អង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១ ខែធ្នូ បានប្រកាសថា ខ្លួននឹងបន្តបង្រ្កាប និងចាប់ខ្លួនជនសង្ស័យអំពើពុករលួយជាបន្តទៀតនៅថ្ងៃខាងមុខនៅគ្រប់ពេលវេលា និងមិនរើសមុខឡើយ បើសិនណាខ្លួនប្រមូលបានឯកសារ និងភស្តុតាងគ្រប់គ្រាន់ ដើម្បីចាត់វិធានការតាមច្បាប់។
ការប្រកាសនេះ គឺមិនយូរប៉ុន្មានក្រោយពីអង្គភាពនេះចាប់ខ្លួនជនសង្ស័យប្រព្រឹត្តអំពើពុករលួយចំនួន ៣នាក់នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅនេះ នៅក្នុងនោះមានព្រះរាជអាជ្ញាតុលាការខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ និងជនរួមគំនិតចំនួន ២នាក់ទៀត គឺឈ្មោះ ឃុន សុខណា និងឈ្មោះ យូ ហើយជនរួមគំនិតម្នាក់ទៀតឈ្មោះ អ៊ែល វណ្ណៈ បានរត់គេចខ្លួន។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថៃ្ងទី១ ខែធ្នូថា ៖ «យើងអាចសង្ស័យថា យូ នេះជាអ្នកទទួលយកស្ងាត់ៗ។ យូនេះមកប្រាប់ទៀតថា ឥឡូវឈប់ហើយ ឈប់យកលុយហ្នឹងហើយ ឥឡូវបែកការណ៍ហើយ ធ្វើបែបបទអ្នកឯក ២នាក់ បញ្ជូនទៅតុលាការវិញ»។
អង្គភាពនេះបានអះអាងថា បានប្រមូលភស្តុតាងបានគ្រប់គ្រាន់ហើយ ជុំវិញសំណុំរឿងមន្ត្រីពន្ធដារ បានយកពន្ធដារលើយានជំនិះលើសការកំណត់របស់រដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនកន្លងមកពីប្រជាពលរដ្ឋ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី១ ខែធ្នូ ថា ករណីអំពើពុករលួយរបស់ព្រះរាជអាជ្ញានៅខេត្តពោធិ៍សាត់ គឺជាអំពើធ្ងន់ធ្ងរក្នុងសង្គមកម្ពុជា។
ព្រះរាជអាជ្ញាលោក តុប ច័ន្ទសិរីវុធ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានចុះចាប់ខ្លួននៅក្នុងខេត្តពោធិ៍សាត់ កាលពីថៃ្ងទី២៩ ខែវិច្ឆិកា កន្លងទៅ ក្រោមបទចោទថា លោកបានប្រព្រឹត្តអំពើពុករលួយទឹកប្រាក់ចំនួន ៨.០០០ដុល្លារអាមេរិកពីអ្នកដឹកឈើខុសច្បាប់ និងបទចោទថា លោកបានជំរិតទារប្រាក់ និងបទចោទទៀតថា លោកបានបង្ខាំងមនុស្សខុសច្បាប់ គឺចោទប្រកាន់តាមច្បាប់ព្រហ្មទណ្ឌសម័យអន្តរកាលអ៊ុនតាក់ (UNTAC)។
ជនសង្ស័យ ២នាក់ទៀតជាអង្គរក្ស និងជាប្អូនថ្លៃ ត្រូវបានចាប់ខ្លួនជាមួយគ្នា ក្រោមបទចោទថា បានរួមគំនិតជាមួយគ្នាក្នុងការជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់នោះ។
តុលាការខេត្តពោធិ៍សាត់ បានចោទប្រកាន់ជាផ្លូវការហើយលើជនសង្ស័យទាំងនោះនៅពេលថ្មីៗនេះ ហើយបានឃុំខ្លួនជនសង្ស័យដើម្បីបន្តការស៊ើបអង្កេតបន្ថែមនៅមុនពេលបើកការកាត់ទោស។
ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ ដែលជាអង្គការក្រៅរដ្ឋាភិបាល លោកស្រី ម៉ម ស៊ីថា បានមានប្រសាសន៍ថា ការបង្ក្រាបកន្លងមកនេះ គឺជាសារខ្លាំងមួយ ៖ «សូមឲ្យទង្វើ សកម្មភាព មានប្រសិទ្ធភាព ចង់ឲ្យអង្វែង»។
សេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលមាន ៥៧មាត្រា និង ៩ជំពូក ត្រូវបានសភាជាតិ បានអនុម័តកាលពីខែមីនា ឆ្នាំ២០១០ កន្លងទៅនេះ ប៉ុន្តែបានរងការរិះគន់ជាច្រើនពីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនានាថា គ្មានតម្លាភាពក្នុងការប្រកាសទ្រព្យសម្បត្តិ៕