មន្ត្រីសង្គមស៊ីវិលបានរិះគន់សាលាក្តីខ្មែរក្រហមថា ជាការខុសឆ្គងមួយដែលសាលាក្តីនេះបានបដិសេធដើមបណ្តឹងតាមរដ្ឋប្បវេណីរបស់ប្រជាពលរដ្ឋដែលទាមទារសំណងពីរបបកម្ពុជាប្រជាធិបតេយ្យ។
លោក ធន សារាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានរិះគន់សាលាក្តីនេះក្រៅអង្គប្រជុំថា អ្នកសុំដាក់ពាក្យបណ្តឹងតាមរដ្ឋប្បវេណីជាភាពទទួលស្គាល់ជនរងគ្រោះថា ជាភាគីមួយនៃសាលាក្តីជារឿងមួយសំខាន់ដែលសាលាក្តីខ្មែរក្រហមមិនត្រូវប្តូរការសម្រេចចិត្តទទួលស្គាល់ឬមិនទទួលស្គាល់នៅពេលកំពុងដំណើរការនោះឡើយ។
លោក ធន សារាយ មានប្រសាសន៍ដូច្នេះ ៖ «ត្រូវប្រាប់គេមុនឲ្យហើយថា តើនៅក្នុងវិសាលភាពនៃបទឧក្រិដ្ឋនៅកន្លែងណាខ្លះ? ទម្រង់នៃបទឧក្រិដ្ឋអីខ្លះនៅក្នុងដែនសមត្ថកិច្ចក្នុងការស៊ើបអង្កេតរបស់ខ្លួន? ដើម្បីឲ្យប្រជាពលរដ្ឋលោកដាក់ពាក្យបណ្ដឹងឲ្យត្រូវ។ ពីដំបូងមកលោកអត់មានប្រាក់គេសោះ ស្រាប់តែមកដល់ពាក់កណ្ដាលទីបានគាត់ប្រាប់ថា ពាក្យបណ្ដឹងមួយចំនួនត្រូវទាត់ចោល។ នេះឯងដែលធ្វើឲ្យមានការខកចិត្តច្រើនពីប្រជាពលរដ្ឋ។ នេះជារឿងកំហុសឆ្គងមួយធំរបស់សាលាក្ដី។ បើសិនគេសុំដាក់ជាដើមបណ្ដឹងរដ្ឋប្បវេណីលោកមិនទទួលស្គាល់គេ តើប្រព័ន្ធហ្នឹងវាមានន័យស្អីទៀត?»។
លោក ម៉ម សឿន អាយុ៦៥ឆ្នាំ មកពីខេត្តកំពង់ធំ ឲ្យដឹងថា ម្តាយប្អូនបង្កើតនិងសាច់ថ្លៃ៤នាក់ត្រូវបានគេយកទៅសម្លាប់ ហើយលោកបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីតាំងពីពេលមានតុលាការចុះស៊ើបអង្កេតមកម្ល៉េះ តែក្រោយមកឮថា ចៅក្រមស៊ើបអង្កេតបានបដិសេធពាក្យបណ្តឹងមួយចំនួនដែលលោកបញ្ជាក់ថា លោកនៅតែមានៈប្តឹងបន្តទៀត។
លោក ម៉ម សឿន ឲ្យដឹងដូច្នេះ ៖ «ខ្ញុំក៏មិនសុខចិត្តនឹងការបដិសេធរបស់តុលាការដែលមិនទទួលពាក្យបណ្ដឹងនោះដែរ នៅតែមានពាក្យបណ្ដឹងតវ៉ាតទៅទៀត»។
លោក ឆេន ហ៊ម មកពីខេត្តកំពង់ចាម អាយុ៥៩ឆ្នាំ បានលើកឡើងថា ការបដិសេធមិនទទួលពាក្យបណ្តឹងរដ្ឋប្បវេណីគឺជាការរើសអើង ៖ «អង្គបុរេជំនុំជម្រះមេត្តាកុំកាត់អី ព្រោះអ្នកទាំងអស់នោះក៏ឈឺចាប់ដូចពួកយើងខ្ញុំទាំងអស់គ្នាដែរ។ បើសិនជាមានការកាត់មែន ខ្ញុំយល់ថា សហចៅក្រមហាក់ដូចជារើសអើងជនរងគ្រោះ»។
អ្នកស្រី សុខ ធារិទ្ធ នៅខេត្តមណ្ឌលគិរី បានលើកឡើងថា ទោះបីជាសំណងនោះមិនសមស្របទៅនឹងជីវិតអ្នកស្លាប់ក៏ដោយ ក៏វាជាការប៉ះប៉ូវផ្លូវចិត្តខ្លះសម្រាប់អ្នកស្រីដែរ។
លោក យូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានបំភ្លឺថា នោះជាការយល់ច្រឡំ ៖ «យើងមិនមែនមិនទទួលគាត់ទេ ប៉ុន្តែវាទាល់តែមានលក្ខខណ្ឌត្រឹមត្រូវតាមវិធានផ្ទៃក្នុង ហើយចៅក្រមត្រូវចងដោយសហព្រះរាជអាជ្ញាហើយ។ ប្រសិនបើប្រជាជនដែលរងគ្រោះតាមរយៈអង្គហេតុហ្នឹងផ្ទាល់ ហើយគាត់មានលក្ខខណ្ឌប្រាប់ថា មានព្យសនកម្មកើតឡើងចំពោះគាត់ អាហ្នឹងយើងទទួល ប៉ុន្តែបើសិនព្រះរាជអាជ្ញាមិនបានប្ដឹងអង្គហេតុនៅកន្លែងហ្នឹងផង តែគាត់មានកើតឡើងនៅកន្លែងផ្សេង នៅក្នុងហ្នឹងយើងមិនអាចថា នឹងមិនទទួលគាត់ជាដើមបណ្ដឹងរដ្ឋប្បវេណីបានទេ ប៉ុន្តែយើងទទួលស្គាល់ថា គាត់ជាជនរងគ្រោះនៅក្នុងសម័យហ្នឹង»។
លោក ឡោ ចាន់ធី សហមេធាវីការពារដើមបណ្តឹងរដ្ឋប្បវេណីបានឲ្យដឹងថា មានដើមបណ្តឹងរដ្ឋប្បវេណីចំនួ៤.០០៤នាក់ហើយដែលបានដាក់ជូន ក្នុងនោះ១.១២១នាក់បានផ្តិតមេដៃដោយមានមេធាវីរួចហើយ តែតុលាការបានសម្រេចទទួលយកដើមបណ្តឹងបាន៣០០នាក់ ហើយ៣៣នាក់ដែលមានមេធាវីដែរនោះ ត្រូវបានតុលាការបដិសេធដែលមេធាវីសម្រេចដាក់ពាក្យប្តឹងតវ៉ាឧទ្ធរណ៍៕