សាក្សី​បរទេស៖ ឌុច គ្រាន់​តែ​ជា​ឈ្នាន់​ដែល​ត្រូវ​គេ​ប្រើ​ប្រាស់

សាក្សី​បរទេស​មួយ​រូប​បាន​ប្រាប់​អង្គ​សវនាការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ថា ជន​ជាប់ ឌុច អតីត​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម គ្រាន់​តែ​ជា​ឈ្នាន់​ដែល​ត្រូវ​គេ​ប្រើប្រាស់​ដើម្បី​ឲ្យ​មេ​គុក​ដទៃ​ទៀត​រួច​ខ្លូន​តែ​ប៉ុណ្ណោះ។

ក្នុង​ការ​ផ្តល់​សក្ខី​កម្ម​សម្រាប់​ភាគី​ចុង​ចោទ​នៅ​ក្នុង​សវនាការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ លោក Raoul Jennar អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ក្នុង​របប​ខ្មែរ​ក្រហម​មាន​មណ្ឌល​ឃុំ​ឃាំង​ចំនួន​៩​កន្លែង​ផ្សេង​ទៀត ដែល​មាន​ផ្ទុក​អ្នក​ទោស​ច្រើន​ជាង​មន្ទីរ​ស-​២១ ឬ​គុក​ទួលស្លែង​ទៅ​ទៀត។ ប៉ុន្តែ​មិន​មាន​មេ​គុក​ណា​មួយ​នៃ​មន្ទីរ​ឃុំ​ឃាំង​ទាំង​នោះ​ត្រូវ​បាន​គេ​នាំ​ខ្លួន​យក​មក​ជំនុំ​ជម្រះ​ទោស​ដូច ឌុច នោះ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន​អា.​អេហ្វ.​ប៉េ. បាន​ដក​ស្រង់​សម្តី​របស់ Raoul Jennar ដែល បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​លោក យុត្តិធម៌​មិន​មែន​នៅ​ត្រង់​ការ​ប្រើប្រាស់​ជន​ណា​ម្នាក់​មក​ធ្វើ​ជា​ឈ្នាន់​នោះ​ទេ។

លោក​ថា មេ​គុក​មួយ​ចំនួន​នោះ​កំពុង​នៅ​មាន​ជីវិត​នៅ​ឡើយ ប៉ុន្តែ​លោក​មិន​បាន​បង្ហើប​ឈ្មោះ​ពួក​គេ​ទេ។

គួរ​បញ្ជាក់​ថា ថ្មីៗ​នេះ អង្គ​បុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​សម្រេច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដែល​អាច​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​នូវ​ជន​សង្ស័យ​បន្ថែម​ទៀត​ដែល​គេ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​ដែល​សំណើ​នេះ​បាន​លើក​ឡើង​ដោយ​សហ​ព្រះ​រាជ​អាជ្ញា​បរទេស។ ប៉ុន្តែ​សំណើ​ស៊ើប​អង្កេត​បន្ថែម​នេះ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ប្រតិកម្ម​ថា វា​នឹង​មិន​អាច​ទៅ​មុខ​រួច​ទេ៕