ការកើនឡើងតម្លៃដែលពីមុនអ្នកប្រើប្រាស់អគ្គិសនីនៅក្រោម ៥០គីឡូវ៉ាត់ម៉ោង មានតម្លៃត្រឹមតែ ៣៩០រៀលប៉ុណ្ណោះ ហើយវានឹងឡើងថ្លៃដល់ទៅ ៦១០រៀលនៅដើមខែក្រោយនេះ ត្រូវមន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អះអាងថា មិនមែនជាការលក់ឡើងថ្លៃនោះទេ គឺដោយសារការលក់ពីមុនរដ្ឋធ្លាប់ជួយចេញខាតចំនួន ៣៣០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ហើយឥឡូវនេះរដ្ឋនៅតែបន្តជួយចេញខាតប្រជាជនចំនួន ១១០រៀលទៀតក្នុង ១គីឡូវ៉ាត់ម៉ោង ពោលគឺតម្លៃដើមនៃការផលិតមានចំនួនដល់ទៅ ៧២០រៀលក្នុង ១គីឡូវ៉ាត់ឯណោះ។
មន្ត្រីក្រុមហ៊ុនអគ្គិសនីកម្ពុជា លោក ប្រាំង ជលសា ថ្លែងយ៉ាងដូច្នេះបន្តទៀត ៖ «ហេតុអ្វីអគ្គិសនីកម្ពុជានិងអាជ្ញាធរអគ្គិសនីកម្ពុជាបានកែតម្រូវថ្លៃ គឺថា ដោយសារយើងចាប់ផ្ដើមមានប្រភពធំៗ ហើយការសុំកែសម្រួលនេះគឺអត់មានអីប្រែប្រួលច្រើនទេ ធៀបនឹងថ្លៃចាស់គឺអត់មានអីប្រែប្រួលធំដុំទេ គឺមានតែធ្វើឲ្យកាន់តែមានសមភាព យុត្តិធម៌ រវាងអ្នកប្រើប្រាស់ ហើយអគ្គិសនីកម្ពុជាអាចឈានទៅរកការពង្រីកផ្គត់ផ្គង់ចែកចាយបន្ថែម»។
របាយការណ៍របស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាដែលចេញផ្សាយនៅថ្ងៃដដែលនេះ នៅក្នុងសិក្ខាសាលាដើម្បីផ្សព្វផ្សាយពីតម្លៃអគ្គិសនីតបតទៅនឹងប្រព័ន្ធផ្សព្វផ្សាយនានាដែលនិយាយថា អគ្គិសនីឡើងថ្លៃ បានអះអាងបញ្ជាក់ជាថ្មីថា កាលពីឆ្នាំ២០០៦កន្លងទៅ នៅគ្រាដែលប្រេង ១បារ៉ែល ថ្លៃ ៥០ដុល្លារនោះ អគ្គិសនីត្រូវបានគេលក់ឲ្យអ្នកប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោង តែត្រឹម ៣៩០រៀលប៉ុណ្ណោះ ដោយសារតែ អឺដេសេ (EDC) ជួយចេញប្រជាពលរដ្ឋចំនួន ៣៣០រៀលរួចទៅហើយ ហើយមកដល់ពេលនេះតម្លៃប្រេងបានឡើងដល់ ៨០ដុល្លារក្នុង ១បារ៉ែល អគ្គិសនីកម្ពុជានៅតែមិនបានឡើងថ្លៃឡើយ អឺដេសេ នៅតែបន្តចេញខាត។
នយោបាយថ្មីដើម្បីពង្រីកបណ្តាញអគ្គិសនីនៅកន្លែងដែលគ្មានអគ្គិសនីប្រើប្រាស់ដូចជាជាយក្រុងភ្នំពេញ នៅខេត្តកណ្តាល និងកំពង់ស្ពឺ រដ្ឋាភិបាលបានដកប្រាក់នៅក្នុងការឧបត្ថម្ភកន្លងមកនោះ ហើយបង្វែរទៅរកការពង្រីកបណ្តាញថ្មីវិញ។
យ៉ាងដូច្នេះក្តីមន្ត្រីបក្សប្រឆាំងដែលមានជំនាញផ្នែកសេដ្ឋកិច្ចបានរិះគន់ថា ការដំឡើងថ្លៃអគ្គិសនី ជាពិសេសសង្កត់ទៅលើអ្នកប្រើក្រោម ៥០គីឡូវ៉ាត់ម៉ោង កំពុងតែបង្ហាញពីដំណើរអសមត្ថភាពរបស់រដ្ឋាភិបាល។
មន្ត្រីដដែលបានបញ្ជាក់ថា ៖ «មើលសមត្ថភាពរបស់ខ្លួន ដែលខ្លួនមានទាំងពីវារីអគ្គិសនី រោងចក្រអគ្គិសនី ប៉ុន្តែខ្លួនធ្វើយ៉ាងម៉េចបានជាថ្លៃដើមអគ្គិសនីនៅក្នុងប្រទេសកម្ពុជាផលិតហ្នឹង វាថ្លៃជាងប្រទេសជិតខាង។ រដ្ឋជួយប៉ុណ្ណេះ រដ្ឋជួយប៉ុណ្ណោះ ខ្ញុំថា គ្រាន់តែជាការបិទបាំងនូវអសមត្ថភាពរបស់រដ្ឋាភិបាលទេ។ បើយើងអសមត្ថភាពក្នុងនយោបាយអគ្គិសនីទៅហើយ យើងអសមត្ថភាពនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច យើងមិនអាចប្រណាំងប្រជែងជាមួយនឹងប្រទេសជិតខាងបានទេ»។
នៅក្នុងសេចក្តីប្រកាសរបស់អគ្គិសនីកម្ពុជាដដែលបានបញ្ជាក់ថា តម្លៃអគ្គិសនីសម្រាប់ស្ថានទូតនិងផ្ទះជនបរទេសស្នាក់នៅនឹងមានការចុះថោកមកវិញ គឺពីតម្លៃ ៨៩០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង ចុះមកនៅ ៨២០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង៕
