លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់

ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ឆ្នាំ ២០១២ កំពុង​តែ​ដំណើរការ ខណៈ​ដែល​មាន​ការ​រិះគន់​ខ្លះ​ថា ការ​ចុះ​ឈ្មោះ​នេះ មិន​មាន​ភាព​ប្រក្រតី​ជាច្រើន។

0:00 / 0:00

ទន្ទឹម​ពេល​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អ្នក​ដែល​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត សូម​ប្រញាប់ប្រញាល់ ទៅ​ចុះ​ឈ្មោះ​បោះ ឆ្នោត តាម​ការ​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០១១ សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទាំង​អស់ នៅ​ប្រទេស​កម្ពុជា ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យ​បាន​គ្រប់ៗ គ្នា ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០១២ ខាង​មុខ។

ការ​អំពាវនាវ​នេះ នៅ​គ្រា​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំពុង​តែ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​ការ​បោះឆ្នោត ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០១១។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​ជាង​ ៤.០០០ នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា អ្នក​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ចំណែក​ឯ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ ត្រូវ​តែ​ទៅ​ត្រួត​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ។

លោក​បន្ត​ដូច្នេះ៖ «ព្រះសង្ឃ​ណា​ចង់​បោះឆ្នោត គឺ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ព្រះសង្ឃ​ក៏​​ពលរដ្ឋ​ដែរ។ អីចឹង​ទេ បាន​អំពាវនាវ​ជា​ទូទៅ ទោះ​បី​គាំទ្រ​បក្ស​នយោបាយ​ណា​ក៏​ដោយ ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ និង​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ គ្នា។ ហើយ​ពេល​បោះឆ្នោត ចង់​ប្រើ​សិទ្ធិ​បោះឆ្នោត​ឲ្យ​បក្ស​ណា អា​ហ្នឹង​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ ចង់​បោះ​ឲ្យ​នរណា គឺ​បោះ​ឲ្យ​អ្នក​ហ្នឹង​ទៅ»។

លោក ទេព នីថា ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ លោក​មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​មាន​ការ​ជំរុញ​យ៉ាង​ខ្លាំង​មួយ​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ល្អ​ប្រសើរ។

លោក ទេព នីថា៖ «អាច​ថា​វា​រលូន​ដែរ។ ប៉ុន្តែ មាន​បញ្ហា​ខ្លះ​រអាក់រអួល ដោយសារ​គ្រោះធម្មជាតិ ហើយ​ដោយសារ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន។ តែ​ជា​ទូទៅ ត្រូវ​បាន​ដោះស្រាយ​ល្អ។ ពីរ​បី​ថ្ងៃ​នេះ មាន​នៅ​ខេត្ត​ព្រះសីហនុ មាន​នៅ​ស្ទឹង​ត្រែង និង​ខេត្ត​សៀមរាប។ តែ​ទោះ​យ៉ាងណា គ្រាន់​តែ​យើង​ផ្លាស់​ប្ដូរ​កម្មវិធី​ពី​កន្លែង​ទឹក​លិច ទៅ​កន្លែង​គោក​វិញ ហើយ​យើង​ធ្វើការ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​ក្រោយ។ វា​ខុស​ផែនការ​របស់​យើង​តែ​ដំណើរការ​នៅ​តែ​ដដែល»។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី គឺ​អ្នកស្រី មូ សុខហួរ មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ដើរ​ទៅ​រំលឹក​ប្រជាពលរដ្ឋ និង​យុវជន​នានា នៅ​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ឲ្យ​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ។ ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន​បាន​ហាមឃាត់។

អ្នកស្រី​បន្ត​ថា «បង​ប្រុស​ម្នាក់ គាត់​ទៅ​ដល់​ទី​កន្លែង​ចុះ​ឈ្មោះ​ការ​បោះឆ្នោត​ហើយ គ្មាន​បាន​ចុះ​ឈ្មោះ ហើយ​គាត់​ទៅ​ផ្ទះ​វិញ។ ហើយ​ម៉ោង​ប្រហែល​ជា ១០ កន្លះ​ទេ គឺ​សុំ​ឲ្យ​គាត់​មក​នៅ​រសៀល​វិញ។ គាត់​បាន​និយាយ​ថា ខ្ញុំ​ជា​អ្នក​រក​ទទួល​ទាន។ ខ្ញុំ​អត់​មាន​ពេលវេលា​ឯណា មក​ពីរ​បី​ដង​ទេ។ ខ្ញុំ​ធុញ​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ»។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ.ជ.ប នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០១១ បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចំនួន​ជាង ៤ សែន ៧ ម៉ឺន ៦ ពាន់​នាក់ ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ ២០១១ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០១២។

លោក ទេព នីថា មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត ចាប់​តាំង​ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ១០ ខែ​កញ្ញា​ថ្មីៗ នេះ គឺ​មាន​ចំនួន ១ សែន ៤ ម៉ឺន ៦ ពាន់ ៧ រយ​នាក់​ហើយ៕