រដ្ឋាភិបាល​រក​មធ្យោបាយ​ឲ្យ​មន្ត្រី​រាជការ​ជា​នារី​បន្ត​​ការងារ​ឲ្យ​បាន​យូរ

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​កិច្ចការ​នារី និង​រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ កំពុង​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាងណា​អោយ​មន្ត្រី​រាជការ​ជា​នារី បាន​បន្ត​បំពេញ​កិច្ច​ការងារ​ក្នុង​តួនាទី​បន្ត​ទៀត នៅ​ពេល​រក​ឃើញ​ថា មាន​ស្ត្រី​ជា​មន្ត្រីរាជការ​ជា​ច្រើន​នាក់​បាន​ឈាន​ដល់​វ័យ​ត្រូវ​ចូល​និវត្តន៍។

0:00 / 0:00

ការងារ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​កិច្ចការ​សង្គម​នៅ​កម្ពុជា។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ទាក់ទង​នឹង​ស្ត្រី ចាត់​ទុក​គោលបំណង​រក្សា​មន្ត្រីរាជការ​ជា​នារី​មិន​អោយ​ចូលនិវត្តន៍​ជា​បណ្ដោះអាសន្ន​ដោយ​រដ្ឋាភិបាល​កម្ពុជា​ថា មាន​ភាព​វិជ្ជមាន​ចំពោះ​គោលការណ៍​សមភាព​យេនឌ័រ ឬ​ភាព​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី ក្នុង​ការ​អភិវឌ្ឍ។

ការ​លើកឡើង​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ នៃ​គណៈរដ្ឋមន្ត្រី បាន​ផ្ញើ​លិខិត​មួយ​អំពី​ការ​ចូលនិវត្តន៍​របស់​មន្ត្រី​ជា​នារី។ ក្នុង​លិខិត​នោះ លោក ពេជ្រ ប៊ុនធិន រដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ​នៃ​គណៈរដ្ឋមន្ត្រី បាន​លើក​ឡើង​ពី​គម្រោង​បណ្ដោះអាសន្ន​រក្សា​ទុក​មន្ត្រី​រាជការ​ជា​នារី ដែល​មាន​តំណែង​ក្នុង​រដ្ឋបាល​សាធារណៈ​ជា​បណ្ដោះអាសន្ន ហើយ​រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ​កំពុងតែ​ស្រាវជ្រាវ​ពី​ផ្លូវ​ច្បាប់ ដែល​អាច​អោយ​មន្ត្រី​រាជការ​ជា​នារី​បាន​បន្ត​ការងារ​របស់​ខ្លួន​ត​ទៅ​ទៀត។

នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​មេសា ថា វិធានការ​បែប​នេះ​ពិត​ជា​អាច​ជួយ​អោយ​រដ្ឋាភិបាល​អាច​រក្សា​បាន​ចំនួន​ស្ត្រី និង​អាច​ឈាន​ទៅ សម្រេច​គោលដៅ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ។

អ្នកស្រី ធីតា ឃិះ៖ «ហើយ​បើ​មិន​ធ្វើ​អ៊ីចឹង​ទេ ផែនការ​របស់​រដ្ឋាភិបាល​អត់​បាន​សម្រេច ព្រោះ​គាត់ (រដ្ឋាភិបាល) បាន​ធ្វើ​ផែនការ​អោយ​គាត់​ឡើង ប៉ុន្តែ​ដល់​ឥឡូវ​ដល់​ពេល​ទម្លាក់​គាត់​ចុះ​វិញ បើសិនជា​គាត់​ត្រូវ​ចូលនិវត្តន៍ ដូច្នេះ​ផែនការ​ចំនួន​អត់​គ្រប់។ ព្រោះ​ស្ត្រី​គាត់​មាន​តួនាទី​ហ្នឹង​ទើប​បាន​ថ្មីៗ ហេតុ​ដូច្នេះ​បើ​ទម្លាក់​គាត់​ទៅវិញ​ជា​ការ​ខាតបង់​ធនធាន​មនុស្ស​យ៉ាង​សំខាន់»

មាន​ហេតុផល​មួយ​ចំនួន​ត្រូវ​បញ្ជាក់​ថា ជា​ដើម​ចម​នៃ​វិធានការ​ថ្មី​នេះ។ ក្នុង​នោះ​រួមមាន​ចំនួន​មន្ត្រី​រាជការ​ជា​នារី ដែល​ត្រូវ​ចូលនិវត្តន៍​មាន​ចំនួន​ច្រើន និង​ពុំ​មាន​នារី​ក្នុង​តួនាទី​ដែល​អាច​ដាក់​ជំនួស។

អង្គការ​សីលការ បាន​រក​ឃើញ​ថា មាន​មន្ត្រី​រាជការ​ជា​នារី​ជា​ច្រើន​នាក់​ត្រូវ​ដំឡើង​តួនាទី ប៉ុន្តែ​ពុំ​បាន​ទទួល​កាំ​ប្រាក់​តាម​តួនាទី​ឡើយ ហើយ​ភាព​យឺតយ៉ាវ​នោះ គឺជា​ផល​លំបាក​មួយ​សម្រាប់​ពួកគាត់​នៅ​ពេល​ចូលនិវត្តន៍ ពោល​គឺ​ពួកគាត់​មិន​អាច​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ទៅតាម​ចំនួន​ពិត​ប្រាកដ​ទៅ​តាម​តួនាទី​ថ្មី។

វិធានការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ​នឹង​បាន​ជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ខកខាន​មិនបាន​ផ្ដល់​ប្រាក់​បៀវត្ស​ទៅ​តាម​តួនាទី​របស់​មន្ត្រី​រាជការ​ជា​នារី​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី។

នាយិកា​អង្គការ​ចំរើន​ស្ត្រី អ្នកស្រី ប៉ុក ណណ្តា មាន​ប្រសាសន៍​ថា ខណៈ​ដែល​មាន​វិធានការ​ល្អ រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ចំពោះ​ប្រាក់​បៀវត្សរ៍​ដែល​មន្ត្រីរាជការ​ជា​នារី​គួរ​ទទួល​បាន៖ «ហ្នឹង​ខ្ញុំ​យល់​ឃើញ​ថា អាច​រក្សា​ចំនួន​ស្ត្រី ឬ​ក៏​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខងារ​សាធារណ​ហ្នឹង​គឺ​កាន់តែ​ប្រសើរ​ឡើង ទី​២​ទៀត ការ​ឡើង​ឋានៈ​ហ្នឹង​ទៀត សុំ​ផ្ដល់​តួនាទី​ហ្នឹង​ជាមួយ​នឹង​ការ​ឡើង​ឋានៈ​ផង​ដែរ កម្រិត​នៃ​កាំ​នោះ​ដែរ ទើប​បាន​ស្ត្រី​យើង​ហ្នឹង​បាន​តួនាទី​ច្រើន»

ទាក់ទិន​នឹង​ការ​រិះរក​មធ្យោបាយ ​អោយ​មន្ត្រី​រាជការ​ជា​នារី​នេះ អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី មាន​ប្រសាសន៍​ថា ក្រសួង​កិច្ចការ​នារី​កំពុង​ធ្វើការ​ជាមួយ​រដ្ឋលេខាធិការដ្ឋាន មុខងារ​សាធារណៈ ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ពាក់ព័ន្ធ​មួយ​ចំនួន។

អ្នកស្រី អ៊ឹង កន្ថាផាវី៖ «មក​ដល់​ថ្ងៃ​នេះ​យើង​ខ្ញុំ​កំពុង​ពិភាក្សា​ជាមួយ​មុខងារ​សាធារណៈ ហើយ​លទ្ធផល​អាច​ចេញ​ក្នុង​ពេល​ខាង​មុខ​នេះ ហើយ​ចាំ​ជម្រាប​ថា​ធ្វើ​តាម​រូបមន្ត​ណា។ ប៉ុន្តែ​យើង​ផ្អែក​ទៅ​លើ​សហ​លក្ខន្តិកៈ នៃ​មន្ត្រី​រាជការ និង​ច្បាប់​ដែល​មាន​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ»

បើ​ទោះ​ជា​យ៉ាង​ណា អ្នកស្រី អ៊ឹង កន្ថាផាវី មិន​បាន​បញ្ជាក់​ពី​ចំនួន​មន្ត្រី​រាជការ​ជា​នារី​ដែល​ត្រូវ​ចូល​និវត្តន៍​នោះ​មាន​ចំនួន​ប៉ុន្មាន​ឡើយ។

នៅ​ក្នុង​មាត្រា ៥៤​នៃ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា អ្នក​រាជការ​ទាំង​ពីរ​ភេទ​ត្រូវ​ដាក់​អោយ​ចូលនិវត្តន៍​ជា​កំហិត​ពេល​ដល់​អាយុ ៥៥​ឆ្នាំ។ អាយុ​កំហិត​នេះ​អាច​រំកិល​ដល់ ៦០​ឆ្នាំ បើ​លក្ខន្តិកៈ​ដោយ​ឡែក​បាន​កំណត់។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ពិចារណា​ពី​ការ​ជ្រើសរើស​មន្ត្រីរាជការ​នារី​បន្ថែម​ជា​ជាង អនុវត្ត​វិធានការ​ដែល​មិន​ស្រប​នឹង​ផ្លូវ​ច្បាប់។

លោក​បន្ត​ថា ការ​និយម​បក្ស​ពួក​ជា​ឧបសគ្គ​ក្នុង​ការ​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី៖ «លើក​ទឹក​ចិត្ត​អោយ​ក្មេងៗ​សា​ក្រោយ​ហ្នឹង ហើយ​រើស​ចូល​ភ្លាមៗ ហើយ​ជំនួស​អ្នក​ធ្វើ​ការ​ដែល​ចូលនិវត្តន៍​ហ្នឹង​ទៅ​វា​ចេញ​បាត់​ហើយ មាន​បញ្ហា​អី។ ទាញ​អ្នក​ដែល​ពូកែៗ​ចូល​ទៅ ខ្វះ​អី​អ្នក​ពូកែៗ​មួយ​គំនរ។ មិន​អាច​យើង​ទៅ​ផ្អាក​ការ​អនុវត្ត​ច្បាប់​ម៉េច​បាន។ ច្បាប់​គឺ​ច្បាប់​ហើយ បើ​និយាយ​ពី​នីតិរដ្ឋ ត្រូវ​តែ​អនុវត្ត។ បើ​យើង​ចង់​អ៊ីចឹង​មាន​តែ​ទៅ​សភា​អោយ​វិសោធនកម្ម ថា​ឥឡូវ​សុំ​ផ្អាក»

របាយការណ៍​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ហៅ​កាត់​ថា (UNDP) ក្នុង​ឆ្នាំ​២០០៩ បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​តែងតាំង​ស្ត្រី​ចំនួន ២៤​រូប ត្រូវ​អោយ​ធ្វើ​ជា​អភិបាល​រង​រាជធានី​ខេត្ត និង​ចំនួន ០២​រូប អោយ​ធ្វើ​ជា​អភិបាល​ស្រុក និង ១៦៩​រូប អោយ​ធ្វើ​ជា​អភិបាល​រង​ស្រុក ក្រុង និង​ខណ្ឌ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។