លោក សុន ឆ័យ ដែលបានធ្វើសន្និសីទកាសែតភ្លាមៗនៅក្រោយកិច្ចប្រជុំសភានោះ បាននិយាយថា ការអះអាងរបស់លោក វ៉ា គឹមហុង ដែលជាប្រធានគណៈកម្មាធិការចម្រុះនៃកិច្ចការព្រំដែនកម្ពុជា ស្តីអំពីវិបត្តិព្រំដែនដែលលោកចង់ដឹងមិនទាន់ច្បាស់លាស់ឡើយ។
លោកបន្តថា សំណួរជាច្រើនដែលបានចោទសួរ ដូចជាសំណួរថា តើការបោះបង្គោលព្រំដែននៅចំណុចភូមិណា ស្រុកណា ដែលខ្មែរចំណេញពីវៀតណាម? និងសំណួរសួរថា តើរដ្ឋាភិបាលរកដំណោះស្រាយដូចម្តេចសម្រាប់ពលរដ្ឋខ្មែរដែលបានបាត់ដីដោយសាររឿងនេះ? ហើយនិងសំណួរច្រើនទៀតមិនត្រូវបានឆ្លើយឡើយ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះ ៖ «យើងចង់ដឹងថា នៅភូមិណា នៅត្រង់ណាដែលយើងបានដីពីខាងវៀតណាមមក ហើយខាងណាដែលគាត់សន្មត់ថាបាត់មែនទែន បាត់ប៉ុណ្ណា? ពលរដ្ឋគាត់ភ័យណាស់ គាត់ឈឺចាប់ណាស់ ព្រោះដីគាត់តែប៉ុណ្ណឹង។ ស្រ្តីម្នាក់ដែលត្រូវគេចាប់ហ្នឹងគាត់ជាស្រ្ដីមេម៉ាយផង ហើយគាត់អត់មានអីក្រៅពីដីហ្នឹងទេ គាត់ឈឺចាប់ណាស់ ហើយបើសិនណាជាយកដីគាត់អស់ តើគាត់រស់យ៉ាងម៉េច? ហ្នឹងយើងជាអ្នកដឹកនាំយើងត្រូវតែគិតគូររឿងហ្នឹង ហើយត្រូវតែគោរពសិទ្ធិគាត់ហ្នឹង។ យើងអត់បានធ្វើ យើងចេះតែយកលេសថា ជាដីរបស់រដ្ឋ ហើយដល់គ្នាមានការតវ៉ាតាំងយកគ្នាទៅឃុំ»។
ការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែននៅរដ្ឋសភា បានធ្វើឡើងអស់រយៈពេលជិត៤ម៉ោង ដោយគេឃើញតែលោក វ៉ា គឹមហុង ម្នាក់ឯងមានប្រសាសន៍យ៉ាងច្រើនអំពីបច្ចេកទេសនៃការស្រាវជ្រាវរាវរកផែនទីនិងកិច្ចព្រមព្រៀងនានា ដូចជាសន្ធិសញ្ញាខ្មែរ-បារាំងនិងការគូរផែនទីរបស់សហរដ្ឋអាមេរិកជាដើម។
នៅក្នុងការបកស្រាយនោះ លោក វ៉ា គឹមហុង ក៏បានបន្ទោសបារាំងក្នុងការគូរផែនទីមិនបានច្បាស់លាស់ដែលនាំឲ្យមានការលម្អៀងនៅក្នុងតំបន់មួយចំនួន។ លោកបានធានាថា រដ្ឋាភិបាលទទួលខុសត្រូវក្នុងការបោះបង្គោលនោះមិនឲ្យបាត់ដីខ្មែរមួយចម្រៀកណាឡើយក្នុងផែនទីដែលមានលើក្រដាសទំហំ ១៨១.០៣៥គីឡូម៉ែត្រការ៉េ តែលោកមិនបានចង្អុលបង្ហាញអំពីទីតាំងណាច្បាស់លាស់ឡើយទេ ដែលការបោះបង្គោលនោះនាំឲ្យខ្មែរចំណេញចូលទៅក្នុងទឹកដីខាងវៀតណាម។
លោក វ៉ា គឹមហុង មានប្រសាសន៍ថា ៖ «ព្រោះយើងកំពុងតែរកបញ្ហាប្រឈម ដែលយើងប្រឈមសព្វថ្ងៃ តើដោះស្រាយរបៀបម៉េច? ការកាន់កាប់ជាក់ស្ដែងនិងខ្សែព្រំដែនវាមិនត្រូវគ្នា ព្រោះលោកបារាំងគាត់មិនបានគិតទេ។ ដូចខ្ញុំជម្រាប តែមួយចុងប៊ិចវាខុសគ្នា១០០ម៉ែត្រ តែ៥ចុងប៊ិចវាកន្លះគីឡូម៉ែត្រហើយ។ ដូចជាចំណុចខ្លះ ខ្ញុំលើកចំណុចភូមិសម្ដេចប្រធាន(ហេង សំរិន)ជាដើម បារាំងវាដាក់ក្នុងដីវៀតណាម»។
ក្នុងអំឡុងពេលនៃការបកស្រាយអស់ជាច្រើនម៉ោងនោះ គេបានឃើញលោកតំណាងរាស្រ្ត សុន ឆ័យ ព្យាយាមកាត់ចម្លើយអធិប្បាយដើម្បីសួរសំណួរ ប៉ុន្តែត្រូវបានប្រធានរដ្ឋសភា លោក ហេង សំរិន គោះញញួរនិងស្តីបន្ទោសទៅលើលោក សុន ឆ័យ ហើយអង្គសភាក៏បានទុកពេលឲ្យលោក វ៉ា គឹមហុង មានប្រសាសន៍ម្នាក់ឯងដោយគ្មានសំណួររហូតដល់ទីបញ្ចប់។
លោក សុន ឆ័យ បាននិយាយថា លោកនៅតែមានចម្ងល់ បើទោះបីជាការបកស្រាយនោះធ្វើអស់ជាច្រើនម៉ោងក៏ដោយ ហើយលោកនឹងបន្តដាក់សំណួរដដែលដើម្បីឲ្យមន្ត្រីរដ្ឋាភិបាលបំភ្លឺតាមរយៈលិខិតវិញម្តង៕