យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់​ផ្ដើម​ហើយ នៅ​ថ្ងៃ​នេះ

មនុស្ស​ជា​ច្រើន​ពាន់​នាក់ នៅ​ព្រឹក​មិញ​នេះ បាន​ចូលរួម​នៅក្នុង​ការដង្ហែ​ជា​ក្បួន​គណបក្ស​ផ្សេង​ៗ​គ្នា ចំនួន​៥ នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។

ក្បួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម​រង្ស៊ី គឺ​ជា​ក្បួន​ធំ​ប្រហាក់​ប្រហែល​គ្នា ដោយ​ធ្វើដំណើរ​ទៅ​តាម​ទិស​បញ្ច្រាស​គ្នា​នៅតាម​ដង​វិថី​ដោយ​មាន​អ្នកគាំទ្រ​ជាច្រើន​ពាន់​នាក់ ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់ផ្តើម​ដោយ​ពិធី​ជួប​ជុំ​ធំ​មួយ នៅ​ទីស្នាក់ការ​បក្ស​ដែល​មាន​មន្ត្រី​កំពូល​ទាំង​បី​របស់​បក្ស​ចូលរួម​គឺ​លោក ជា ស៊ីម លោក ហ៊ុន សែន និង លោក ហេង សំរិន ។

មេដឹកនាំ​គណបក្ស​ប្រជាជន​លោក ជា ស៊ីម បាន​ថ្លែង​សុន្ទរកថា​អំពី​កំណើត​របស់​បក្ស​នេះ អំពី​ស្មារតី​ថ្ងៃ​៧ មករា និង​លើក​ឡើង​អំពី​គុណបំណាច់​នៃ​ការដឹកនាំ​ប្រទេស​ដើម្បី​ទាមទារ​ការគាំទ្រ ៖ «បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សម្ដេច​ទាំង​បី​នៅ​តែ​ជា​ប្រមុខ​ដឹកនាំ​កំពូល​របស់​ជាតិ ហើយ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នៅតែ​ជា​នាយករដ្ឋមន្ត្រី​ដដែល»

ក្បួន​របស់​គណបក្ស​ប្រឆាំង​វិញ ដែល​ក្រុម​អ្នកគាំទ្រ​មាន​សម្លៀក​បំពាក់​អាវ​ស មួក​ស សញ្ញា​ភ្លើង​ទៀន បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីស្នាក់ការ​បក្ស​នៅ​តំបន់​ប៊ូឌីញ ទៅ​តាម​ផ្សារ​និង​ចុងក្រោយ ហែ​ព័ទ្ធ​ពី​ទំនប់​ទួលគោក មក​តាម​មហាវិថី​ព្រះមុនីវង្ស វិញ ។

សុន្ទរកថា​របស់​លោក សម រង្ស៊ី ស្តីពី​ការបង្កើត​ការងារ​ឲ្យ​ពលរដ្ឋ ការបញ្ចុះ​ថ្លៃ​ទំនិញ និង​ការ​ព្យាបាល​ជំងឺ​ដោយ​មិន​បាច់​បង់ប្រាក់ ត្រូវ​បាន​ផ្សាយ​តាម​ឧគ្ឃោសនស័ព្ទ​ហូរហែ​តាម​ផ្លូវ ។

ក្រុម​អ្នកគាំទ្រ​គណបក្ស​សម​រង្ស៊ី បាន​បង្ហាញ​នូវ​សន្ទុះចិត្ត​និង​ស្នាមញញឹម​ហ៊ោ​កញ្ជ្រៀវ​ថា ការមក​គាំទ្រ​គឺ​ដោយសារ​ជឿ​ទៅ​លើ​នយោបាយ​ទាំងនេះ ៖ «ប្រទេស​ខ្មែរ​យើង​មាន​ភាពក្រីក្រ​ច្រើន ដូច្នេះ​ហើយ យើង​បោះឆ្នោត​ឲ្យ​គណបក្ស​សមរង្ស៊ី ដើម្បី​ឲ្យ​គណបក្ស​សម​រង្ស៊ី ជួយ​ឲ្យ​ប្រទេស​ក្រ​ក្លាយ​ជា​មាន​វិញ​បាន»

ក្បួន​របស់​គណបក្ស នរោត្តម រណឫទិ្ធ មាន​គ្នា​ប្រហែល ២០០០​នាក់ ភាគច្រើន​ជា​យុវជន​ក្មេង​ៗ ។ ពួកគេ​ជួប​ជុំ​គ្នា​នៅមុខ​រដ្ឋសភា ដោយ​ស្តាប់​សារ​ពី​មេបក្ស​របស់​ខ្លួន​ដោយ​ស្ងាត់ស្ងៀម​តាមរយៈ​ទូរស័ព្ទ​ហើយ យូ​ៗ​ម្តង គេ​ឮ​សំឡេង​ជ័យឃោស​ថា «បរាជ័យ​ថ្ងៃ​៧​មករា» នៅពេល​ដែល​ក្រុម​នេះ ជួប​ជាមួយ​ក្បួន​របស់​គណបក្ស​ប្រជាជន ។

ក្បួន​ធំ​ៗ​បង្គួរ​ពីរ​ទៀត គឺ​ក្បួន​ដង្ហែ​របស់​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​បាន​ធ្វើ​ដំណើរ​ចែក​ខិត្តប័ណ្ណ ភាគច្រើន​នៅ​តាម​ផ្សារ ចំណែក គណបក្ស​ផ្សេង​ៗ​ទៀត​មិន​ឃើញ​មាន​ឡើយ​ក្នុង​ការឃោសនា​ក្នុង​ក្រុង នា​ថ្ងៃ​នេះ ។

អ្នក​ចូលរួម​នៃ​ការដង្ហែ​គណបក្ស​ខ្លះ ដូចជា គណបក្ស​ប្រជាជន ដែល​យើង​បាន​សម្ភាស បាន​និយាយ​ថា​ត្រូវ​បាន​គេ​កេណ្ឌ​ដោយ​ផ្តល់​ប្រាក់​ចំនួន ១​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ គណបក្ស​ខ្លះ​ទៀត មិន​មាន​អ្វី​ឲ្យ​ទេ គឺ​មក​ដោយ​ស្ម័គ្រចិត្ត ៕