អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គនោះគ្រោងនឹងផ្តើមចាប់ពីម៉ោង១០ព្រឹក នៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០០៩ សប្តាហ៍ក្រោយនេះ នៅឯសាលសវនាការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅទីក្រុងភ្នំពេញ គឺគេនឹងពិភាក្សាអំពីសំណើធ្វើវិសោធនកម្មចំពោះវិធានការផ្ទៃក្នុងមួយចំនួនដែលទាក់ទិននឹងក្រុមនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ គឺរួមមានវិធានការការពារ វិធានការទាក់ទងនឹងភស្តុតាង កាលបរិច្ឆេទកំណត់ សម្រាប់ការដាក់បណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី វិធានការដែលបានរៀបចំឡើងមានលក្ខណៈចាំបាច់ក្នុងពេលដែលមានបណ្តឹងឧទ្ធរណ៍ទៅលើដីកាដំណោះស្រាយនិងនីតិវិធីនៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល។
កិច្ចប្រជុំពេញអង្គនេះក៏នឹងផ្តោតលើចំណុចសំខាន់ៗមួយចំនួនទៀតដូចជាវិធានការណែនាំមួយចំនួនទាក់ទងនឹងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៃការចូលរួមរបស់ជនរងគ្រោះសម្រាប់សំណុំរឿងលេខ០០២៕
