មានប្រសាសន៍នៅក្នុងឱកាសនៃការអញ្ជើញមកបំពេញទស្សនកិច្ចមួយនៅសហគមន៍ខ្មែរកម្ពុជាក្រោមនៅទីក្រុងភ្នំពេញនារសៀលថ្ងៃ២១ ធ្នូ សមាជិកសភាសហគមន៍អឺរុបនិងជាអគ្គហិរញ្ញិកនៃអង្គការ UNPO ដែលជាអង្គការតំណាងប្រជាជាតិដែលគ្មានអាសនៈក្នុងអង្គការសហប្រជាជាតិ លោក ម៉ាកូ ពែឌុយកា មានប្រសាសន៍ថា ក្នុងនាមសមាជិកសភាសហគមន៍អឺរ៉ុប និងក្នុងនាមនៃអង្គការ UNPO លោកនឹងពិចារណាក្នុងការរៀបចំបាតុកម្មអហិង្សាមួយនៅកម្ពុជា ឬនៅឯប្រទេសវៀតណាមដើម្បីទាមទារសិទ្ធិសេរីភាពឲ្យខ្មែរកម្ពុជាក្រោមនាឆ្នាំ២០០៩ ខាងមុខនេះ។
លោក ម៉ាកូ ពែឌុយកា មានប្រសាសន៍តាមរយៈអ្នកបកប្រែយ៉ាងដូច្នេះថា ៖ «យើងសង្ឃឹមថា ឆ្នាំក្រោយនេះ យើងនឹងអាចមកទីនេះ ដើម្បីរៀបចំសិក្ខាសាលា ហើយប្រហែលជាលើកក្រោយណាទៅទៀតនោះ យើងអាចនឹងមកទីនេះដើម្បីរៀបចំបាតុកម្មដ៏អហិង្សាមួយ»។
នៅក្នុងឱកាសនេះដែរ តំណាងសហគមន៍ខ្មែរកម្ពុជាក្រោម ក៏បានសំណូមពរឲ្យសភាសហគមន៍អឺរុបជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះស្រាយនូវបញ្ហាមួយចំនួនដែលពួកគេចាត់ទុកថា ជាការគាបសង្កត់បំបាត់សិទ្ធិសេរីភាពដូចជា ៖ «ដោះលែងព្រះសង្ឃ ៥អង្គដែលកំពុងជាប់ពន្ធនាគារនៅខេត្តឃ្លាំងដោយឥតលក្ខខណ្ឌ គឺ១ ព្រះភិក្ខុ ដាញ ទន ២-ភិក្ខុ គឹម មឿន ៣-ព្រះភិក្ខុ ថាច់ ភឺង ៤-ភិក្ខុ លី វ៉ាង ៥-ភិក្ខុ លី សឿង។ ទី២ បញ្ជូនព្រះតេជគុណ ទឹម សាខន ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាដើម្បីជួបជុំគ្រួសារ និងទីបី សូមឲ្យស្ថាប័នព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោមស្ថិតនៅឯករាជ្យ មិនស្ថិតក្រោមការត្រួតត្រារបស់បក្សកុម្មុយនីស្ដវៀតណាមនិងស្ថាប័នព្រះពុទ្ធសាសនាវៀតណាម»។
មិនអាចទាក់ទងសុំការពន្យល់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងស្ថានទូតវៀតណាមបានទេ នៅល្ងាចថ្ងៃដដែលនេះ ព្រោះជាថ្ងៃអាទិត្យ។ តែកន្លងទៅ អ្នកនាំពាក្យស្ថានទូតវៀតណាម លោក ទ្រិញ បាកឹម ធ្លាប់បានបដិសេធនិងបញ្ជាក់ថា ការចោទប្រកាន់របស់សហគមន៍ខ្មែរកម្ពុជាក្រោមជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
គួរបញ្ជាក់ដែរថា នេះជាលើកទី៤ហើយដែលគណៈប្រតិភូសភាសហគមន៍អឺរុបបានមកធ្វើទស្សនកិច្ចនៅសហគមន៍ខ្មែរកម្ពុជាក្រោមនៅកម្ពុជា។ ហើយកាលពីថ្ងៃ២២ តុលា កន្លងទៅ សភាសហគមន៍អឺរ៉ុបបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចមួយជំរុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានពេញលេញតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម៕