ក្នុងប្រព័ន្ធផលិតកម្ម ការបែងចែកនិងការប្រើប្រាស់ គេគិតបញ្ចូលទាំងការប្រើប្រាស់ថវិកាជាតិ និងធនធានធម្មជាតិ។ តាមការសន្ទនាគ្នាជាភាសាសាមញ្ញខ្មែរ គេតែងនិយាយអំពីសេដ្ឋកិច្ចគ្រួសារ គឺគេសំដៅបញ្ហាក្រពះ។ គេថាបើសេដ្ឋកិច្ចមិនចម្រើន ឬចុះដុនដាបនោះ នឹងពិតជាប៉ះពាល់ជីវភាព និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់គេ ទាំងរឿងក្រពះ ទាំងរឿងស្លៀកពាក់ ទាំងរឿងដើរកំសាន្តសម្រាកលំហែកាយ។
តើពលរដ្ឋខ្មែរក្នុងចំណោមអ្នកផលិតអ្វីមួយ ជាកសិករក្តី ជាផលិតករវត្ថុប្រើប្រាស់ក្តី ពឹងផ្អែកលើអ្វីដើម្បីផលិតអ្វីមួយឲ្យទាន់សេចក្តីត្រូវការ ហើយមានគុណភាពអាចប្រកួតប្រជែងនឹងប្រទេសដទៃបាននោះ?
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ច័ន្ទ សុផល បញ្ជាក់ថា រដ្ឋគួរបង្កើតឲ្យមានបណ្តាញផ្សព្វផ្សាយឲ្យផលិតកម្មក្នុងស្រុកនិងសេចក្តីត្រូវការប្រកបដោយច្បាស់ការណ៍ ទាន់សភាពការណ៍ និងគួរឲ្យជឿទុកចិត្តបាន។
លោក ច័ន្ទ សុផល បានបញ្ជាក់ដូច្នេះថា ៖ «សេដ្ឋកិច្ចធ្លាក់ចុះនេះគឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ផ្ទាល់។ ប្រជាពលរដ្ឋខ្លះដែលជាអ្នកជួញដូរ គឺគាត់ប្រឈមនឹងកង្វះអ្នកទិញ គឺថាចំណូលរបស់គាត់ថយចុះ។ ហើយជាទូទៅយើងសង្កេតឃើញថាសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម គឺមិនមានសកម្មភាពដូចកាលឆ្នាំមុនៗទេ។ គាត់ត្រូវការព័ត៌មានដែលគួរឲ្យទុកចិត្តបាន ដើម្បីជាការចង្អុលបង្ហាញ គួរដាំដំណាំអ្វីខ្លះ? រកទីផ្សារនៅទីណា? កន្លែងណាដែលមានការធ្វើ? គាត់គួរទៅស្វែងរកឱកាសថ្មីៗនៅកន្លែងណាខ្លះ? គឺគាត់ត្រូវការព័ត៌មានពីប្រភពដែលគួរឲ្យទុកចិត្តបាន»។
ទោះជាសកម្មភាពនៅតាមទីផ្សារ ដូចជាផ្សារច្បារអំពៅជាដើម មានភាពអ៊ូអរដូចធម្មតារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ អាជីវករ សាឡេះ រី ថ្លែងថា រូបគាត់មើលឃើញ និងដឹងរាល់ថ្ងៃ តាមរយៈការរកចំណូលប្រចាំថ្ងៃ ដែលមនុស្សម្នាហាក់ដូចជាមិនសូវចាយវាយដូចមុនៗ។
លោក សាឡេះ រី ថ្លែងដូច្នេះ ៖ «អ្នកខ្លះលក់ត្រីមួយថ្ងៃធ្លាប់គ្នាចំណេញ ២-៣ម៉ឺនរៀល ឥឡូវគ្នារកបួនប្រាំពាន់មិនឃើញក្នុងមួយថ្ងៃ...។ អ្នកលក់ផ្លែឈើអីថ្ងូរ ខ្លះទុកស្អុយចោល វាអត់ម៉ូយ អ្នកទិញហូបអីហ្នឹងគ្នារកលុយមិនបានអីអ៊ីចឹងទៅ វាចេះតែបន្តៗគ្នា។ ចំពោះអ្នកមានគាត់មិនបានគិតពីរឿងហ្នឹងទេ គាត់ថាគាត់រកបានសឹងអី»។
អាជីវករស្រីម្នាក់នៅភ្នំពេញ ឈ្មោះ ស៊ូ សិលា ពណ៌នាថា សូម្បីតែរបរទិញលក់វត្ថុអេតចាយធុនតូចរបស់អ្នកស្រីក៏ជួបនឹងការខាតបង់ដែរ នៅពេលសេដ្ឋកិច្ចឱនថយដូចសព្វថ្ងៃនេះ ៖ «ហាងឆេងដែកយើងទិញ ៤០០រៀល ដល់ត្រូវការលក់ចេញវិញ ៤០០ដដែល អ៊ីចឹង ៥០០ហ្នឹង ពេលគេប្រាប់យើងតម្លៃផ្សេង តែបើខាតវាធូរជាងចំណេញ។ អាលុយមីញ៉ូមយើង១គីឡូ ៥ពាន់រៀល ធ្លាក់នៅសល់ ២ពាន់រៀល ទិញចូល ៥ពាន់ លក់ចេញវិញបានតែ ២ពាន់ តើមួយតោនយើងត្រូវខាតប៉ុន្មាន? ដែកទិញ ១គីឡូ ១៣០០រៀលចូល យើងវ៉ៃចេញវិញបានតែ ៣០០ ក្នុងមួយតោនខាតប៉ុន្មាន? ធ្លាក់ខ្លាំងមែនទែន គឺគ្រប់មុខក្នុងអេតចាយហ្នឹង ខាតហ្នឹងលើសពីប្រាក់ចំណេញសន្សំមកប៉ុន្មានឆ្នាំក៏ត្រូវអស់ដែរ អ្នកតូចខាតតូច អ្នកធំខាតធំ»។
ល្គឹកណាសេដ្ឋកិច្ចមិនលូតលាស់ដោយសារមូលហេតុណាមួយ សេដ្ឋវិទូនិយាយថា មនុស្សគ្រប់ស្រទាប់ក្នុងសង្គមមួយ ទទួលផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃដូចគ្នា គ្រាន់តែមុន ឬ ក្រោយ ហើយច្រើន ឬតិចប៉ុណ្ណោះ។ នៅពេលក្រុមហ៊ុនធំៗ មានទុនរកស៊ីច្រើន ហើយរកស៊ីខាតបង់រហូតដល់ដួលរលំ ហៅថាក្ស័យទុននោះ តើអ្នករកទទួលទានតូចតាច ពោលត្អូញត្អែរដូចម្តេចដែរ?
ស្រ្តីរកទទួលទានចិញ្ចឹមជីវិតជាអ្នកលក់បាយម្នាក់តាមដងវិថីត្រសក់ផ្អែម ក្រុងភ្នំពេញ ហាក់ដូចជាយល់ដឹងអំពីរឿងសេដ្ឋកិច្ចថា បើគាត់លក់មិនដាច់មកពីមិនសូវមានមនុស្សទិញ បើមិនសូវមានមនុស្សទិញមកពីមនុស្សមិនចង់ចំណាយ បើមនុស្សមិនចង់ចំណាយមកពីមនុស្សបាត់បង់ការងារធ្វើ ឬបារម្ភក្រែងអស់ការងារធ្វើ ៖ «ឥឡូវយ៉ាប់ជាងមុន ឆ្នាំមុនគួរសម ដល់ចូលឆ្នាំនេះដូចយ៉ាប់តែម្ដង សេដ្ឋកិច្ចចុះថយ ប្រជាជនមិនសូវដើរ អ្នកធ្វើការមិនសូវមានយើងលក់លែងដាច់។ កាលមុនតាមក្រសួង តាមក្រុមហ៊ុន គេធ្វើការច្រើនយើងលក់ដាច់បានច្រើន ដល់ឥឡូវគេកាត់បន្ថយបុគ្គលិកច្រើន យើងលក់អត់សូវដាច់ ហើយរបស់ឡើងថ្លៃ សាច់ជ្រូកចាប់ផ្ដើមឡើងបន្តិចៗវិញហើយ។ អ្នកធ្វើការគ្នាអត់ការងារធ្វើច្រើន ដល់អ៊ីចឹងទៅយើងលក់អត់ដាច់ដូចមុនទេ របស់ឥឡូវវាថ្លៃ ហើយបុគ្គលិកអ្នកធ្វើការក៏វាមិនសូវមានលុយដែរភាគច្រើនដែរ មិនតិចទេឥឡូវ បើមុនចូលឆ្នាំអាហ្នឹងយើងគ្រាន់បើដល់ចាប់ផ្ដើមចូលឆ្នាំថ្មីយ៉ាប់ដែរ សព្វថ្ងៃលក់រកតែទប់ទល់ម្ហូបនៅក្នុងគ្រួសារមិនចង់គ្រាន់»។
នៅតាមខេត្តវិញ ឱនភាពសេដ្ឋកិច្ចក៏ធ្វើឲ្យអាជីវករលក់ដូរពិបាករកចំណូលដែរ ព្រោះពលរដ្ឋខ្មែររស់ឆ្ងាយពីក្រុងភាគច្រើនលើសលប់ គឺជាកសិករថ្នាក់ក្រោម ឬកណ្តាលថ្នាក់ក្រោម។
ស្រ្តីឈ្មោះ ប៉ែន គន្ធា មានផ្ទះលក់ទំនិញចម្រុះមុខមានសម្ភារៈការិយាល័យ គ្រឿងក្រអូប និងគ្រឿងម្ហូបកំប៉ុងក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពោលថា ទោះជារកចំណូលមិនសូវបាន ក៏គាត់មិនដឹងជាធ្វើដូចម្តេចដែរ។
ស្រ្ដីឈ្មោះ ប៉ែន គន្ធា ពោលដូច្នេះ ៖ «ឆ្នាំហ្នឹងដូចជាយ៉ាប់ យ៉ាប់ជាងរាល់ឆ្នាំ ពិបាកលក់ពិបាកដូរ លក់អត់សូវដាច់។ បើសិនជាលក់ដាច់អាហ្នឹងវាគ្រាន់បើ យើងអាចមានដើមអីទៅទិញវិញ ដល់ពេលលក់អត់ដាច់អ៊ីចឹងយើងចេះតែចាយអ៊ីចឹងដូចវាអាចចូលដើមអី ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច ដូចក្រមនុស្សមកទិញតែម្ដងវាស្ងាត់។ រាល់ថ្ងៃចេះតែបង្វិលអ៊ីចឹងទៅ មិនដឹងធ្វើម៉េច ទោះបីមិនដាច់ក៏ខ្ញុំត្រូវតែលក់ ទោះបីដាច់ក៏ខ្ញុំត្រូវតែលក់ ព្រោះអីលក់នៅផ្ទះវាអត់អស់ ដូចថាដឹកជញ្ជូនអីយើងអត់ពិបាក ព្រលឹមឡើងយើងនឿយតែបើកទ្វារលក់»៕
