តុលាការ​កាត់​ទោស​អតីត​ជំនួយការ​ឧប​នាយក​រដ្ឋមន្ត្រី​១​រូប​ពី​បទ​ឆបោក

អតីត​មន្ត្រី​ជំនួយការ​លោក​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង មួយ​រូប ត្រូវ​បាន​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ កាត់​ក្ដី​ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ និង​សង​ប្រាក់​មួយ​ចំនួន​ទៅ​ដើម​ចោទ។

នេះ​ជា​ករណី​ក្ដីក្ដាំ​ដ៏​កម្រ​មួយ​រវាង​អ្នក​យក​ប្រាក់​ទៅ​ទិញ​តំណែង​ក្នុង​រដ្ឋាភិបាល និង​អ្នក​ទទួល​រត់ការ​ដែល​មាន​ខ្សែ ឬ​នៅ​អែប​ជាមួយ​នឹង​អ្នក​ធំ។

ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ លោក សេង នាង បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៤ មិថុនា កាត់​ទោស​ឈ្មោះ ទា គឹមហុង អតីត​មន្ត្រី​ជំនួយការ​លោក​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង ពី​បទ​ឆបោក ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ ដោយ​អនុវត្ត​ឲ្យ​ជាប់​ឃុំ​ចំនួន ៧​ខែ និង​ត្រូវ​សង​ប្រាក់​ចំនួន ២៥.០០០​ដុល្លារ ទៅ​ឈ្មោះ ហេង ហៀម វិញ។

ឈ្មោះ ទា គឹមហុង ត្រូវ​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់ និង​កាត់​ទោស​ពី​បទ​ឆបោក ដោយសារ​គាត់​បាន​ទទួល​ប្រាក់​ចំនួន​ជិត ៣​ម៉ឺន​ដុល្លារ ពី​ឈ្មោះ ហេង ហៀម ជា​ថ្នូរ​ជាមួយ​ការ​សន្យា​រត់ការ​រក​តំណែង​ជាន់​ខ្ពស់​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ។ ឈ្មោះ ទា គឹមហុង បាន​សារភាព​ថា បាន​ទទួល​ប្រាក់​មួយ​ចំនួន​ពី​ឈ្មោះ ហេង ហៀម ពិត​ប្រាកដ​មែន។

លោក សេង នាង ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ឈ្មោះ ទា គឹមហុង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក មិន​មែន​ពី​បទ​ពុក​រលួយ ដោយសារ​គាត់​មិន​មាន​តួនាទី​ជា​មន្ត្រី​សាធារណៈ ដូច​នេះ​មិន​អាច​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​បាន​ទេ។

លោក សេង នាង បាន​បញ្ជាក់​ថា ៖ «អំពើ​របស់​គាត់​ត្រឹម​តែ​ឆបោក។ គាត់​អត់​មាន​តួនាទី​ជា​មន្ត្រី​សាធារណៈ។ បទ​ស៊ី​សំណូក ទាល់តែ​តួនាទី​ជា​មន្ត្រី​សាធារណៈ»

ក្រៅ​ពី​ចោទ​ប្រកាន់ និង​កាត់​ទោស​ឈ្មោះ ទា គឹមហុង ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​ទៅ​លើ​ឈ្មោះ ប្រាក់ វីរៈ មួយ​រូប​ទៀត ដែល​ជា​ប៉ូលិស​ទាក់ទង​ជាមួយ​សំណុំរឿង​ឆបោក​នេះ​ដែរ។ ឈ្មោះ ប្រាក់ វីរៈ ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ប៉ុន្តែ​ព្យួរ​ទោស។

លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ មិថុនា ថា ឈ្មោះ ទា គឹមហុង ត្រូវ​បាន​លោក ស ខេង ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បណ្ដេញ​ចេញ​ពី​មុខងារ​ជំនួយការ ក្រោយ​ពេល​មាន​ពាក្យ​បណ្ដឹង​ទាក់ទង​ជាមួយ​សកម្មភាព​មិន​គប្បី​របស់​ឈ្មោះ ទា គឹមហុង បាន​មក​ដល់​លោក​ជា​យូរ​មក​ហើយ។

លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ បាន​អះអាង​ថា ៖ «រាប់​ឆ្នាំ! ប៉ុន្តែ​ឯកឧត្ដម​ឧប លោក​បណ្ដេញ​ចេញ​តែម្ដង! ...និយាយ​រួម គាត់​បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​គាត់! បណ្ដឹង​តែ​មួយ​ទេ ដែល​គេ​រាយ​ការណ៍​ចូល​មក​ឧប​ភ្លាម ឧប​លោក​បណ្ដេញ​ចេញ​ភ្លាម! ការ​បណ្ដេញ​ចេញ​នេះ គឺ​ដើម្បី​បើក​ផ្លូវ​ជូន​តុលាការ​ធ្វើ​ការ​វិនិច្ឆ័យ​តាម​ច្បាប់»

ការ​ទិញ​ដូរ​បុណ្យ​ស័ក្ដិ ឬ​មុខ​តំណែង​ក្នុង​ក្រសួង មន្ទីរ​នានា កើត​មាន​ជា​រឿយ​ៗ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​គេ​កម្រ​ឃើញ​មាន​ពាក្យ​បណ្ដឹង ទាក់ទង​ជាមួយ​ការ​ទិញ​ដូរ​តំណែង​នេះ​ជា​ផ្លូវការ​ណាស់៕