មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ខាងទាហានថៃមានស្លាប់ចំនួន៤នាក់និង១០នាក់ត្រូវទាហានខ្មែរចាប់ខ្លួន។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិទ្ធឆារុងវ៉ាត់ បានប្រញាប់ធ្វើសេចក្តីបដិសេធភ្លាមៗចំពោះប្រសាសន៍ថ្លែងរបស់មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរជាមួយការបញ្ជាក់ថា មិនមានទាហានថៃណាមួយត្រូវបានគេចាប់ខ្លួននៅក្នុងការវាយពីម្សិលមិញនោះទេ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសថៃបានបញ្ជាក់ឡើងវិញអំពីការវាយប្រហារទាំងពីរលើកកាលពីម្សិលមិញ ៖ "ភាគីកម្ពុជាបានរាយការណ៍ថាគេបានចាប់ទាហានថៃ ប៉ុន្តែព័ត៌មាននេះមិនមាននៅក្នុងសេចក្តីរាយការណ៍របស់យើងឡើយ។ ភាគីកម្ពុជាបានរាយការណ៍ទៀតថា ក៏មានទាហានថៃ៤នាក់បានស្លាប់ផងដែរ។ យើងសូមបដិសេធថាវាមិនមែនជាការពិតនោះទេ"។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសថៃបានបញ្ជាក់ថា មានទាហានថៃតែម្នាក់ទេបានស្លាប់និងថាមានទាហានថៃរវាងពី៦ទៅ៧នាក់បានរងរបួស។
បើតាមប្រភពពីអ្នកនាំពាក្យយោធារបស់ថៃ លោកវរសេនីយ៍ទោ វិចិត្រម៉ាការុន លោកបានថ្លែងប្រាប់អ្នកកាសែតថា នៅក្នុងការវាយប្រហារកាលពីម្សិលមិញមានទាហានថៃ២នាក់បានស្លាប់និង១០នាក់ទៀតរងរបួស។
មន្ត្រីរដ្ឋាភិបាលខ្មែរបានរាយការណ៍មកថា ទាហានថៃបានបាញ់គ្រាប់កាំភ្លើងផ្លោងចូលមកក្នុងទឹកដីខ្មែរដោយបានធ្វើឲ្យផ្ទះអ្នកស្រុកឆេះ និងលើសពីនោះគ្រាប់កាំភ្លើងខ្លះបានបាញ់ចូលក្នុងបរិវេណប្រាសាទព្រះវិហារដែលបណ្តាលឲ្យខូចខាតជណ្តើរប្រាសាទបុរាណខ្មែរ។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន មន្ត្រីនាំពាក្យខុទ្ទកាល័យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា កម្ពុជានឹងដាក់ពាក្យប្តឹងទៅអង្គការយូណេស្កូដើម្បីរកយុត្តិធម៌ចំពោះបញ្ហារំលោភនេះ។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «សោកស្ដាយណាស់ដែលព្រឹត្តិការណ៍កើតឡើងម្ដងហើយម្ដងទៀត ហើយស្ដាយណាស់ដែលបរិវេណនៃបេតិកភណ្ឌពិភពលោក ក៏ដូចជាផ្សារខាងក្រោម ដូចជាជណ្ដើរ ក៏បានប៉ះពាល់ដោយគ្រាប់របស់ថៃ»។
មន្ត្រីអ្នកនាំពាក្យដដែលបានបញ្ជាក់ថា កាំភ្លើងដែលទាហានថៃបានបាញ់ចូលមកក្នុងបរិវេណប្រាសាទព្រះវិហាររួមមានកាំភ្លើងធុនស្វ័យប្រវត្តិមួយចំនួន។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានបញ្ជាក់ថា ៖ «យើងឃើញមាន១២,៧ដែលជាម៉ាស៊ីនធន់ធ្ងន់ M79 ហើយយើងឃើញមានកាំភ្លើងធន់មក់ជី ដូចជា៦០ប្លាយហ្នឹងមានបាញ់ចូលមកម្ដុំកន្លែងយើង ហើយបានបណ្ដាលឲ្យឆេះខូតខាតនូវកន្លែងមជ្ឈមណ្ឌលសមាគមរបស់អាជ្ញាធរព្រះវិហារជាប់ស្រះទឹក ហើយនិងឆេះផ្សារយើងនៅខាងក្រោមផង»។
មន្ត្រីយោធាខ្មែរតាមព្រំប្រទល់បានឲ្យដឹងថា ដោយសារតែការបាញ់ប្រហារពីទាហានថៃធ្វើឲ្យខូចប្រាសាទបុរាណជាបេតិកភណ្ឌជាតិនោះហើយបានញ៉ាំងឲ្យទាហានខ្មែរបង្ខំចិត្តវាយប្រហាររុលទៅមុខនឹងបានចូលកាន់កាប់បន្ទាយទាហាន២របស់ថៃជាច្រើនម៉ោង។
មន្ត្រីយោធាខ្មែរបានឲ្យដឹងថា តាមការបញ្ជាទាហានខ្មែរដែលចូលកាន់កាប់បន្ទាយទាហានថៃនឹងទទួលបញ្ជាឲ្យដកថយពីបន្ទាយថៃមកវិញនៅវេលាព្រឹកថ្ងៃសៅរ៍នេះ៕