ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

នៅ​ថ្ងៃ​ទី​១៦ មេសា ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ហើយ។ ​ពលរដ្ឋ​ខ្លះ​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​នេះ​គាត់​មាន​អារម្មណ៍​សប្បាយ​ជាង​ឆ្នាំ​មុន ឯ​អ្នក​ខ្លះ​ទៀត​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ហាក់​មិន​សូវ​អ៊ូអរ​ដូច​ឆ្នាំ​កន្លង​ផុត​ទៅ​ទេ។
ដោយ ឱម ឧត្ដម
2010.04.17
បុណ្យ​ចូល​ឆ្នាំ ៣០៥ ១៦-មេសា-២០១០: ពិធី​ស្រង់​ព្រះ​នៅ​វត្ត​មុនី​សុវណ្ណ ហៅ ចំពុះ​ក្អែក ក្នុង​ឃុំ​ព្រែក​ថ្មី ស្រុក​កៀន​ស្វាយ ខែត្រ​កណ្ដាល
RFA/Om Oddom

វត្ត​មុនី​សុវណ្ណ ហៅ ចំពុះ​ក្អែក ក្នុង​ថ្ងៃ​ទី​៣ នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​នេះ មាន​មនុស្ស​ម្នា​រាប់​រយ​នាក់​ចេញ​ចូល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ អ្នក​ខ្លះ​ពូន​ភ្នំ​ខ្សាច់​ដែល​ធ្វើ​ពី​អង្ករ ខ្លះ​ទៀត​ដង​ទឹក​ដោយ​កូន​ផ្តិល​ស្រោច​ពី​លើ​ព្រះ​ពុទ្ធ​បដិមា​សំរឹទ្ធ រួច​សំពះ​បួងសួង​ទៅ​តាម​ការ​ចង់​បាន​របស់​ពួក​គាត់​ទាំង​នោះ។

អាចារ្យ​នៅ​វត្ត​ចំពុះ​ក្អែក​ម្នាក់​ឈ្មោះ ញឹក កៅ មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​របស់​គាត់ អ្នក​មក​ធ្វើ​បុណ្យ​ទាន​ក្នុង​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន ដោយសារ​មនុស្ស​កាន់​តែ​ជឿ​លើ​បុណ្យ​បាប។

លោក​តា​អាចារ្យ ញឹក កៅ បាន​បញ្ជាក់​ថា ៖ «ឆ្នាំ​នេះ​ដូច​រាង​គ្រាន់បើ​ជាង​ឆ្នាំ​ទៅ! មនុស្ស​យើង​កាន់​តែ​ដឹង​ខ្លួន ដូច​ថា ជំងឺ​តម្កាត់​រោគា​ឥឡូវ​វា​ឆាប់​ៗ​ពេក ច្រើន​តែ​ប៉ះ​ពារ​អី គ្រោះថ្នាក់​ចរាចរណ៍​អី រហ័ស​ៗ​ពេក!»

នៅ​ទីក្រុង​ភ្នំពេញ​ទាំង​មូល​តាំង​ពី​ព្រលឹម​រហូត​ដល់​ពេល​ល្ងាច​មាន​សភាព​ស្ងប់​ស្ងាត់ មិន​មាន​កក​ស្ទះ​ចរាចរណ៍​ដូច​សព្វ​ដង​ឡើយ។ នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ ក៏​មាន​សភាព​ស្ងប់​ស្ងាត់​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​នេះ​សប្បាយ​ជាង​ឆ្នាំ​មុន​ដែរ ដោយសារ​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ធ្វើដំណើរ។ ម៉្យាង​ទៀត​ក្នុង​ឆ្នាំ​នេះ​គាត់​សង្កេត​ឃើញ​ថា មិន​មាន​លេង​ប៉ាត​ម្សៅ ជះ​ទឹក ឬ​ពួក​ស្ទាវ​កាប់​ចាក់​គ្នា​ដូច​ឆ្នាំ​មុន​ឡើយ។

អ្នក​រត់​រ៉ឺម៉ក​ម្នាក់​ឈ្មោះ សុន បុត្រ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ «មួយ​ឆ្នាំ​វា​សប្បាយ​ជាង​មួយ​ឆ្នាំ​ទៅ សប្បាយ​ទៅ​ៗ ព្រោះ​អី​ឆ្នាំ​នេះ​អត់​សូវ​មាន​បញ្ហា​អី បញ្ហា​តាម​ផ្លូវ​អី! ឆ្នាំ​មុន​វា​ចេះ​តែ​មាន​បញ្ហា ក្មេង​ៗ​វា​មិន​សូវ​ត្រូវ​គ្នា​អ៊ីចឹង​ណា៎! វា​ចេះ​តែ​មាន​បញ្ហា​រឿង​ផឹក​ស៊ី... ហើយ​បើ​ឆ្នាំ​នេះ​បង្ក្រាប​អស់​អ៊ីចឹង​ទៅ វា​សប្បាយ គេ​ធ្វើ​បុណ្យ​បាន​ច្រើន បាន​ដាក់​ធុង​បាស​ធុង​អី​រាំ​អ៊ីចឹង សប្បាយ​ទាំង​អស់​គ្នា!»

យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​យល់​ថា ឆ្នាំ​ថ្មី​នេះ​មិន​សូវ​សប្បាយ​ដូច​ឆ្នាំ​ចាស់​ឡើយ ដោយសារ​មនុស្ស​មួយ​ចំនួន​និយាយ​ថា ខ្លួន​មិន​សូវ​មាន​លុយ​កាក់។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល PADVI ម្នាក់ ដែល​កំពុង​ពូន​ភ្នំ​ខ្សាច់ នៅ​ថ្ងៃ​ទី​៣​នេះ ក្នុង​វត្ត​ចំពុះ​ក្អែក មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ «ក្នុង​ភូមិ​ក្នុង​អី​អត់​សូវ​សប្បាយ​ដូច​ឆ្នាំ​មុន​ៗ ដូច​រាង​ស្ងាត់​ៗ អ្នក​ខ្លះ​គេ​ថា មក​ពី​ឆ្នាំ​ហ្នឹង​ជីវភាព​ដូច​ជា​ខ្វះ​ខាត​ជាង​ឆ្នាំ​មុន​ៗ»

លោក​ស្រី​បន្ថែម​ថា ចំពោះ​បញ្ហា​សន្តិសុខ​វិញ ក៏​លោក​ស្រី​សង្កេត​ឃើញ​ថា នៅ​តែ​មិន​ប្រសើរ​ឡើយ ជា​ពិសេស​គឺ​ក្រុម​បង​ធំ​បង​តូច​តែ​ម្ដង ៖ «ខ្ញុំ​ស្ដាប់​វិទ្យុ​ឮ​ថា កាប់​គ្នា​ដាច់​ក​ដាច់​អី​យប់​មិញ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ដូច​រាង​កាត់​បន្ថយ ដូច​មិន​សូវ​ឮ​ដូច​មុន​ណា៎! ប៉ុន្តែ​មិន​ទាន់​ដឹង​ម៉េច​ទេ ទាល់​តែ​ចូល​ឆ្នាំ​រួច មើល​កាសែត​សិន បាន​ដឹង!»

តាម​ទំនៀម​ទម្លាប់ ពិធី​ចូល​ឆ្នាំ​ខ្មែរ​ប្រព្រឹត្ត​ទៅ​ចំនួន​បី​ថ្ងៃ។ នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​មាន​រៀបចំ​កន្លែង​កម្សាន្ត​នៅ​តាម​ទីតាំង​មួយ​ចំនួន ដូច​ជា​នៅ​វត្ត​ភ្នំ និង​នៅ​សួន​សម្ដេច ហ៊ុន សែន ជាដើម។ យ៉ាង​ណា​ក៏​ដោយ ក៏​ពិធី​ចូល​ឆ្នាំ​ថ្មី​មិន​សូវ​សំបូរ​មនុស្ស​អ៊ូ​អរ​ដូច​ពិធី​បុណ្យ​អុំ​ទូក​ទេ ដោយ​អ្នក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ចេញ​កម្សាន្ត​នៅ​តាម​ស្រុក​កំណើត​របស់​ខ្លួន និង​តាម​រមណីយដ្ឋាន​នានា ហើយ​អ្នក​នៅ​តាម​តំបន់​ជនបទ​ស្រុក​ស្រែ​ចម្ការ​ក៏​មិន​សូវ​និយម​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។