង​គាត់​និង ណាត អតីត​ប្រធាន​របស់​គាត់ ហើយ​ការវាយ​និង​ឆក់​អគ្គិសនី​ពិត​ជា​បាន​ប្រើ​នៅ​មន្ទីរ​នេះ។ ការធ្វើ​ទារុណកម្ម​ដោយ​ច្រក​ថង់​ប្លាស្ទីក​ឲ្យ​ថប់​ដង្ហើម ឌុច និយាយ​ថា​ក៏​អាច​មាន​ប្រើ​ដែរ។

អតីត​អ្នក​ទោស​មន្ទីរ​ស-២១​ម្នាក់ គឺ​លោក ជុំ ម៉ី បាន​រៀបរាប់​អំពី​ប្រភេទ​ទារុណកម្ម​ដែល​អ្នក​សួរ​ចម្លើយ​ប្រព្រឹត្ត​មក​លើ​រូប​លោក​ដូច្នេះ ៖ «សួរ​ចម្លើយ​មាន​ដាក់​ខ្សែ​ភ្លើង វ៉ៃ​បាក់​ដៃ​បាក់​អី​មិន​ឃើញ​ទេ! ហើយ​ក្រចក​មេ​ជើង​ដក​ទាំងអស់។ អា​នេះ​វ៉ៃ​ឈឺ​ពេក​ខ្ញុំ​រង​អ៊ីចេះ យក​ដៃ​រង​ទៅ​បាក់​កូន​ដៃ វ៉ៃ​ឈឺ​ពេក​ទៅ​ណា៎!»

ជន​ជាប់​ចោទ ឌុច បាន​ជម្រាប​អង្គ​សវនាការ​ថា ប្រតិបត្តិការ​របស់​មន្ទីរ​ស-២១ រួម​មាន​របៀប​ឃុំឃាំង, របៀប​យក​ចម្លើយ, របៀប​យក​មនុស្ស​ទៅ​កម្ទេច គឺ​ជា​ប្រតិបត្តិការ​បន្ត​ពី​ការងារ​នគរបាល​នៃ​កងពល​លេខ​៧០៣ ក្រោម​ការគ្រប់គ្រង​របស់​សមមិត្ត ណាត។

ឌុច និយាយ​ដោយ​មាន​ជំនឿ​ថា នគរបាល​របស់​ខ្មែរ​ក្រហម​ទូទាំង​ប្រទេស​ចៀស​មិន​រួច​ពី​ការធ្វើ​ទារុណកម្ម​ទេ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក។ ជន​ជាប់​ចោទ ឌុច បាន​បន្ថែម​ថា អ្នក​ដែល​ត្រូវ​ចាប់​មក​មន្ទីរ​ស-២១​គឺ​ជា​អ្នក​ត្រូវ​ស្លាប់៕