ការអះអាងរបស់ប្រធានសហជីពសេរីកម្មករកម្ពុជា បានធ្វើឡើងក្នុងបាតុកម្មមួយក្នុងទីក្រុងភ្នំពេញ នៅពេលដែលកម្មករប្រមាណជាង ៣.០០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខរោងចក្រ Shoes Premier ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី១៥ តុលា ទាមទារឲ្យរោងចក្រ ផ្ដល់ការងារឡើងវិញដល់បុគ្គលិកចំនួនពីរនាក់របស់សហជីពសេរីកម្មករប្រចាំរោងចក្រនេះ។
ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុនី បានចោទថា ការព្យួរការងារបុគ្គលិកចំនួនពីររូបមានឈ្មោះ ហឿន ថារឹទ្ធ ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រនិងឈ្មោះ សែន ស៊ីធួន ដែលជាលេខាសហជីពអស់ពេលជាច្រើនខែថា ជាការរើសអើងចំពោះសហជីពកម្មករ។
លោក ជា មុនី មានប្រសាសន៍ថា ៖ «រយៈពេលកន្លងមក រោងចក្រនេះបានរើសអើងចំពោះសហជីពសេរីកម្មករ ហើយគាត់ផ្ដល់សិទ្ធិឲ្យសហជីពមួយទៀត អ៊ីចឹងគាត់ព្យួរការងារមេដឹកនាំសហជីព»។
ទោះជាយ៉ាងណា លោក ជា មុនី បានឲ្យដឹងថា បុគ្គលិកសហជីពសេរីកម្មករទាំងពីររូបនេះ ត្រូវបានបន្តឲ្យធ្វើការនៅរោងចក្រឡើងវិញ បន្ទាប់ពីមានការចរចាដោះស្រាយរួចមក។
លោក ជា មុនី បានឲ្យដឹងថា រោងចក្រនៅក្នុងប្រទេសកម្ពុជា ពុំទាន់គោរពច្បាប់ការងារឲ្យបានត្រឹមត្រូវឡើយ ហើយថា សិទ្ធិរបស់កម្មករត្រូវបានគេរំលោភបំពាន ៖ «យើងឃើញថា ច្បាប់មានមែនពិត ប៉ុន្តែក្រុមហ៊ុននៅតែរំលោភសិទ្ធិកម្មករ កម្មការិនី នៅតែរំលោភច្បាប់ នៅតែរំលោភអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ដែលជាអនុសញ្ញាស្នូល ដែលកម្ពុជាទទួលសច្ចាប័ន»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ចម ប្រសិទ្ធ ធ្លាប់បានមានប្រសាសន៍កាលពីពាក់កណ្ដាលខែសីហាថា សព្វថ្ងៃល័ក្ខខ័ណ្ឌការងារនិងការគោរពសិទ្ធិកម្មករនៅកម្ពុជា មានលក្ខណៈល្អប្រសើរ ហើយថា គោលនយោបាយដែលផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារនិងការគោរពសិទ្ធិកម្មករនេះហើយ ដែលបានធ្វើឲ្យវិស័យកាត់ដេរក្នុងប្រទេសកម្ពុជានៅតែមានលទ្ធភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងទៀត រូមមានជាចិន វៀតណាម ប៉ាគិស្ថាននិងឥណ្ឌា ជាដើម។
មន្ត្រីទំនាក់ទំនងនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិ ILO លោក នី យូ បានឲ្យដឹងថា បើតាមរបាយការណ៍ដែលបានត្រួតពិនិត្យមើលរោងចក្រចំនួនជាង ៣០០រោងចក្រ ដែលបានចុះបញ្ជីក្នុងគម្រោងនេះ បានបង្ហាញថា ល័ក្ខខ័ណ្ឌការងាររបស់កម្មករកាត់ដេរ ការគោរពច្បាប់ការងារនិងការគោរពសិទ្ធិកម្មករនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង។
លោក នី យូ មានប្រសាសន៍ថា ៖ «សុំនិយាយចំពោះតែរោងចក្រដែលចុះបញ្ជីជាមួយនឹងគម្រោងរោងចក្រកាត់ដេរប្រសើរនៃអង្គការពលកម្មអន្តរជាតិ បើតាមរបាយការណ៍សំយោគរបស់យើង ជាពិសេសរបាយការណ៍សំយោគចុងក្រោយបំផុត បង្ហាញថា កម្រិតនៃការអនុលោមតាមច្បាប់នៅតាមបណ្ដារោងចក្រ ដែលគម្រោងត្រួតពិនិត្យ គឺឃើញមានភាពប្រសើរឡើង»។
លោក នី យូ បានឲ្យដឹងដែរថា រោងចក្រទាំងអស់នោះ ត្រូវជួយសម្រួលដល់កម្មករទាក់ទងនឹងសុវត្ថិភាពការងារនិងសុខភាពរបស់ពួកគេផងដែរ ៖ «ឧទាហរណ៍ថា តើរោងចក្រហ្នឹង មានផ្ដល់សម្ភារៈការពារខ្លួនដល់កម្មករ និយោជិតឬក៏អត់? ឧទាហរណ៍ ម៉ាស៊ីនដេរហ្នឹង វាមានរបាំងការពារម្ជុលអីក៏អត់? ហើយឧទាហរណ៍នៅតាមកន្លែងកាត់សម្លៀកបំពាក់អី តើបុគ្គលិកកម្មករហ្នឹង មានពាក់ស្រោមដៃ មានពាក់អីអត់? អាហ្នឹងទាក់ទងទៅនឹងសុវត្ថិភាពការងាររបស់គាត់»។
នៅក្នុងកិច្ចប្រជុំចំនួនពីរថ្ងៃ នៅក្នុងប្រទេសកម្ពុជា នាពេលថ្មីៗនេះ ដែលរៀបចំដោយអង្គការពលកម្មអន្តរជាតិ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានឲ្យដឹងថា តំណាងអ្នកបញ្ជាទិញសម្លៀកបំពាក់ធំៗចំនួន ២៨ និយាយថា ពួកគេនឹងស្នើឲ្យក្រុមហ៊ុនរបស់ពួកគេបន្តទិញសម្លៀកបំពាក់ពីកម្ពុជា។
លោក នី យូ បានមានប្រសាសន៍ថា ការដែលតំណាងបញ្ជាទិញសម្លៀកបំពាក់ សន្យានឹងស្នើឲ្យក្រុមហ៊ុនរបស់ពួកគេបន្តទិញផលិតផលសម្លៀកបំពាក់នៅកម្ពុជា ក៏ដោយសារតែពួកគេមើលឃើញថា នៅកម្ពុជាមានការអនុវត្តល័ក្ខខ័ណ្ឌការងារល្អ និងការគោរពច្បាប់ការងារនិងសិទ្ធិកម្មករជាដើម។
លោក នី យូ មានប្រសាសន៍ថា ៖ «បណ្ដាអ្នកទិញអន្តរជាតិ ជាពិសេសដែលមានម៉ាកល្បីៗ ដូចជា ខាង H&M, Wal-Mart ដូចជា ឌីសនី គាត់ឥឡូវ គាត់សង្កត់ធ្ងន់ទៅលើការបញ្ជាទិញប្រកបដោយក្រមសីលធម៌។ មានន័យថា គាត់អត់ចង់បានផលិតផលសម្លៀកបំពាក់របស់គាត់ ពីប្រទេសណា ដែលមានលក្ខខណ្ខការងារមិនល្អទេ។ អ៊ីចឹងហើយបានជាគាត់បន្តចាប់អារម្មណ៍ នៅក្នុងការបន្តសុំក្រុមហ៊ុនរបស់គាត់ ឲ្យទិញផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជាទៀត ដោយសារតែប្រទេសកម្ពុជារបស់យើង មានភាពល្បីល្បាញនៅក្នុងទីផ្សារវាយនភណ្ឌពិភពលោក ពីលក្ខខណ្ខការងារល្អប្រសើរនៅតាមបណ្ដារោងចក្រ»។
បើតាមសហជីពសេរីកម្មករកម្ពុជា បានឲ្យដឹងថា នៅក្នុងអំឡុងចុងឆ្នាំ២០០៧ និងរហូតដល់ខែតុលា ឆ្នាំ២០០៨នេះ មានរោងចក្រចំនួន ៣០ ហើយដែលបានបិទទ្វារ ហើយថា ការបិទទ្វាររោងចក្រទាំងអស់នេះ មិនមែនជាការដួលរលំ ដោយសារការក្ស័យធននោះឡើយ ហើយថា ដោយសារតែការផ្លាស់ប្ដូរទីតាំងពីភ្នំពេញ ដែលមានតម្លៃជួលថ្លៃ និងតាមការបញ្ជារបស់រដ្ឋាភិបាល ដែលមិនអនុញ្ញាតឲ្យមានរោងចក្រនៅកណ្ដាលទីក្រុង និងដោយសាររោងចក្រខ្លះបិទទ្វារ ហើយទៅបើកថ្មីមួយទៀត ដោយមើលឃើញថា រដ្ឋាភិបាលបានអនុគ្រោះពន្ធ ចំនួន ៥ឆ្នាំ ហើយរោងចក្រទាំងអស់នោះ បំភ្លេចចោលនូវប្រាក់អតីតភាពការងាររបស់កម្មករ។
លោក ជា មុនី បានឲ្យដឹងថា បន្ទាប់ពីមានការបិទទ្វាររោងចក្រទាំងអស់នោះ ចន្លោះពីចុងឆ្នាំ ២០០៧ មកចុងឆ្នាំ២០០៨ មានកម្មករប្រមាណ ២៧.០០០នាក់ ដែលបានបោះបង់ការងាររោងចក្រកាត់ដេរ ហើយទៅរកការងារថ្មី។
លោក ជា មុនី បានបន្តថា តាមការស្ទង់របស់សហជីព ចំនួនកម្មករកាត់ដេរនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លះដែរ ហើយថា បើតាមការរកឃើញរបស់សហជីព មានកម្មករប្រមាណ ៣០ភាគរយ នៃកម្មកររោងចក្រស្បែកជើងក្នុងប្រទេសកម្ពុជា ជាក្មេងពុំទាន់គ្រប់អាយុ។
ទោះជាយ៉ាងណាបើតាមមន្ត្រីនៃសមាគមរោងចក្រកាត់ដេរកម្ពុជា លោក កាំង ម៉ូនីកា បានឲ្យដឹងថា ការបិទទ្វាររបស់រោងចក្រទាំងនោះ គឺដោយសារការធ្លាក់ចុះនៃការបញ្ជាទិញ ជាពិសេស ការធ្លាក់ចុះនៃទីផ្សារនៅក្នុងសហរដ្ឋអាមេរិក ដែលបានទិញផលិតផលសម្លៀកបំពាក់ប្រមាណ ៧០ភាគរយនៃផលិតផលសម្លៀកបំពាក់ផលិតដោយកម្ពុជា និងបញ្ហាទាំងឡាយ ដែលជាឥទ្ធិពលរបស់សហជីពកម្មកររោងចក្រ ដែលសព្វថ្ងៃ មានចំនួនរហូតដល់ទៅប្រមាណ ១.០០០សហជីព។
លោក កាំង ម៉ូនីកា បានឲ្យដឹងថា ក្នុងឆ្នាំ២០០៨នេះ គេមិនរំពឹងថា នឹងមានការបើករោងចក្របន្ថែមទៀតឡើយ ៖ «ខ្លះទៅដោយសារខ្វះការបញ្ជាទិញពីខាងក្រៅមក ហើយអ្នកខ្លះទៀត ក៏មានបញ្ហាទាក់ទងទៅនឹងរឿងសហជីពអីមួយចំនួនតូចអ៊ីចឹងដែរ។ ឆ្នាំនេះ យើងឃើញហើយស្ថានភាពគឺអត់ល្អទេ យើងមិនសង្ឃឹមថា មានរោងចក្របន្ថែមទៀត នឹងមកទេ ហើយរហូតយើងត្រូវរង់ចាំទៅដល់ឆ្នាំក្រោយ រហូតដល់ស្ថានភាពល្អប្រសើរជាងហ្នឹងបន្តិច»។
បើតាមរបាយការណ៍របស់អង្គការអន្តរជាតិ ILO បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា វិស័យកាត់ដេរ ដែលជាវិស័យដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច បានផ្ដល់ការងារដល់ពលករប្រមាណ ៣៥០.០០០នាក់ ហើយមានមនុស្សយ៉ាងហោចប្រមាណ ១.៧លាននាក់ បាននិងកំពុងតែពឹងផ្អែកលើវិស័យនេះ៕
