ការដាក់ការសង្ស័យខាងលើនេះបានធ្វើឡើងដោយជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងពេលដែលអង្គជំនុំជម្រះអនុញ្ញាតឲ្យលោកធ្វើការឆ្លើយតបទៅនឹងការផ្តល់សក្ខីកម្មរបស់សាក្សីមួយរូបឈ្មោះ សេក ដន នៅក្នុងអង្គជំនុំជម្រះ វេលាព្រឹកថ្ងៃច័ន្ទ ទី៣ សីហា ឆ្នាំ២០០៩។
ជនជាប់ចោទ ឌុច បានជម្រាបជូនអង្គជំនុំជម្រះថា ដោយសារសាក្សី សេក ដន ជាកូនកសិករនៅចុងកាត់មាត់ញក លោក សេក ដន អាចត្រូវគេបញ្ជូនមកមន្ទីរស-២១ ពិតប្រាកដមែន។
ក៏ប៉ុន្តែជនជាប់ចោទ ឌុច លើកអំពីចំណុចសង្ស័យរបស់ខ្លួនដូច្នេះ ៖ «ដោយហេតុផលសក្ខីកម្មរបស់គាត់វាខុសពេលវេលាច្រើន។ ឧទាហរណ៍ដូចគាត់និយាយថា ប្រធានរបស់គាត់គឺមិត្ត ប៉ោ។ មិត្ត ប៉ោ អត់រស់នៅដល់ឆ្នាំ១៩៧៨ទេ ដូច្នេះការដែលឲ្យសក្ខីកម្មឆ្គងបែបនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍សង្ស័យថា គាត់ហាក់ដូចជាមិនមែនបុគ្គលិក បុគ្គលិកមន្ទីរស-២១»។
សាក្សី សេក ដន បច្ចុប្បន្នអាយុ៤៨ឆ្នាំ បានអះអាងនៅចំពោះមុខអង្គជំនុំជម្រះថា លោកជាអតីតកុមារពេទ្យម្នាក់នៅក្នុងមន្ទីរឃុំឃាំងស-២១ បានឆ្លើយតបនឹងការសង្ស័យរបស់ជនជាប់ចោទ ឌុច ដូច្នេះ ៖ «ខ្ញុំនៅឯហ្នឹងមែន។ ច្បាស់លាស់ មានអ្នកជាមួយខ្ញុំក៏ស្គាល់ដែរ ថាខ្ញុំកូនពេទ្យហ្នឹងដែរ។ គាត់ហ្នុងអ្នកយាមទេ ប៉ុន្តែស្គាល់ថាខ្ញុំនេះឈ្មោះ ដន»។
ក្នុងការបញ្ជាក់បន្ថែមអំពីការអះអាងរបស់លោក សាក្សី សេក ដន ប្រាប់អង្គជំនុំជម្រះថា ក្រុមពេទ្យនៅមន្ទីរស-២១ មានកម្មាភិបាលពេទ្យឈ្មោះ ប៉ោ ជាអ្នកដឹកនាំកុមារពេទ្យ ដែលក្រោយមកត្រូវចាប់ខ្លួន។ ប៉ុន្តែ ឌុច និយាយថា សក្ខីកម្មចំណុចនេះមិនពិត ពីព្រោះពេទ្យ ប៉ោ មិនបានរស់នៅរហូតដល់ឆ្នាំ១៩៧៨ទេ ដោយសារពេទ្យរូបនេះត្រូវបានចាប់ខ្លួននៅពេលដែលព្យាបាលអនុប្រធានរបស់លោកជាមួយថ្នាំដែលមានជាតិពុល។
ក្រៅពីចំណុចនេះជនជាប់ចោទ ឌុច ក៏បានទាត់ចោលសក្ខីកម្មមួយចំនួនទៀតដែរ ដោយនិយាយថា ចាប់តាំងពីលោកធ្វើជាប្រធានមន្ទីរស-២១ មិនដែលមានបុគ្គលិកណាចងកសម្លាប់ខ្លួន, មិនដែលមានឡានពេទ្យចូលដល់មន្ទីរស-២១ ដូចដែលសាក្សី សេក ដន បាននិយាយនោះទេ។
ឌុច បានបញ្ជាក់ថា ៖ «សភាពការណ៍សក្ខីកម្មជាទូទៅរបស់គាត់ល្មមយល់បាន ក៏ប៉ុន្តែសក្ខីកម្មដែលជាក់ស្ដែងលើប៉ុន្មានបញ្ហា ធ្វើឲ្យខ្ញុំសង្ស័យ»។
សូមជម្រាបថា ការបំភ្លឺរបស់សាក្សី សេក ដន និងការជំទាស់ជាមួយនឹងការសង្ស័យរបស់ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច អង្គជំនុំជម្រះនៅមិនទាន់បានសម្រេចយ៉ាងណានោះទេរហូតដល់ចុងបញ្ចាប់នៃការជំនុំជម្រះរឿងក្តីមួយនេះ ដែលបច្ចុប្បន្នសាលាក្តីខ្មែរក្រហមនឹងបន្តធ្វើរហូតដល់ខែតុលា ឆ្នាំ២០០៩៕