នៅក្នុងសវនាការដែលឈានចូលដល់ថ្ងៃទី១១ហើយនោះ អង្គជំនុំជម្រះបានផ្តើមសួរដេញដោលជាសំខាន់អំពីរឿងមន្ទីរសន្តិសុខ ស-២១។
ជនជាប់ចោទ ឌុច បានប្រាប់អង្គជំនុំជម្រះថា មន្ទីរសន្តិសុខស-២១ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ សុន សេន។ ឌុច បានលើកឡើងឯកសារមួយ ចុះថ្ងៃទី៩ តុលា ១៩៧៥ ដែលសរសេរថា សមមិត្ត ខៀវ គឺឈ្មោះបដិវត្តន៍របស់ សុន សេន ទទួលបន្ទុកសេនាធិការនិងសន្តិសុខនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ឌុច បញ្ជាក់ថា ឯកសារទាំងអស់នៅ ស-២១ សុទ្ធតែជាសេចក្តីដែលគាត់សរសេរទៅមេរបស់គាត់ គឺលោក សុន សេន និងលោក នួន ជា។
តបនឹងសំណួររបស់ចៅក្រមនៃអង្គជំនុំជម្រះអំពីតួនាទីរបស់មន្ទីរសន្តិសុខ ស-២១ ជនជាប់ចោទ ឌុច បានឆ្លើយដូច្នេះ ៖ «ខ្ញុំសូមជម្រាបថា គ្រប់មន្ទីរសន្តិសុខទាំងអស់ រួមទាំងមន្ទីរ ស-២១ផង មានភារកិច្ចទទួលឃុំឃាំង ធ្វើទារុណកម្មសួរចម្លើយ និងចុងបញ្ចប់កម្ទេច គឺយកទៅសម្លាប់»។
មន្ទីរសន្តិសុខ ស-២១ កាលណោះ មានឈ្មោះ ណាត ជាប្រធាន ឌុច ជាអនុប្រធាន និង ឃឹម វ៉ាក ហៅ ហ៊។
ឌុច បញ្ជាក់ថា គាត់ត្រូវបាន សុន សេន ចាត់តាំងឱ្យធ្វើជាប្រធាន ស-២១ នៅពាក់កណ្តាលឆ្នាំ១៩៧៦។ ការគ្រប់គ្រងជីវភាពប្រចាំសប្តាហ៍គឺមិត្ត ហ៊ អនុប្រធានគាត់ ហើយក្រៅពីនោះប្រធានពួកផ្សេងៗទៀត។
ឌុច បាននិយាយដែរថា គាត់បញ្ចូលកម្មាភិបាលនិងយុទ្ធជនដែលមកពីមន្ទីរ ម-១៣ នៅអមលាំង សឹងទាំងអស់ទៅក្នុងក្រុមសួរចម្លើយនៅមន្ទីរ ស-២១ ហើយមានពីរនាក់ ត្រូវ ឌុច យកធ្វើជានិរសារផ្ទាល់ខ្លួន។
អ្នកសួរចម្លើយក្នុងស-២១ មានបួនក្រុម គឺក្រុមត្រជាក់ ក្រុមក្តៅ ក្រុមអង្គាម និងក្រុម១ផ្សេងទៀត ដែល ឌុច រកនឹកមិនឃើញ។ ក្នុងនោះក៏មានក្រុមអ្នកសួរចម្លើយជាស្ត្រីផងដែរ ដែលអ្នកសួរចម្លើយទាំងនោះជាប្រពន្ធរបស់កម្មាភិបាលរបស់មន្ទីរ ស-២១។
គោលបំណងនៃការបង្កើតក្រុមអ្នកសួរជាស្ត្រីនោះ ឌុច បញ្ជាក់ដូច្នេះ ៖ «យកមនុស្សស្រីទៅសួរចម្លើយស្រីនេះ ទើបនឹងបង្កើតក្រោយបាតុភាពមួយកើតឡើង គឺអ្នកសួរចម្លើយប្រុសរំលោភលើរាងកាយរបស់អ្នកទោសស្រី។ កើតរឿងនេះ ខ្ញុំដកអ្នកសួរចម្លើយប្រុសហ្នឹងចេញ ហើយសុំអនុញ្ញាតបង្កើតអ្នកសួរចម្លើយស្រីដោយប្រមូលប្រពន្ធកម្មាភិបាលទាំងអស់»។
នៅថ្ងៃបញ្ចប់ការជំនុំជម្រះក្នុងសប្តាហ៍ទី៣ មានអ្នកចូលរួមប្រមាណ ៤០០នាក់ ដែលភាគច្រើនជាប្រជាជនមកពីឃុំអមលាំង ខេត្តកំពង់ស្ពឺ។ រឿងក្តីរបស់ឌុច ត្រូវសាលាក្តីខ្មែរក្រហមគ្រោងនឹងធ្វើបន្តទៀត នៅថ្ងៃច័ន្ទទី២៧ ខែមេសា សប្តាហ៍បន្ទាប់៕
