អ្នកវិទ្យាសាស្ត្រផ្នែកបរិស្ថានដដែលបានថ្លែងទៀតថា ការប្រែប្រួលអាកាសធាតុនៅលើពិភពលោកយើងនេះ ក៏នឹងធ្វើឲ្យប៉ះពាល់លើវិស័យសំខាន់៣ គឺសុខុមាលភាពពលរដ្ឋ វិស័យកសិកម្ម និងផ្នែកសន្តិសុខស្បៀងផងដែរ។
ប្រធានអង្គភាពបរិស្ថាននិងថាមពលនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា (UNDP) គឺលោក ឡាយ ឃីម អធិប្បាយថា ការប្រែប្រួលអាកាសធាតុ បានបណ្តាលមកពីកត្តាពីរយ៉ាង គឺការប្រើប្រាស់ប្រេងឥន្ធនៈច្រើនពេកនិងការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវ។
លោក ឡាយ ឃីម មានប្រសាសន៍ដូច្នេះថា ៖ «ដោយឡែកកត្តាទី១ វាពាក់ព័ន្ធជាមួយនឹងសកម្មភាពជាច្រើន ឧទាហរណ៍ប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់វិស័យដឹកជញ្ជូន ប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាការកែច្នៃផ្សេងៗហ្នឹង គឺយើងភាគច្រើន យើងប្រើប្រាស់ប្រេងឥន្ធនៈ ឬក៏ប្រេងផូស៊ីល ដែលនាំឲ្យបញ្ចេញនូវឧស្ម័នកាបូនិកហ្នឹងច្រើន។ កត្តាទី២ គឺការប្រើប្រាស់ដីធ្លី ដូចជាការផ្លាស់ប្ដូរនៃការប្រើប្រាស់ដីធ្លីហ្នឹងគឺជាកត្តាមួយទៀត ដោយសារតែសេចក្ដីត្រូវការចាំបាច់នៃវិស័យកសិកម្ម។ល។»។
លោក ឡាយ ឃីម បានអធិប្បាយបន្ថែមអំពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ប្រេងឥន្ធនៈច្រើនពេក និងការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវនោះ យ៉ាងដូច្នេះទៀតថា ៖ «ផលប៉ះពាល់របស់វា គឺផលប៉ះពាល់ទៅលើផ្នែកមួយ គឺទៅលើការកើនឡើងនូវសីតុណ្ហភាព អ៊ីចឹងគេនិទស្សន៍ថា ១០០ឆ្នាំទៅមុខ សីតុណ្ហភាពអាចឡើងពីប្រមាណ ៥អង្សា ទៅ ៦អង្សា ឯណោះ។ អ៊ីចឹងបើសិនជាឡើង ៥អង្សា ទៅ ៦អង្សា សំណួរសួរវិញថា តើវានឹងប៉ះពាល់ទៅលើស្អីខ្លះ? ហ្នឹងគឺជាការចាប់អារម្មណ៍មួយ។ ទី២ គឺរបបទឹកភ្លៀង វាលែងទៀងទាត់ វាអាចច្រើននៅអំឡុងពេលណាមួយ វាអាចតិចក្នុងអំឡុងពេលណាមួយ វាអាចធ្លាក់ភ្លៀងច្រើននៅរដូវណា នៅខែណា ភ្លៀងវាលែងដូចមុនហើយ វាលែងទៀតទាត់ហើយ។ ហើយកម្រិតទឹកសមុទ្រនឹងកើនឡើងទៀត។ កម្រិតទឹកសមុទ្រអាចឡើងរហូតទៅដល់ ៥តឹក ៦តឹកអ៊ីចឹងទៅ អាស្រ័យទៅលើស្ថានភាពសមុទ្រនៃតំបន់មួយ»។
ក្រៅពីផលប៉ះពាល់ផ្នែកសុខភាពដោយសារតែការប្រែប្រួលអាកាសធាតុនេះ លោក ឡាយ ឃីម គូសបញ្ជាក់ថា វិស័យកសិកម្មនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ៖ «ទី១ គឺរឿងគ្រោះធម្មជាតិ មានទឹកជំនន់ផង គ្រោះរងស្ងួតផង មានស្អីៗ។ល។ និង ។ល។ ហ្នឹង ហើយដោយសារតែសីតុណ្ហភាពឡើងកម្ដៅអីអ៊ីចឹង។ ទី២ គឺវិស័យសុខាភិបាល វាប៉ះពាល់ដោយប្រយោល ប៉ុន្តែវាធំដែរ ឧទាហរណ៍ថាខ្វះទឹក ទឹកលែងសូវមាន ប្រជាជននឹងប្រើប្រាស់ទឹកកខ្វក់ ជំងឺដែលទាក់ទងនឹងគេហៅថា waterborne disease (ជំងឺឆ្លងតាមទឹក) មាន កម រមាស់ រាករូស។ល។ ហើយនិងជំងឺគ្រុនចាញ់ ដោយសារតែវាប្រែប្រួលស្ថានភាពទីជម្រករបស់មូសរបស់អីហ្នឹង។ វិស័យមួយទៀត គឺកសិកម្ម សីតុណ្ហភាពឡើងទៅបែបហ្នឹង ៥ ទៅ ៦អង្សាហ្នឹង ពូជណាដែលត្រូវសីតុណ្ហភាពហ្នឹង ត្រូវគ្រប់គ្រងទឹករបៀបម៉េច? ដូច្នេះវិស័យកសិកម្មនឹងជួបបញ្ហាធំ។ មួយទៀតគឺទៅលើសន្តិសុខស្បៀង ពីព្រោះផលិតភាពកសិកម្មនឹងជួបប្រទះបញ្ហាជាច្រើន ហើយនេះគឺជាការបារម្ភជាទូទៅ»។
ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ គឺគ្មានវិធីណានឹងគេចចេញពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ឡាយ ឃីម ថ្លែងថា គេមានវិធីពីរយ៉ាងដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនិងផលវិបាករបស់វា ក្នុងនោះគឺវិធីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈច្រើនពេក និងវិធីផ្ស៊ាំខ្លួនទៅនឹងការឡើងកម្តៅ។
លោក ឡាយ ឃីម មានប្រសាសន៍ដូច្នេះថា ៖ «គឺធ្វើម៉េចដើម្បីកាត់បន្ថយការសាយភាយឧស្ម័នកាបូនិក ឬឧស្ម័នផ្សេងៗទៀត ទៅក្នុងបរិយាកាស ហើយកត្តាមួយសំខាន់គឺសន្សំសំចៃការប្រើប្រាស់ថាមពល។ មួយទៀតគឺទម្លាប់របស់សង្គម របស់ប្រជាជនហ្នឹងត្រូវតែដូរ ដូរពីរបៀបហៅថា សេដ្ឋកិច្ចពឹងផ្អែកទៅលើប្រេងឥន្ធនៈ ទៅលើថាមពលហ្នឹងខ្លាំង ឲ្យមកជាសេដ្ឋកិច្ចមួយដែលពឹងពាក់ទៅលើប្រេងឥន្ធនៈតិចវិញ។ មួយទៀតទៅលើការប្រើប្រាស់ដី ជាពិសេសការគ្រប់គ្រងព្រៃឈើឲ្យបានល្អ មានព្រៃឈើល្អ យើងគ្រប់គ្រងទៅ ព្រោះព្រៃឈើវាដើរតួនាទីជាភាសាអង់គ្លេសហៅថា Carbon Sink អាងស្តុកកាបូន»។
នៅថ្ងៃទី៥ មិថុនានេះ សកលលោក រួមទាំងប្រទេសកម្ពុជាផង នឹងប្រារព្ធទិវាបរិស្ថានពិភពលោកលើកទី១៥ ដើម្បីរំឭកថា គ្រប់គ្នាត្រូវតែចូលរួមនិងរួបរួមគ្នាដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ស្របគ្នានេះដែរ នាឱកាសទិវាបរិស្ថានពិភពលោកឆ្នាំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក បាន គីមូន ក៏បានផ្ញើសារមួយទៅកាន់ប្រជាជាតិទាំងអស់ដែរថា សុវត្ថិភាពនៃភពផែនដីរបស់យើង គឺត្រូវការលើសពីអ្វី ដែលត្រឹមតែជាសកម្មភាពរបស់រដ្ឋាភិបាលទាំងឡាយនោះ ពោលគឺត្រូវការកិច្ចសហការនិងការចូលរួមរបស់យើងម្នាក់ៗ។
មន្ត្រីនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា គឺលោក ឡាយ ឃីម អធិប្បាយបន្ថែមទាក់ទងនឹងសាររបស់លោក បាន គីមូន ទៀតថា ៖ «លោក បាន គីមូន គាត់ជឿថា បើប្រជាជនទូទាំងពិភពលោកដែលមានចំនួនប្រមាណជា ៧កោដហ្នឹង ចូលរួមជាមួយគ្នា បញ្ហានេះនឹងដោះស្រាយបាន ជាបញ្ហារួម ជាបញ្ហាសកល ជាបញ្ហារបស់ពិភពលោកទាំងមូល គ្មាននរណាមួយអាចគេចផុតទេក្នុងរយៈពេលប្រហែលជា ១០០ឆ្នាំទៅមុខ»។
ចំណែកឯរដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសកម្ពុជាគឺលោក ម៉ុក មារ៉េត បានថ្លែងថា «យើងទាំងអស់គ្នា ត្រូវតែរួមកម្លាំងគ្នា ក្នុងការបង្កើតឲ្យមានបរិស្ថានល្អ សម្រាប់ប្រទេសរបស់យើង យើងជាពលរដ្ឋម្នាក់ៗ មានភារៈក្នុងការជួយការពារបរិស្ថាន សូម្បីតែនៅក្នុងសាលារៀននិងនៅតាមគ្រួសារនីមួយៗនោះផង៕
